ក្រសួង​ការងារ​អនុញ្ញាត​ឲ្យ​កម្មករ និយោជិត​សម្រាក ៣​ថ្ងៃ​ដើម្បី​ចូលរួម​ពិធីបុណ្យ​ភ្ជុំ​បិណ្ឌ​

ភ្នំពេញ​៖ ក្រសួង​ការងារ នៃ​ប្រទេស​កម្ពុជា បានអនុញ្ញាត​ឱ្យ​កម្មករ​និយោជិត​ឈប់សម្រាក​៣​ថ្ងៃ​គឺ​ថ្ងៃទី​២៤-២៦ កញ្ញា ដោយ​មាន​ប្រាក់​ឈ្នួល ដើម្បី​ចូលរួម​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណីជាតិ ។​

​លោក អ៊ិត សំហេង រដ្ឋមន្ដ្រីក្រសួង​ការងារ និង​បណ្ដុះ បណ្ដាល​វិជ្ជាជីវៈ បានឲ្យ​ដឹង​នៅ​ក្នុង​សេចក្ដីជូនដំណឹ​ង​មួយ​កាលពី​ថ្ងៃ​ទី​៧ កញ្ញា ម្សិលមិញ​ថា «​សូម លោក លោកស្រី ជា​ម្ចាស់ ឬ​នាយក​រោងចក្រ សហគ្រាស​អនុញ្ញាតឱ្យ​កម្មករ​និយោជិត​ទាំងអស់​របស់​ខ្លួន ឈប់ សម្រាក​ដោយ​មាន​ប្រាក់​ឈ្នួល នា​ឱកាស​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខនេះ ក្នុង​រយៈពេល​៣​ថ្ងៃ គឺ​ថ្ងៃ​ទី​២៤-២៥ និង​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០២២»​។​

​លោក​ថា ចំពោះ​រោងចក្រ សហគ្រាស​ទាំងឡាយណា ដែល​កម្មវត្ថុ​អាជីវកម្ម មាន​ចរិត​លក្ខណៈ​សកល ត្រូវ​ប្រព្រឹត្តទៅ​ជា​ប្រចាំ និង​មិន​អាច បញ្ឈប់​សកម្មភាព​បាន ហើយ​ការឈប់ សម្រាក​បុណ្យ នៃ​កម្មករ​និយោជិត​ទាំងអស់​ព្រម​គ្នា ក្នុងពេល​តែមួយ​នាំឱ្យ ខូច​ប្រយោជន៍​ដល់​សាធារណជន ឬ​ក៏​ធ្វើឱ្យ​ខូច​ដំណើរ ការ​របស់​រោងចក្រ សហគ្រាស នោះ ម្ចាស់ ឬ​នាយក​រោងចក្រ សហគ្រាស​ត្រូវ​រៀបចំ បែងចែក​ឱ្យ​កម្មករ និយោជិត​បាន​ឈប់ សម្រាក​ទៅតាម​ថ្ងៃបុណ្យ នី​មួយៗ​ដោយ​ផ្លាស់​វេន​គ្នា​។​

​លើ​បញ្ហា​នេះ កម្មករ​និយោជិត ដែល​ធ្វើការ​ថ្ងៃ​ឈប់​បុណ្យ​ភ្ជុំបិណ្ឌ​នេះ មាន​សិទ្ធិ​ទទួលបាន​ប្រាក់ បំណាច់​បន្ថែម ដែល​មាន​ចំនួន​ស្មើ នឹង​ប្រាក់​ឈ្នួល​ថ្ងៃ ធ្វើការ​ធម្មតា ៕