មន្ត្រី​ជំនាញ​សុខាភិបាល​​ខេត្ត​រតនគិរី បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវី​ដ​,១៩ ដូសទី​៥ ជូន​ដល់​មន្ដ្រីរាជការ​ក្នុង​ក្រុង​បាន​លុង​

ខេត្ត​រតនគិរី​: មន្ត្រី​សុខាភិបាល​ខេត្ត​រតនគិរី ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​បង្ការ​ការពារ​ជំងឺ​កូវី​ដ​,១៩ (​ប្រភេទ ភី​ហ្វាយ​ស័រ ដូសទី​៥) ជូន​ដល់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ នៅ​ទូ​ទាំ​ខេត្តរតនគិរី​។​

​យោងតាម​សេចក្តីជូនដំណឹង របស់​រដ្ឋបាល​ខេត្តរ​តន​គិរី បាន​ជូនដំណឹង​ដល់ មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ​ទាំងបីរ ដែល​រស់នៅ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​រតនគិរី ដើម្បី​អោយ​សមត្ថកិច្ច និង​ថ្នាក់ដឹកនាំ​ទៅ​ចាក់​វ៉ាក់សាំង​បង្កា​ជំងឺ​កូ​វិដ​,១៩ ដូសទី​៥ បន្ទាប់​ពី​ចាក់​ដូសទី​៤ រយៈពេល​៣​រួចមក​។​

​ពាក់ព័ន្ធ​ការចាក់​វ៉ាក់សាំង​នេះ នឹង​ចាប់ផ្តើម​ចាប់ពី​ថ្ងៃ​ទី​០៩ ខែមិថុនា ឆ្នាំ​២០២២ នៅ​ទីតាំង​ចាក់​សាល​មហោស្រព​រតនៈ​ក្នុង​បរិវេណ​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្ត​រតនគិរី​។

​សម្រាប់​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​កងកម្លាំង​ទាំង​បី​នៅ​តាម​ស្រុក​ទាំង​៨ គឺ​ត្រូវ​បាន​ទទួល​ចាក់​ថ្នាំ​ការពារ​ជំងឺ​កូវី​ដ​, នៅ​មណ្ឌល​សុខភាព​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​។​

​សូម​រំលឹក​ថា ដោយ​មាន​ការ​យកចិត្ដទុកដាក់​ពី​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី បាន​ឱ្យ​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដូសទី​៥ ឬ​ដូ​សជ​ម្រុញ ដល់​ក្រុម​កម្លាំង​ដែល​កំពុង​អនុវត្ដ​ន៍​ការងារ​នៅ​ជួរមុខ ដោយ​ចាប់​អនុវត្ដ​ន៍ ពី​ថ្ងៃ​ទី​៩​ខែ​មិថុនា​នេះ​តែម្តង​។

​ក្រុម​ជួរមុខ​ដែល​បាន​ទទួល​បាន​វ៉ាក់សាំង​ដូសទី​៥ ឬ​ដូ​សជ​ម្រុញ​មុនគេ​នេះ រួមមាន​ក្រុម​គ្រូពេទ្យ កងកម្លាំងប្រដាប់អាវុធ​យោធា ប៉ូលីស រួម​ទាំង​រដ្ឋ និង​ឯកជន អ្នកសារព័ត៌មាន សិល្បៈករ សិល្បៈការ​នី ក្រុម​អ្នក​មាន​ប្រព័ន្ធ​ការពារ​ខ្សោយ​ឬ​មនុស្ស​វ័យ​៦០​ឆ្នាំ ។

​លើសពីនេះ សម្ដេច​តេជោ​ក៏បានអនុញ្ញាត​ឱ្យ​ជន​បរទេស ដែល​ស្នាក់នៅ​ប្រទេស​កម្ពុជា ពិសេស​បុគ្គលិក​អង្គការ​ជាតិ​អង្គ​ការន្ដរ​ជាតិ បុគ្គលិក​ស្ថានទូត និង​ដៃគូរ​ជាច្រើន​ទៀត​ផង​ដែរ​៕