សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ផ្លូវជាតិ​លេខ​៥១

នៅ​ព្រឹក​ថ្ងៃ​សុក្រ ៨​រោច ខែ​ផល្គុន ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង ថ្ងៃទី​២៥ ខែ​មីនា ឆ្នាំ​២០២២​នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា រួម​ជាមួយ​ឯកឧត្តម ទីប្រឹក្សា​ស្ថានទូត​ចិន​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​សម្ភោ​ធ​ដាក់ឱ្យ​ប្រើប្រាស់​ផ្លូវជាតិ​លេខ​៥១​។

​ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានអោយដឹង​ថា​គម្រោង​សាងសង់​ផ្លូវ​ជាតិ​លេខ​៥១ នេះ​មាន​ប្រវែង​សរុប​ជិត ៣៨​គីឡូម៉ែត្រ ចាប់ផ្តើម​ពី​ឧដុង្គ (​ចំណុចប្រសព្វ​ផ្លូវជាតិ​លេខ​៥) ទៅដល់​ថ្នល់ទទឹង (​ចំណុចប្រសព្វ​ផ្លូវជាតិ​លេខ​៤) បាន​ស្ថាបនា​ដោយ​ក្រាល​បេតុង​កៅស៊ូ AC កម្រាស់ ៩​សង់ទីម៉ែត្រ ទទឹង​តួ​ផ្លូវ​សរុប ១២​ម៉ែត្រ ផ្លូវ​សម្រាប់​រថយន្ត​ធ្វើ​ចរាចរណ៍​មាន ២​គន្លង (១​គន្លង​ទៅ ១​គន្លង​មក​) គន្លង​នីមួយៗ​មាន​ទទឹង ៣.៧៥​ម៉ែត្រ និង​ផ្លូវ​សម្រាប់​ទោចក្រយានយន្ត​មាន ២​គន្លង (១​គន្លង​ទៅ ១​គន្លង​មក​) គន្លង​នីមួយៗ​មាន​ទទឹង ១.៧៥​ម៉ែត្រ និង​ចិញ្ចើមផ្លូវ​សងខាង​ក្រាល​ក្រួស​ក្រហម​ប្រវែង ០.៥០​ម៉ែត្រ​។

​គម្រោង​នេះ អនុវត្ដ​ការសាងសង់​ដោយ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន​(CRBC) និង​ត្រួតពិនិត្យ​បច្ចេកទេស​ដោយ​ក្រុមហ៊ុន​ទីប្រឹក្សា​បច្ចេកទេស​ក្វាង​ចូ​វ​វ៉ាន​អាន បាន​ប្រើប្រាស់​រយៈពេល​សាងសង់​ចំនួន ២៧​ខែ គិត​ចាប់ពី​ខែមិថុនា ឆ្នាំ​២០១៧ ដល់​ខែ​សីហា ឆ្នាំ​២០១៩ បាន​ចំណាយ​ថវិកា​សរុប​ជិត ៤១​លាន​ដុល្លារ​អាមេរិក ដែល​ជា​ហិរញ្ញប្បទាន​សម្បទាន​ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន រួមជាមួយ​នឹង​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា សម្រាប់​ការដោះស្រាយ​ផលប៉ះពាល់ ការ​បោសសម្អាត​គ្រាប់មីន យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ និង​ពន្ធអាករ​ផ្សេងៗ​។

​ឯកឧត្តម​តំណាង​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​ន​បាន​អបអរសាទរ​ចំពោះ​សមិទ្ធផល​ផ្លូវជាតិ​លេខ​៥១ នេះ ដែល​បាន​ស្ថាបនា​កសាង​រួចរាល់​ជា​ស្ថាពរ ជា​សមិទ្ធផល​ដែល​កើតឡើង​តាមរយ​:​ចំណង​មិត្តភាព​កម្ពុជា​-​ចិន​ក្នុង​ចំណោម​សមិទ្ធផល​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​ទៀត​។ ឯកឧត្តម​សង្ឃឹមថា តាមរយៈ​ផ្លូវ​នេះ នឹង​រួមចំណែក​យ៉ាងសំខាន់​ក្នុង​ការសម្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ ជាពិសេស​ត​ភ្ជាប់​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ និង​ដើរ​តួនាទី​យ៉ាងសំខាន់​ក្នុងការ​លើកកម្ពស់​វិស័យ​ដឹកជញ្ជូន និង​ឧស្សាហកម្ម​។

