បាត់​ខ្លួន​ជនជាតិ​ចិន ២៣​នាក់ ក្រោយ​ពី​លិច​ទូក​នៅ​កណ្តាល​សមុទ្រ​កោះ​តាង​

​ខេត្ត​ព្រះសីហនុ​៖ យ៉ាងហោច​ណាស់​ជនជាតិ​ចិន ២៣​នាក់​ក្នុងចំណោម​៤១​នាក់​បាន​បាត់​ខ្លួន​ទៅក្នុង​លំហរ​សមុទ្រ កាលពី​រសៀល​ថ្ងៃ​ទី ២២ ខែ​កញ្ញា ឆ្នាំ​២០២២​ម្សិលមិញ​នេះ ត្រង់​ចំណុច​ពយ​សារី និង​កោះតាង ។​

​លោក ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នករាយការណ៍​ព័ត៌មាន​ថា ក្រោយ​ទទួលបាន​ព័ត៌មាន​ភ្លាមៗ សមត្ថកិច្ច​នាយកដ្ឋាន​នគរ បាល​ការពារ​ព្រំដែន​ទឹក និង​ក្រុម​សង្គ្រោះ​បាន​ចេញ​ទៅ​អន្តរាគមន៍​សង្គ្រោះ ក្នុងនោះ​ដែ​ជា​បឋម សមត្ថកិច្ច​និង​ក្រុម​សង្គ្រោះ បាន​ជួយ​សង្គ្រោះ​មនុស្ស​ចំនួន ១៨ នាក់ ទាន់ពេលវេលា និង​បន្ត​ស្វែង​ស្វែងរក​ជនរងគ្រោះ​នៅ​បាត់​ខ្លួន​ចំនួន​២៣​នាក់​ទៀត​។​

​លោក​ថា តាម​ការបំភ្លឺ​ពី​អ្នក​រួម​ដំណើរ​លើ​ទូក​ឈ្មោះ CHENGui Sheng ជនជាតិ​ចិន ភេទ​ប្រុស ជាតំ ណា​ង​ជនរងគ្រោះ ដែល​បាន​លិច​ទូក​នោះ បានឱ្យដឹងថា ពួកគេ​បាន​ធ្វើដំណើរ​ចេញពី​ប្រទេស​ចិន (​កំពង់ផែ​ក្វាង ចូ​វ​) កាលពី​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០២ ២ តាមរយៈ​កប៉ាល​លឿន​១​គ្រឿង បន្ទាប់មក​បាន សាង​មក​ឲ្យ​ទូក​ឈើ​១​គ្រឿង​ទៀត នៅ​អំឡុង​ថ្ងៃទី​១៧ ខែ​កញ្ញា ឆ្នាំ​២ ០២២ នៅ​សមុទ្រ​អន្តរជាតិ​ជា​មួយ តៃកុង​ទូក ជនជាតិ​ខ្មែរ​ចំនួន​២​នាក់ និង​បាន​បន្ត នៅ​លើ​ទូក ឈើ​នោះ​រហូត​ដល់​ថ្ងៃទី​២២ ខែ​កញ្ញា ឆ្នាំ​២០២២ ពេល​ធ្វើដំណើរ​មិន​បាន​ប៉ុន្មាន ទូក​ឈើ​ខាងលើ​នោះ​បាន​ខូច និង​ធ្វើ​ដំណើរ​ទៅ​មុខ​មិន​កើត ក៏​ចាប់ផ្តើម​លិច បន្តិច​ម្តងៗ ទើប​មាន​ទូក​នេសាទ​១ គ្រឿង​ប្រភេទ​ទូក​អូស ព័ណ៌​បៃតង មាន​មនុស្ស​ចំនួន​៦​នាក់ បាន​មក​ទទួលយក​តៃកុង ខ្មែរ​២​នាក់ នោះ​ចេញ​ទៅ​បាត់ ដោយ​ទុក​តែ​អ្នកធ្វើដំណើរ​ប្រមាណ ៤១​នាក់​ខាងលើ​នោះ​ចោល ក្រោយមក​ទូក​នេះ​ក៏​បាន​លិច​បាត់​នៅ​កណ្តាល​សមុទ្រ​។​

​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើនេះ សមត្ថកិច្ច និង​ក្រុម​ជួយសង្គ្រោះ​បាន​សហការ​ជាមួយ​ជនជាតិ​ចិន​ដែល​ជា​ដំណាង​អ្នកដំណើរ កំពុង​ស្រាវជ្រាវ​បន្ត និង​ស្វែងរក​អ្នក​ដែល កំពុង​បាត់​ខ្លួន​នោះ​៕​