អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ក្រើនរំលឹក​ឱ្យ​ម្ចាស់​រថយន្ត​គ្មាន​ពន្ធ​ចូល​មក​បំពេញ​កាតព្វកិច្ច​ពន្ធ និង​អាករ​នឹងត្រូវ​បញ្ចប់​នៅ​ត្រឹម​ថ្ងៃ​ទី​៨ ខែ​តុលា​នេះ​

​ភ្នំពេញ​៖ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា (​អ ត រ​) បាន អំពាវនាវ​ជា​ថ្មី​ម្តងទៀត ឲ្យ​ម្ចាស់​រថយន្ត​ចង្កូត​ស្តាំ​គ្មានព​ន្ធ​មាន​ស្រាប់​ក្នុង​ប្រទេស​ដែល​បាន​មក​ចុះបញ្ជី​រួចហើយ ត្រូវ​មក​បំពេញ​កាតព្វកិច្ច​ពន្ធ និង​អាករ ត្រឹម​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០២២ ខាងមុខនេះ ដោយ​ពុំ​មាន​ការពន្យារពេល​ឡើយ​។​

​ក្នុងន័យនេះ អ​តរ សូម​រំលឹក​ដល់​ម្ចាស់​រថយន្ត​ចង្កូត​ស្តាំ​ដែល​បាន​ចុះ​បញ្ជីរួច ប៉ុន្តែ​នៅ​មិនទាន់​បាន​មក​បំពេញ​កា​ត​ព្វ​កិច្ច​ពន្ធ​និង​អាករ ឱ្យប្រញាប់​រួសរាន់​ចូល​មក​បង់ពន្ធ​និង​អាករ​នៅតាម​បណ្តា​អង្គភាព​គយ​និង​រដ្ឋាករ រាជធានី​-​ខេត្ត ដែល​សាមីខ្លួន​បាន​ចុះបញ្ជី​រថយន្ត​របស់​ខ្លួន ឱ្យបាន​មុន​ការកំណត់​ដូច​បាន​ជម្រាបជូន​ខាងលើ ជា​កំហិត ដើម្បី​ចៀសផុត​ពី​ការបង្ក្រាប​ដោយ​មន្ត្រី​គយ​និង​រដ្ឋាករ​មាន​សមត្ថកិច្ច​តាម​ដងផ្លូវ ការដ្ឋាន អាជីវ​កម្មដ្ឋាន និង​តាម​ទីកន្លែង​សាធារណៈ​ជាយថាហេតុ​។​

​ក្រោយ​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០២២ រថយន្ត​ចង្កូត​ស្ដាំ​បាន​ចុះបញ្ជី​រួច​ដែល​ពុំ​បាន​បំពេញ​កាតព្វកិច្ច​ពន្ធ និង​អាករ​គឺជា​មុខសញ្ញា​នៃ​ការបង្ក្រាប​រឹបអូស ដោះ​ជា​គ្រឿងបន្លាស់ ឬ​កំទេចចោល​តាមច្បាប់ និង​បទ​ប្បញ្ញត្តិ ជា​ធរមាន ដោយ​ពុំ​មាន​ការអនុគ្រោះ​ទៀតឡើយ​។​

​អាស្រ័យហេតុនេះ សូម​សាធារណ​ជន​មេត្តា​ជ្រាប ជាពិសេស​ម្ចាស់​រថយន្ត​គ្មាន​ពន្ធ​មាន​ស្រាប់​ក្នុង​ប្រទេស​ទាំងអស់ ចូល​មក​បំពេញ​កាតព្វកិច្ច​ពន្ធ​និង​អាករ​ឱ្យបាន​គ្រប់ៗ​គ្នា និង​ទាន់​ពេលវេលា​ផង​៕