ពិធី​សម្ភោ​ធ​ជា​ផ្លូវការ​នូវ​ស្តូប​មិត្តភាព​កម្ពុជា​-​វៀតណាម ស្ថិត​ក្នុង​ក្រុង​ស្ទឹងត្រែង

ខេត្ត​ស្ទឹងត្រែង​: នៅ​ព្រឹក​ថ្ងៃ​ចន្ទ ១​រោច ខែ​ពិសាខ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​២៥៦៦ ត្រូវ​នឹង​ថ្ងៃទី ១៦ ខែ​ឧសភា ឆ្នាំ​២០២២ នេះ​ឯកឧត្តម ឈាង ឡាក់ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម ស្វាយ សំ​អ៊ាង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ស្ទឹងត្រែង បាន​អញ្ជើញ​ជា​គណៈអធិបតី​ក្នុង​ពិធី​សម្ភោ​ធ​ជា​ផ្លូវការ​នូវ​ស្តូប​មិត្តភាព​កម្ពុជា​-​វៀតណាម ស្ថិត​ក្នុង​ក្រុង​ស្ទឹងត្រែង ខេត្ត​ស្ទឹងត្រែង​។​

​ស្តូប​មិត្តភាព​កម្ពុជា​-​វៀតណាម “​តូ​វ​បាន​សាងសង់ឡើង​ដើម្បី​ជា​សក្ខីភាព​នៃ​ការដឹងគុណ និង​ការចងចាំ ចំពោះ​ពលិកម្ម​របស់​ប្រជាជន​កម្ពុជា ដើម្បី​បុព្វហេតុ​នៃ​ការបង្រួបបង្រួម និង​ឯកភាព​ទឹកដី​វៀតណាម​ក្នុង​អំឡុង​ទសវត្សរ៍​៦០-៧០ និង​ជា​សក្ខីភាព​នៃ​ការ ដឹងគុណ និង​ការចងចាំ​ចំពោះ​ពលិកម្ម​របស់​កងទ័ព និង​ប្រជាជន​វៀតណាម ដើម្បី​បុព្វហេតុ​រំដោះ​ប្រជាជន​កម្ពុជា ចេញពី​របប​ប្រល័យ​ពូជសាសន៍ កម្ពុជា​ប្រជាធិបតេយ្យ នៅ​ទសវត្សរ៍​៧០-៨០”​។​

​ពិធី​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ ឯកឧត្តម លោកជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត លោកនាយក​រដ្ឋបាល​សាលាខេត្ត លោក លោកស្រី​ប្រធាន មន្ទីរ​អង្គភាព​មួយចំនួន​ចូលរួម​ផងដែរ​៕