​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង ឯកឧត្តម កើត ឆែ អញ្ជើញ​បញ្ចុះ​បឋមសិលា​សាងសង់​អគារ​មូលដ្ឋាន កងរាជអាវុធហត្ថ​ខណ្ឌ​កំបូល

នា​ព្រឹក ថ្ងៃទី​១៥ ខែ​កញ្ញា ឆ្នាំ​២០២២ នេះ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង ឯកឧត្តម កើត ឆែ អភិបាលរង រាជធានី​ភ្នំពេញ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បញ្ចុះ​បឋមសិលា​បើក​ការដ្ឋាន​សាងសង់​អគារ​មូលដ្ឋាន កងរាជអាវុធហត្ថ​ខណ្ឌ​កំបូល ដែល​មាន​កម្ពស់​៣​ជាន់ មាន​ទទឹង​១៥,៥​ម៉ែត្រ និង​បណ្តោយ ១៧,១​ម៉ែត្រ ដែល​មាន​ទីតាំង ស្ថិត​ក្នុង​បុរី​សង្ឃឹម​ថ្មី ភូមិ​តា​នូ​ន សង្កាត់​កំបូល ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​។ ពិធី​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី លោក​អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ​កំបូល លោក​មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការ​រង ប្រធាន​-​អនុប្រធាន​មន្ទីរ នាយការិយាល័យ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ លោក​មេបញ្ជាការ មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ និង​សមាជិក​អាវុធហត្ថ ជាច្រើនរូប​ទៀត​។

​លោក​វរសេនីយ៍ត្រី ឈៀង ចាន់ថុល មេបញ្ជាការ​មូលដ្ឋាន កងរាជអាវុធហត្ថ​ខណ្ឌ​កំបូល បាន​លើកឡើង​ថា ដោយសារ​តែ​ខណ្ឌ​កំបូល ជា​ខណ្ឌ​ដែល​ទើបតែ​បង្កើតឡើង​ក្រោយ​គេ​ក្នុង​ឆ្នាំ​២០១៩ ជា​ហេតុ​ធ្វើឲ្យ​ទីតាំង​រដ្ឋបាល​ទាំងអស់ ត្រូវការ​សាងសង់​ថ្មី ដើម្បី​បំពេញ​សេចក្តីត្រូវការ​ជា​ចាំបាច់ ក្នុងនោះ​ក៏​មាន មូលដ្ឋាន​អាវុធហត្ថ ខណ្ឌ​កំបូល​ផងដែរ ដែលមាន​តម្រូវការ​សាងសង់ តែ​ដោយ​ក្នុង​រយៈកាល​កន្លងមក ពុំទាន់​មាន​ទីតាំង​សមរម្យ និង​មិន​ទាន់​មាន​កញ្ចប់​ថវិកា សម្រាប់​សាងសង់ បាន​ធ្វើឲ្យ​មូលដ្ឋាន​អាវុធហត្ថខ​ណ្ឌ​កំបូល បាន​ត្រឹម​ជួល​ផ្ទះល្វែង នៅក្នុង​បុរី​សង្ឃឹម​ថ្មី ដើម្បី​ធ្វើជា​ទីតាំង​ធ្វើការ​បណ្តោះអាសន្ន​រហូតមក ទើបតែ​ពេលនេះ ដោយ​មាន​ការ​ជ្រោមជ្រែង ពី​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ឯកឧត្តម ឃួ​ង ស្រេង ព្រមទាំង ឯកឧត្តម កើត ឆែ បាន​ធ្វើឲ្យ​មូលដ្ឋាន​អាវុធហត្ថខ​ណ្ឌ​កំបូល មានឱកាស​បញ្ចុះបឋមសិលា​សាងសង់​អគារ​មូលដ្ឋាន​លើ​ទីតាំង​ផ្ទាល់​របស់​ខ្លួន ដែល​ទទួលបាន​ពី​សាលា​រាជធានី​ភ្នំពេញ ទុក​សម្រាប់​ប្រើប្រាស់​ក្នុង​ការបំពេញ​ការងារ​រដ្ឋបាល ក៏ដូចជា​បម្រើ​ប្រជាពលរដ្ឋ​ទូទៅ​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន ៕​