
សមត្ថកិច្ចចុះបង្ក្រាបទីតាំងផលិតទឹកឃ្មុំក្លែងក្លាយ និងចាប់ខ្លួនមនុស្ស១៥នាក់ នៅសង្កាត់ឡាបានសៀកក្រុងបានលុង
ខេត្តរតនគិរី៖ នៅវេលាម៉ោង១៩ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី នូវ ដារ៉ា ស្នងការរងទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ចបានដឹកនាំកម្លាំងក្រោមឱវាទសហការជាមួយកម្លាំងអន្តរាគមន៍ពិសេស ចុះបង្ក្រាបការផលិតទឹកឃ្មុំក្លែងក្លាយ នៅចំណុចផ្ទះសំណាក់មិត្តភាពសំណាងល្អ ស្ថិតក្នុងភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគីរី។
ក្នុងប្រតិបត្តិការបង្ក្រាបករណីនេះដឹកនាំផ្ទាល់ដោយឯកឧត្តម ងិន ពេជ្រ ព្រះរាជអាជ្ញា នៃអយ្យការអម សាលាដំបូងខេត្តរតនគិរី លោកឧត្តមសេនីយ៍ត្រី នូវ ដារ៉ា បានបញ្ជាក់ថាក្រោមកិច្ចចង្អុលដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី។
ពាក់ព័ន្ធករណីចុះបង្ក្រាបទីតាំងផលិតទឹកឃ្មុំក្លែងក្លាយខាងលើនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានចំនួន១៥នាក់ និងដករហូតវត្ថុតាង មួយចំនួនដូចជា (ម៉ូតូចំនួន១៥គ្រឿង, ទឹកឃ្មុំផលិតរួចប្រមាណ២០០លីត្រ, វត្ថុធាតុដើមសម្រាប់ការផលិតមួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាង គឺបានឃាត់ខ្លួន និងរក្សាទុកនៅការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីចាត់ការទៅតាមនីតិវិធី៕