ដាំ​ណាំ​ស្វាយចន្ទី ជា​ដំណាំឧ​ហ្សាក​ម្ម​ដែល​មាន​សារៈសំខាន់ស​ម្រាប់​កំណើន​សេដ្ឋកិច្ចជាតិ​

​ភ្នំពេញ​: ស្វាយចន្ទី​ជា​ដំណាំ​ឧហ្សាហកម្ម​រយៈពេល​វែ​ង ដែល​មិន​រើស​ដី ងាយស្រួល​ដាំ​ដុះ ធន់​នឹង​អាកាសធាតុ ដែល​ឃើញ​មាន​ភាគច្រើន​ដាំ​ដុះ​នៅ​តំបន់​ខ្ពង់រាប នៃ​ប្រទេស​កម្ពុជា ដូចជា​ខេត្ត​មណ្ឌលគិរី រតនៈគីរី ស្ទឹងត្រែង ក្រចេះ ព្រះវិហារ ឧត្តរមានជ័យ កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ កោះកុង​។

​ដំណាំ​ស្វាយចន្ទី​ក៏​មាន​ការ​ដាំ​ដុះ​នៅតាម​តំបន់​វាលទំនាប​មិន​លិច​ទឹក​ផងដែរ ដូចជា​ខេត្ត​កំពង់ឆ្នាំង ពោធិ៍សាត់ ព្រៃវែង បន្ទាយមានជ័យ និង​ខេត្ត​សៀមរាប​។​

​ស្វាយចន្ទី​ជា​ដំណាំឧ​ហ្សាក​ម្ម​ដែល​មាន​សារៈសំខាន់ស​ម្រាប់​កំណើន​សេដ្ឋកិច្ចជាតិ​។ បច្ចុប្បន្ន ស្វាយចន្ទី​ជាប់​ចំណាត់ថ្នាក់​លេខ​៣ ជា​កសិផល​នាំចេញ​ទៅ​ក្រៅ​ប្រទេស​ច្រើនជាងគេ បន្ទាប់​ពី​ដំណាំ​ស្រូវ និង​ដំណាំ​ដំឡូង​មី​។​

​បើ​តាម​របាយការណ៍​បូកសរុប​ការងារ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ (២០២១-២០២២) ដំណាំ​ស្វាយចន្ទី​បាន​ដាំ​ដុះ​លើ​ផ្ទៃដី​សរុប​ចំនួន ៤០៥ ៩៩១ ហិកតា និង​ទទួលបាន​បរិមាណ​ផល​សរុប ៤៧២ ៦៣៦ តោន​។​

​គិត​ត្រឹម​ខែតុលា​ឆ្នាំ​២០២២ មាន​គ្រាប់ស្វាយចន្ទី​ឆៅ​សរុប​ចំនួន ៤៦៩ ៥១៥,១៥​តោន បាន​ចរាចរ​លើ​ទីផ្សារ​អន្តរជាតិ​ជាច្រើន​ប្រទេស​ដូចជា ប្រទេស​វៀតណាម (៤៦៧ ៣០១,២២ តោន​) ប្រទេស​ថៃ (២ ០៥០ តោន​) ប្រទេស​ឥណ្ឌា (១៥០,១៦ តោន​) ប្រទេស​ចិន (១៣,៥៨​តោន​) ប្រទេស​ជប៉ុន (០,១៤​តោន​) និង​ប្រទេស​ហ្វីលីពីន (០,០៥​តោន​)​។

​ដោយឡែក គ្រាប់ស្វាយចន្ទី​កែច្នៃ​រួច​សរុប​ចំនួន ៥៩៩,៩៣​តោន បាន​នាំចេញ​ទៅ​ប្រទេស​ថៃ (២៦៤,៤៤​តោន​) ប្រទេស​ចិន (២២៩,៨៤​តោន​) ប្រទេស​ជប៉ុន​(៧៤,៤៣​តោន​) កោះ​តៃវ៉ាន់ (២៤​តោន​) ប្រទេស​កូរ៉េ (៧,១០​តោន​) និង​ប្រទេស​ស្វីស (០,១២​តោន​)៕​