ផ្នែក​ខ្លះ​នៃ​តំបន់​ខេត្ដ​សៀមរាប ចាប់ផ្ដើម​តុបតែង​លម្អ​នៅតាម​ដងផ្លូវ​មួយចំនួន និង​ដងស្ទឹង​សៀមរាប ដើម្បី​ត្រៀម​អបអរ​ពិធី​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ខ្មែរ ខាងមុខ

ខេត្តសៀមរាប​: អាជ្ញាធរ​ខេត្ដ​សៀមរាប បាន​លើកឡើង​ថា រដ្ឋបាល​ខេត្ដ​សៀមរាប បាន​សហការ​ជាមួយ​សស​យក​ខេត្ដ បាន​ចាប់ផ្ដើម​រៀបចំ​តុបតែង ធ្វើ​ពី​ធី​សង្ក្រាន្ដ​សៀមរាប ដោយ​មាន​ការរៀបចំ​តុបតែង​ភ្លើងពណ៌​ផ្កា​ភ្ញី​តាម​ដងស្ទឹង​សៀមរាប និង​តាម​ដងផ្លូវ​មួយចំនួន ក្នុង​ក្រុង ដើម្បី​បង្កើត​កន្លែង​កំសាន្ត​សប្បាយៗ​ក្នុង​ពិធី​ចូលឆ្នាំថ្មី ប្រពៃណី​ខ្មែរ​ខាងមុខ​នេះ​ហើយ ។​

​ឯកឧត្ដម ទៀ សីហា អភិបាល​ខេត្ដ​សៀមរាប មានប្រសាសន៍ថា ពិធី​សង្ក្រាន្ត​សៀមរាប ក្នុង​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ខាងមុខនេះ មាន​រៀបចំ​ជា​សង្ក្រាន្ដ​សៀមរាប មាន​ពី​កន្លែង ទី​១ ធ្វើឡើង​នៅក្នុង​ក្រុង​សៀមរាប និង​ទី​២ នៅ​តំបន់​ប្រាសាទបុរាណ​គឺ​ប្រាសាទចៅសាយទេវតា ឯកឧត្តម ក្នុងឱកាស​ចុះ​ពិនិត្យ​ផ្លូវ​ក្នុង​ក្រុង​សៀមរាប​។

​កម្មវិធី​នៅ​កណ្ដាល​ក្រុង​សៀមរាប គឺ​មាន​រៀបចំ​កម្មវិធី​ជិះទូក​កម្សាន្ត ពិព័រណ៍​ម្ហូបអាហារ ផ្សារ​បណ្តែត​ទឹក តន្ត្រី​ស្គរ​ដៃ ការសម្តែង​សិល្ប​: នៅលើ​ផែ​ទឹក និង​ការប្រគុំ​តន្ត្រី​ខ្នាត​យក្ស​ពីរ​កន្លែង​ផងដែរ​។

​ដោយឡែក​កម្មវិធី​នៅ​ប្រាសាទចៅសាយទេវតា និង​ប្រាសាទ​ធម្មា​នុ​ន្ន ស្ថិតនៅតាម​បណ្ដោយ​វង្ស​ធំ​នៃ​ក្រុង​អង្គរ​ធំ ដែល​មាន​កម្មវិធី​កំសាន្ដ​បែប​បុរាណ រួមមាន ពិធី​បួងសួង​សុំ សេចក្តីសុខ ពិធី​ទទួល​ទេវតា​ឆ្នាំ​ថ្មី ពិធី​ពួន​ភ្នំ​ខ្សាច់ និង​រួម​មាន​ការរៀបចំ ជា​ភូមិ​ខ្ញុំ មាន​លេងល្បែង​ប្រជា​ប្រី​យ៍ និង​ការសម្តែង​ល្ខោនបាសាក់ ដែល​នឹង​ប្រព្រឹត្តទៅ ចាប់ពី​ថ្ងៃ​ទី​១២ -១៦ ខែ​មេសា ឆ្នាំ​២០២២​ខាងមុខនេះ​។

​ពិធី​ភូមិ​សង្ក្រាន្ត នៅក្នុង​តំបន់​ប្រាសាទចៅសាយទេវតា ប្រាសាទ​ធ​ម្មន​ន្ន​នេះ តម្រូវ​ឱ្យ​អ្នកចូលរួម​កំសាន្ដ ស្លៀក​សំលៀកបំពាក់​ប្រពៃណី​ខ្មែរ ដូចជា​ហូល ផាមួង អាវ​ប៉ាក់ ខោ​ចែវ ជាដើម ដើម្បី​នាំ​គ្នា​លើក​តម្លៃ​វប្បធម៌​ប្រពៃណី​ជាតិខ្មែរ​។ ការ​ស្លៀកពាក់​បុរាណ​នេះ កូន​ខ្មែរ នឹង​នឹកឃើញ​ដល់​ប្រវត្ដិសាស្ដ្រ​វប្បធម៌​ខ្មែរ​នា​សម័យអង្គរ​។​តាម​ការកត់សំគាល់ នៅ​ខេត្ដ​សៀមរាប ក្រុម​ប្រតិ​ប​ត្ដិករ​ទេសចរ​បាន​ចាប់ផ្ដើម​បើក​ដំណើរការ​នូវ​សេវា​សណ្ឋាគារ ផ្ទះសំណាក់​ជា​បណ្ដើរៗ​ហើយ សម្រាប់​ទទួលផ្ញៀវ​ទេសច​រ​ឆ្នាំ​ថ្មី​នេះ ។​

​ឯកឧត្តម ទៀ សីហា បានបញ្ជាក់​ថា ពិធី​ចូលឆ្នាំថ្មី​នា​ឆ្នាំ​នេះ ស្របពេល​ដែល​ខេត្ដ​សៀមរាប មាន​ផ្លូវថ្នល់​យ៉ាង​ស្រស់ស្អាត មាន​ទាំង​ផ្លូវ​ថ្មើរជើង ផ្លូង​កង់ ផ្លូវ​ជនពិការ​ផងដែរ ដែល​ងាយស្រួល​ក្នុង​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ ឬ​អ្នកទេសចរ​។​

​ជាមួយគ្នា​នោះ ពិធី​បុណ្យ​ចូល​ថ្មី​ឆ្នាំ​២០២២​នេះ ស្របពេល​ដែល​ស្ថានភាព នៃ​ការរីក​រាលដាល នៃ​ជំងឺ​កូវី​ដ​-១៩ មាន​សភាព​ស្ងប់​ស្កាត់ រាជរដ្ឋាភិបាល​កម្ពុជា ក៏​បាន​បើក​ប្រទេស​ឡើងវិញ ដើម្បី​ធ្វើឱ្យ​កំណើន​សេដ្ឋកិច្ចជាតិ សេដ្ឋកិច្ច​គ្រួសារ​នៅ​មូលដ្ឋាន​៕