រថយន្ត lexus 570 ដែល​គេ​ស្គាល់​ថា​ជា​របស់​ចៅហ្វាយខេត្ត​មណ្ឌល​គី​រី បុក​ជាមួយ​ម៉ូតូ​បណ្តាលឲ្យ​មនុស្ស​ស្លាប់ ២​នាក់​

ខេត្ត​ត្បូងឃ្មុំ​៖ បុរស ២​នាក់​បាន​បាត់បង់​ជីវិត​ភ្លាមៗ នៅ​នឹង​កន្លែងកើតហេតុ នៅលើ​ផ្លូវជាតិ​លេខ​៨ ដោយសារតែ​រថយន្ត​ម៉ាក lexus 570 ដែល​គេ​ស្គាល់​ថា ជា​របស់​លោក ថង សាវុន អភិបាល​ខេត្ត​មណ្ឌល​គី​រី បើក​បុក​យ៉ាង​ពេញទំហឹង​បណ្តាលឱ្យ​ផ្លោង​មនុស្ស​ចេញ​ពី​ម៉ូតូ​សណ្ដោង​រ៉ឺម៉ក​។​

​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​នៅ​ថ្ងៃទី​២៩ ខែ​កញ្ញា ឆ្នាំ​២០២២ វេលា​ម៉ោង​១២​និង​១៥​នាទី​ថ្ងៃត្រង់ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​១៤៥/១៤៦ ស្ថិតនៅ​ភូមិ​ពោធិ​ស្រុក ឃុំ​កោង​កាង ស្រុក​ព​ញ​ក្រែក​។ ចំណែក​រថយន្ត​បាន​ជ្រុល​ធ្លាក់​ចូល​ទៅ​ក្នុងព្រៃ ហើយ​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង ក្រោយពេល​កើតហេតុ​។​

​ប្រភព​ពី​កន្លែងកើតហេតុ​បានឲ្យដឹងថា មាន​ករណី​គ្រោះ ថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​រវាង​ម៉ូតូ​សណ្តោង​រ៉ឺម៉ក និង​រថយន្ត​។ នៅ​កន្លែងកើតហេតុ​នោះ គឺ​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​ម៉ាកវ៉េវ (​គ្មាន​អាវ​)​ពណ៌​ខ្មៅ​គ្មាន​ស្លាក​លេខ​បើកបរ​ដោយ ឈ្មោះ អែម សំ​អូន (​ហៅ​គោ​) ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​ស្ទឹងតូច ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ (​ស្លាប់​នៅ​នឹង​កន្លែងកើតហេតុ​) បាន​ឌុប​ឈ្មោះ ផន ភី​ន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ នៅរស់​ភូមិ​-​ឃុំ​ជាមួយ​អ្នកបើកបរ (​ស្លាប់​នៅ​កន្លែងកើតហេតុ​) ចំណែក​រថយន្ត​ម៉ាក LEXUS LX570 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AQ-2225 ។​

​ប្រភព​ច្បាស់​ការណ៍​បាន​បន្ត​ឱ្យដឹងទៀតថា ហេតុការណ៍​ខាងលើ​នេះ បាន​កើតឡើង​រវាង​ម៉ូតូ និង​រថយន្ត បាន​បើកបរ​បញ្ច្រាស់ទិស​គ្នា ដោយ​ម៉ូតូ​សណ្តោង​រ៉ឺម៉ក់​បើកបរ​ពី​ជើង​ទៅ​ត្បូង លុះ​មកដល់​កន្លែងកើតហេតុ បាន​បត់​ឆ្វេង​ឆ្លងផ្លូវ ធ្វើអោយ​រថយន្ត​ដែល​បើក​ត្រង់​ពី​ត្បូង​ទៅ​ជើង បាន​បើក​មក​បុក​ពេញ​ទំហឹង​តែម្ដង បណ្តាល​ឱ្យ​អ្នកបើក​ម៉ូតូ​រ៉ឺម៉ក់​ទាំង​២​នាក់​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែងកើតហេតុ​តែ​ម្តង​។

​ចំណែក​អ្នកបើករថយន្ត​វិញ បើក​រត់​គេចខ្លួន​បាត់​ស្រមោល​។​

​ប្រភព​ដដែល​បន្តថា ក្នុង​ហេតុការណ៍​ខាងលើនេះ បាន​បណ្តាល​ឱ្យ​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​ខូចខាត​ធ្ងន់ ចំណែក​រថយន្ត​វិញ គឺ​ខូច​កម្រិត​ខ្លាំង​ដូចគ្នា​។ ក្រោយពេល​កើតហេតុ សព​ជនរងគ្រោះ​ទាំង​២​នាក់ ត្រូវបាន​ជំនាញ​ធ្វើ​កំណត់ហេតុ រួច​ប្រគល់​សព​អោយ​ក្រុមគ្រួសា​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

​ចំណែក​រថយន្ត lexus 570 និង​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​ត្រូវបាន​មន្ត្រី​ជំនាញ​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាក្រែក​ជា​បណ្ដោះអាសន្ន​៕