​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​នាយករដ្ឋមន្ត្រី​ជប៉ុន និង​ភរិយា ឯកឧត្តម អាបេ ស៊ីន​ហ្សូ​

​ក្នុងឱកាស​អញ្ជើញ​ចូលរួម​បុណ្យសព​របស់​ឯកឧត្តម អាបេ ស៊ីន​ហ្សូ អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន​នោះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​បាន​ឆ្លៀត​ជួប​សម្តែង​ការគួរសម​ជាមួយ​ឯកឧត្តម ហ្វូ​មី​អូ គី​ស៊ី​ដា នាយករដ្ឋមន្ត្រី​ជប៉ុន និង​ភរិយា របស់​ឯកឧត្តម អាបេ ស៊ីន​ហ្សូ​ផងដែរ​។​

​ក្នុងឱកាស​នោះ​សម្តេច​តេជោ ហ៊ុន សែន បាន​នាំនូវ​ព្រះរាជបន្ទូល​ព្រះមហាក្សត្រ និង​ព្រះមហាក្សត្រី ចូលរួម​រំលែក​នូវ​មរណទុក្ខ​ជាមួយ​រដ្ឋាភិបាល និង​ក្រុមគ្រួសារ​របស់​ឯកឧត្តម អាបេ ចំពោះ​ការបាត់បង់​ដ៏​ធំធេង​មួយ​នេះ​។​

​នៅ​ចំពោះមុខ​នាយករដ្ឋមន្ត្រី​ជប៉ុន និង​ភរិយា​របស់​ឯកឧត្តម​អាបេ​, សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​បាន​សម្តែង​នូវ​ការសោកស្តាយ​ប្រកបដោយ​ភាព​ក្រៀមក្រំ​ជាទីបំផុត​។ សម្តេច​តេជោ បាន​គូសបញ្ជាក់ថា មរណភាព​របស់​ឯកឧត្តម អាបេ គឺជា​ការបាត់បង់​មិត្តភក្តិ​ដ៏​ល្អ​មួយ​រូប​របស់​សម្តេច ក៏ដូចជា​ប្រជាជន​កម្ពុជា​ទាំងមូល​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ឯកឧត្តម អាបេ ជា​មេដឹកនាំ​មួយរូប ដែល​មាន​គុណបំណាច់​យ៉ាង​ធំធេង​សម្រាប់​កម្ពុជា​៕