​សម្តេច​តេជោ ហ៊ុន សែន បាន​សម្តែង​នូវ​សេចក្តី​រីករាយ​ដែល​បាន​មក​សម្ពោធ​សមិទ្ធផល​ផ្លូវជាតិ​លេខ​៥១ ដែល​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៤ ទៅ​ផ្លូវ​ជាតិ​លេខ​៥​នា​ពេល​ថ្ងៃ​នេះ​។ សម្តេច​តេ​ជោបាន​មានប្រ​សាសន៍ថា ផ្លូវជាតិ​លេខ​៥១ នេះ គឺជា​ផ្លូវ​ខ្សែក្រវាត់​ភ្នំពេញ​មួយ ដែល​បាន​ជួយ​សម្រួល​ការធ្វើដំណើរ ជា​ពិសេស​អ្នក​ដែល​រស់នៅ​ដូចជា ខេត្ត​បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង ជាដើម ដែល​មាន​បំណង​ចង់ទៅ​ខេត្ត​តំបន់​មាត់សមុទ្រ គឺ​មិន​ចាំបាច់​ឆ្លងកាត់​រាជធានី​ភ្នំពេញ​ទេ គឺ​អាច​ធ្វើ​ដំណើរ​កាត់​តាម​ផ្លូវជាតិ​លេខ​៥១​នេះ​។ ផ្លូវ​នេះ គឺជា​ផ្លូវ​យុទ្ធសាស្ត្រ​មួយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​នាពេល​បច្ចុប្បន្ន ក្នុងការ​ត​ភ្ជាប់​ទៅ​កាន់​សមុទ្រ​កម្ពុជា​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា សមិទ្ធផល​ជាតិ​របស់​កម្ពុជា កើតចេញពី​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការបិទ​បញ្ចប់​ភ្លើងសង្គ្រាម និង​ការ​រក​សុខ​សន្តិភាព​ជូន​ជាតិ​មាតុភូមិ​។ សម្តេច​តេជោ​បាន​បន្ថែម​ទៀតថា ទោះបី​ក្នុង​លក្ខខណ្ឌ​ណាក៏ដោយ គឺ​ត្រូវ​រួម​គ្នា​រក្សា​ឱ្យបាន​នូវ​សុខសន្តិភាព​។

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ទៀត​ថា បច្ចុប្បន្ននេះ​កិច្ចសហប្រតិបត្តិកា​រវាង​កម្ពុជា និង​ចិន កំពុង​ផ្តល់​ផ្លែផ្កា​ជាច្រើន​ទាំង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ការធ្វើ​ពាណិជ្ជកម្ម និង​ការវិនិយោគ​។ ជំងឺ​កូវី​ដ​-១៩ មិនអាច​រារាំង​ដំណើរការ​អភិវឌ្ឍ​របស់​កម្ពុជា​នោះ​ឡើយ ក្នុងនោះ​គម្រោង​នានា​របស់​ចិន ក៏​មិន​មាន​ការ​ផ្អាក​សកម្មភាព​នោះដែរ​។​

​ជាថ្មី​ម្តងទៀត សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​ក៏​បាន​ប្រកាសថា ឆ្នាំ​នេះ​កម្ពុជា​នឹង​រៀបចំ​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ហើយ​សម្ដេច​តេជោ​បានបញ្ជាក់​ផងដែរ​ថា ឆ្នាំនេះ សម្តេច និង​ក្រុម​គ្រួសារ​សម្តេច នឹង​ទៅ​កំសាន្ត​រយៈពេល​០៣​ថ្ងៃ នៅ​ទឹកដី​នៃ​ខេត្ត​ព្រះសីហនុ​។ សម្ដេច​តេជោ​សង្ឃឹមថាបង​ប្អូនប្រជា​ពលរដ្ឋ​កម្ពុជា​នឹង​ទទួលបាន​នូវ​ភាពសប្បាយ​រីករាយ ប្រកបដោយ​សុវត្ថិភាព ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​នា​ពេលខាងមុខ​នេះ​។

​មុន​នឹង​បញ្ចប់ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​ក៏​បាន​អបអ​សាទរ​ចំពោះ​សមិទ្ធផល​ផ្លូវជាតិ​លេខ​៥១ ដែល​ត្រូវ​សម្ភោ​ធ​ដាក់ឲ្យ​ប្រើប្រាស់​នៅពេលនេះ និង​ជូនពរ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ជួបប្រទះ​តែ​សេចក្តីសុខ សេចក្តីចម្រើន​គ្រប់ៗ​គ្នា និង​បាន​ប្រកាស​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ផ្លូវជាតិលេខ​៥១ ពី​តំបន់​ថ្នល់ទទឹង​ផ្លូវជាតិ​លេខ​៤ ទៅ​កាន់​តំបន់​ឧត្តុង​ផ្លូវជាតិលេខ​៥ ចាប់ពី​ពេលនេះ​តទៅ​៕​