ប្រទេស​ម៉ាឡេស៊ី​ឈរ​ចំណាត់ថ្នាក់​ទី​១ ក្នុង ចំណោម​ប្រទេស​អាស៊ាន ជា​ប្រទេស​នាំចូល​អង្ករ​កម្ពុជា​

​ប្រទេស ម៉ា​ទ្បេ​ស៊ី​ត្រូវ បាន​កត់សម្គាល់​ថា ជា ប្រទេស ដែល ឈរ​នៅ​ចំណាត់ថ្នាក់​លេខ ១ ក្នុងការ​នាំចូល​អង្ករ​កម្ពុជា ក្នុង​ចំណោម​សមាជិក​អាស៊ាន​ទាំង​អស់ ដោយ​ក្នុង​ឆ្នាំ​២០២១​កន្លងទៅនេះ ម៉ា​ទ្បេ​ស៊ីបាន​នាំចូល​អង្ករក​ម្ពុ​ជា​សរុប​ចំនួន ៤៦ ១៨១ តោន ។

​នេះ​ជា​ការលើកឡើង​របស់​ឯក​ឧត្ដម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ដ្រី​ក្រសួង​ពាណិជ្ជកម្ម ក្នុង​ឱកាស​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម Dato’ Seri Mohamed Azmin Ali រដ្ឋមន្ដ្រី​ពាណិជ្ជកម្ម​អន្តរជាតិ និង​ឧស្សាហកម្ម នៃ​ប្រទេស​ម៉ាឡេស៊ី កាលពី​រសៀល​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០២២​។​

​ឯកឧត្តម ប៉ាន សូរ​ស័ក្តិ បាន​វាយតម្លៃ​ខ្ពស់​លើ​ទំនាក់ទំនង​ទ្វេភាគី​យ៉ាង​ជិតស្និទ្ធ​រវាង​ប្រទេស​ទាំង​ពីរ ជាពិសេស​ក្នុង​ឱកាស​នៃ​ការ​ប្រារព្វ​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៥ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​កម្ពុជា​-​ម៉ា​ទ្បេ​ស៊ី​ក្នុង​ឆ្នាំ​២០២២ ដែល​ជា​ព្រឹត្តិការណ៍​មួយ​ដ៏​មាន​សារៈសំខាន់​ក្នុង​ការបន្ត​ពង្រឹង និង​លើកកម្ពស់​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ​លើ​គ្រប់​វិស័យ រួម​ទាំង​វិស័យ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិយោគ ទាំង​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី និង​ពហុភាគី សម្រាប់​ផលប្រយោជន៍​ទៅវិញទៅមក​នៃ​ប្រទេស​ទាំង​ពីរ​។​

​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ក៏​បាន​លើកទឹកចិត្ត​ឱ្យ​ភាគី​ម៉ា​ទ្បេ​ស៊ី បន្ត​ជំរុញ​និង​បង្កើន​វិនិយោគិន​ម៉ាឡេស៊ី​មក​កម្ពុជា​បន្ថែម​ទៀត ព្រមទាំង​បង្កើន​ការនាំ​ចូល​កសិផល​សក្តា​នុព​លពី​កម្ពុជា ជាពិសេស អង្ករ​កម្ពុជា ក៏ដូចជា​ផ្តល់​ការបណ្តុះបណ្តាល​បច្ចេកទេស​ផលិតកម្ម​ម្ហូបអាហារ​ហា​ឡាល់ ដើម្បី​ផ្គត់ផ្គង់​ក្នុងស្រុក និង​ធ្វើ​ការនាំចេញ​។​

​ជា​ការឆ្លើយតប ឯកឧត្តម​ទេសរដ្ឋមន្ដ្រី Dato’ Seri Mohamed Azmin Ali បាន​ចូលរួម​អបអរសាទរ​នូវ​ការ​រម្លឹក​ខួប​លើក​ទី​៦៥​នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​នៃ​ប្រទេស​ទាំង​ពីរ ហើយ​ប្តេជ្ញា​បន្ត​ពង្រឹង​ចំណងមិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ជា​ពិសេស​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិយោគ​។​

​ឯកឧត្តម​បន្តថា កម្ពុជា​នៅតែ​ជា​ដៃគូ​ពាណិជ្ជកម្ម​យ៉ាងសំខាន់ និង​ជា​ទីតាំង​យុទ្ធសាស្ត្រ​សម្រាប់​ម៉ា​ទ្បេ​ស៊ី ក្នុង​ខ្សែ​ច្រវាក់​ផ្តត់ផ្គង់​តំបន់ ហើយ​នឹង​បន្ត​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី និង​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ ទាំង​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី និង​អាស៊ាន​។​

​ជាមួយគ្នានេះ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ម៉ាឡេស៊ី ក៏​បាន​យកចិត្តទុកដាក់​លើ​សំណើ​របស់​កម្ពុជា ក្នុង​ការពិនិត្យ​លទ្ធភាព​រៀបចំ​អនុស្សរណៈ​យោគយល់​គ្នារ​លើ​ការជំរុញ​និង​បង្កើន​ការនាំ​ចូល​អង្ករ​កម្ពុជា និង​ផលិតផល​កសិកម្ម​សំខាន់ៗ​ផ្សេងទៀត​៕