​លោក​វរសេនីយ៍ឯក សៀ ទីន សម្តែង​ការអបអរសាទរ​ចំពោះ សិក្ខាកាម​វគ្គ​បណ្តុះបណ្តាល​យោធា​ចារ្យ ជំនាញ​បាញ់​អាវុធខ្លី នៅ​សាលា​នាយទាហាន​សកម្ម​!

​នា​ព្រឹក​ថ្ងៃទី​១៩ ខែ​កញ្ញា ឆ្នាំ​២០២២ លោក​វរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ រួម​ជាមួយ​ក្រុម​ការងា​រ បាន​ទទួល​ការអញ្ជើញ​ឲ្យចូល​រួម​ក្នុង​កម្ម​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​យោធា​ចារ្យ ជំនាញ​បាញ់​អាវុធខ្លី នៅ​សាលា​នាយទាហាន​សកម្ម ក្រោម​អធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុត សុភាព នាយក​សាលា​នាយទាហាន​សកម្ម និង​មាន​ការចួលរួម​ពី យោធា​ចារ្យ នាយទាហាន នាយទាហានរង នៃ​សាលា​នាយទាហាន​សកម្ម​ជាច្រើនរូប​ទៀត​។​

​វគ្គ​បណ្តុះបណ្តាល​យោធា​ចារ្យ​ជំនាញ​បាញ់​អាវុធខ្លី​នេះ ត្រូវបាន​សាលា​នាយទាហាន​សកម្ម រៀបចំឡើង​ក្នុង​គោលបំណង បំពេញ​សមត្ថភាព​ដល់​នាយទាហាន យោធា​ចារ្យ ដែល​មិន​ទាន់​បាន​ឆ្លង​វគ្គ​សិក្សា​ជំនាញ​បាញ់​អាវុធខ្លី ក៏ដូចជា​ដើម្បី​ឱ្យ​សិក្ខាកាម​មាន​សមត្ថភាព​បំពេញ​ភារកិច្ច​បានល្អ តាម​ការ​ចាត់តាំង​របស់​សាលា និង ដើម្បី​ពង្រឹង​គុណភាព នាយទាហាន ជា​យោធា​ចារ្យ​វ័យក្មេង សម្រាប់​បន្តវេន ដោយ​បាន​ចាប់ផ្តើម​វគ្គ កាលពី​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០២២ និង​បាន​បញ្ចប់​នៅ ថ្ងៃទី​១៦ ខែ​កញ្ញា ឆ្នាំ​២០២២​។

​ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ ក៏​ទទួលបាន​ការអនុញ្ញាត ពី​នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ឱ្យ​គ្រូ​ឧទ្ទេស​នាម ចំនួន ០២​នាក់ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម​សហការ ជាមួយ​សាលា​នាយទាហាន​សកម្ម ដើម្បី​រៀបចំ​បណ្តុះបណ្តាល ដល់​នាយទាហាន​យោធា​ចារ្យ​សាលា​នាយទាហាន​សកម្មផង​ដែរ​។​

​លោក​វរសេនីយ៍ឯក សៀ ទីន បាន​សម្តែង​ការកោតសរសើរ​ចំពោះ​នាយទាហាន​គ្រប់គ្រង​វគ្គ ដែល​បាន​គ្រប់គ្រង​វគ្គ​បណ្តុះបណ្តាល​នេះ ប្រព្រឹត្តទៅ​ដោយ​រលូន និង​ទទួលបាន​លទ្ធផល​ល្អ និង​បាន​កោតសរសើរ​ចំពោះ យោធា​ចារ្យ និង​គ្រូ​ឧទ្ទេស​នាម ដែល​បាន​យកចិត្តទុកដាក់​បង្វឹក បង្រៀន ដល់​សិក្ខាកាម​បាន​យ៉ាង​ម៉ត់ចត់ និង​ទៀត​ទាត់​ល្អ ស្របតាម​កម្មវិធី​ជាក់ស្តែង និង​ជាពិសេស​អបអរសាទរ​ចំពោះ​សិក្ខាកាម​ទាំងអស់​ដែល​បាន តាមដាន​ស្តាប់ ការ​ឧទ្ទេស​នាម​របស់​យោធា​ចារ្យ​និង​គ្រូ​ឧទ្ទេស​នាម ព្រមទាំង​អនុវត្ត​មេរៀន ប្រកប​ដោយ​វិន័យ និង​យកចិត្តទុកដាក់​ខ្ពស់ រហូត​បាន​បញ្ចប់​វគ្គ​ដោយ​ជោគជ័យ​៕