សមត្ថកិច្ច​ចុះ​បង្ក្រាប​ទីតាំង​ល្បែងភ្នាល់​លុយ​បុក​ប៊ីយែរ​នឹង​ល្បែង​ផ្សេងទៀត ដែល​បើក​ឲ្យ​សិស្សសាលា​ចូល​លេង​ភ្លេច​រៀនសូត្រ​

​ភ្នំពេញ​៖ យោង​តាមផេក​ផ្លូវកា​ររបស់​ស្នងការដ្ឋាន នគរបាល ខេត្ត​កណ្តាល បាន​បញ្ជាក់​ឲ្យដឹងថា ដោយ​មាន​ការឆ្លើយ តប ទៅ​នឹង​ប្រជាពលរដ្ឋ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​រាយការណ៍​ក្នុង​ប្រអប់​សារផេក​ស្នងការដ្ឋាន​នគរបា​ល​ខេត្ត​កណ្ដាល​មាន​ខ្លឹមសារ​ថា ៖ « នៅ​ភូមិ​កណ្តាល​ក្រោម ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខ្ញុំ​ឃើញ​មាន​តាប ប៊ីយែរ​មួយកន្លែង​បង្ក​ឱ្យ​ប៉ះពាល់​ដល់​គោលនយោបាយ ភូមិ – ឃុំ – សង្កាត់ មាន​សុវត្ថិភាព​របស់​រាជរដ្ឋាភិបាល ។

​អាស្រ័យ​ដូចនេះ សូម​ថ្នាក់លើ​ជួយ​មើល​កូនចៅ​ផង ដើរល្បាត​រហូត​តែ​មើលមិនឃើញ ។ ខ្ញុំ​អាណិត​ក្មេងៗ​មួយ ចំនួន​នៅ​ក្បែរ​ហ្នឹង មិន​គិត​ខំ​រៀនសូត្រ​គិតតែ​បុក​ប៊ីយែរ អនាគត​ទៅជា​យ៉ាងណា​? ខ្ញុំ​មិន​បន្ទោស​អាជ្ញាធរ​ទាំងស្រុង​នោះទេ អាណាព្យាបាល ឬ​ឪពុកម្តាយ​តំបន់​នោះ​ក៏​មិនសូវ​ខ្វល់​ពី​កូនចៅ​ទេ ។ ឆ្នោត​បៀ​របុក​ប៊ីយែ​រ ជល់​មាន់ មាន សព្វ​គ្រប់​ភូមិ​នេះ​» ។

​ក្រោយពី​ទទួលបាន​ព័ត៌មាន​នេះ​ភ្លាម លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល​បាន​បញ្ជា ឱ្យ​លោក​អធិការនគរបាល​ស្រុក​កៀនស្វាយ​ស្រាវជ្រាវ​ករណី​ខាងលើ ។

​ជា​លទ្ធផល នៅ​ថ្ងៃ​សៅរ៍ ១១ រោច ខែ​ជេស្ឋ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​២៥៦៦ ត្រូវ​នឹង​ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២២ វេលា​ម៉ោង​០៨​និង ៣៥ នាទី លោក​អធិការ​បាន​បញ្ជា​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​បន្ទាយដែក ចុះ ទៅដល់​ទីតាំង​ផ្ទះ​ឈ្មោះ វ៉ាន់ សុ​កាយ ភេទ​ស្រី​អាយុ​៣៩​ឆ្នាំ​រស់នៅ​ភូមិ​កណ្តាល​ក្រោម ឃុំ បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល ពិតជា​មាន​តាប​បុក​ប៊ីយែរ​ប្រាកដ​មែន​តែ​ពុំ​មាន​ការ​លេងល្បែង ស៊ីសង ឆ្នោត បៀ​រ និង ជល់ មាន់ នោះឡើយ ។

​ចំពោះ ម្ចាស់​ទីតាំង​ខាង​លើ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​បន្ទាយ​ដែក​បាន​ធ្វើការ​អប់រំ​ណែនាំ​និង​ធ្វើ​កិច្ចសន្យា​ហាម​ដាច់ខាត​មិន​អោយ​សិស្សសាលា និង​ក្មេងៗ​ចូល​លេង​បុក​ប៊ីយែរ​រួមទាំង​ផ្តល់​ទីតាំង​លេងល្បែង ស៊ីសង ខុសច្បាប់ គ្រប់ ប្រភេទ ចាប់ពី ថ្ងៃនេះ​តទៅ ៕​