យុវជន​ដែល​ជិះ​កង់​ដង្ហែ​ក្បួន​ឃោសនាបោះឆ្នោត ទទួល​បាន​ម៉ូតូ​មួយគ្រឿង និង​ថវិកា​ចំនួន​200$ ពី​ក្មួយ​ស្រី​សម្តេច​តេជោ​

យុវជន​ម្នាក់​ដែល​ជិះ​កង់​ចូលរួម​ដង្ហែ​ក្បួន​ឃោសនាបោះឆ្នោត​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​មាន​ការចាប់​អារម្មណ៍​ពី​មហាជន ត្រូវបាន​លោក​ស្រី ហ៊ុន ចាន់ថុល កូនស្រី​លោក ហ៊ុន សាន និង​ជា​ក្មួយ​ស្រី​បង្កើត​របស់​សម្តេច​តេជោ ហ៊ុន សែន ឧបត្ថម្ភ​ម៉ូតូ​ម៉ាក Scopy ១​គ្រឿង និង​ថវិកា​ចំនួន​២០០​ដុល្លារ នៅ​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០២២​នេះ​។​

​សូមបញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃទី​២៤ ខែ​ឧសភា ព្រិក​មិញ​នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្ដែង​ការពេញចិត្ត​ជាខ្លាំង​នូវ​រូបភាព​របស់​យុវជន​ម្នាក់​ដែល​ចូលរួម​ដង្ហែ​ក្បួន​ឃោសនា​បោះឆ្នោត​ពោរពេញ​ដោយ​ស្នាមញញឹម តែ​មិន​មាន​យានជំនិះ​ល្អ​ដូច​គេ​។​

​បើ​តាម​ហ្វេ​សប៊ុក​ផេ​ក​ផ្លូវកា​ររបស់​សម្ដេច​តេជោ ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃទី​២៤ ខែ​ឧសភា បានលើកឡើង ថា កូនប្រុស ទោះ​កូន​ក្រ​ទ្រព្យសម្បត្តិ​តែ​ទឹកចិត្ត​កូន​មិន​ក្រ​ទេ​។ ទឹកមុខ​កូន​ពោរពេញ​ដោយ​ស្នាមញញឹម​បង្ហាញថា​គណបក្ស​ប្រជាជន ជា​របស់​ប្រជាជន ហើយក៏​ជា​របស់​កូន​ដែរ​ដែល​កូន​ត្រូវ​ចូលរួម​ការពារ​ដើម្បី​បុព្វហេតុ​សន្តិភាព​និង​ការអភិវឌ្ឍ​។​

​សូមជម្រាបថា រូបភាព​យុវជន​ដែល​ជិះ​កង់​និង​មាន​ចង​ថង់​ប្រអប់​បាយ​ជាមួយនេះ កំពុង​មាន​ការចាប់អារម្មណ៍​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក ខណៈ​ដែល​យុវជន​រូបនោះ​បាន​ចូលរួម​ដង្ហែ​ក្បួន​ឃោសនា​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ សង្កាត់ កាលពី​ថ្ងៃ​ទី​២១ ខែ​ឧសភា កន្លងទៅ ដោយ​ស្នាមញញឹម​ទោះបី​ខ្លួន​គ្មាន​យានជំនិះ​ល្អ​ដូច​គេ​ក៏​ដោយ​។ នេះ​បង្ហាញ​ពី​ការគោរព​ស្រលាញ់ និង​ជឿជាក់​ទៅលើ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ដឹកនាំ​ដោយ​សម្ដេច​តេជោ ហ៊ុន សែន បាន​ធ្វើឲ្យ​ប្រទេស​កម្ពុជា មាន​សន្តិភាព និង​ការអភិវឌ្ឍ​ទៅ​មុខ​ជា​រៀងរហូត​៕​