សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អបអរសាទរ​ទិវា​ជាតិ ទីក្រុង​ស្អាត លើក​ទី​១១

សៀ​ល​ថ្ងៃ​ចន្ទ ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០២៣ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​អបអរសាទរ​ទិវា​ជាតិ​ទីក្រុង​ស្អាត លើក​ទី​១១ ឆ្នាំ​២០២៣ ក្រោម​ប្រធានបទ “​ទីក្រុង​ស្អាត បដិសណ្ឋារកិច្ច​ល្អ ម្ចាស់ផ្ទះ​កម្ពុជា ផ្តល់​ភាព​កក់ក្តៅ​”​។

​ទិវា​នេះ ប្រារព្ធ​ឡើង អម​ជាមួយ​ពិធី​ប្រគល់​ជ័យលាភី ទីក្រុង​ស្អាត លើក​ទី​៣ ដល់​ទីក្រុង​ជាប់​ចំណាត់ថ្នាក់​។ ពិធី​នេះ ធ្វើឡើង នៅ​សណ្ឋាគារ រ៉េស៊ីដង់ សុខា ភ្នំពេញ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា សុខសន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់​ល្អ​បរិបូរណ៍​ពេលបច្ចុប្បន្ន​នេះ គឺជា​មូលដ្ឋាន​ដ៏​រឹងមាំ​គាំទ្រ​ដល់​ការអភិវឌ្ឍន៍ និង​ភាព​រីកចម្រើន​លើ​គ្រប់​វិស័យ ហើយ​ផ្តល់​នូវ​កាលានុវត្តភាព​យ៉ាង​ធំធេង​ដល់​ការកសាង​អនាគត​កម្ពុជា​ប្រកបដោយ​ភាពរុងរឿង​។​

​សម្តេច​តេជោ ហ៊ុន សែន មានប្រសាសន៍ថា វិស័យ​ទេសចរណ៍​នៅតែ​ជា​ចន្ទល់​កំណើន​សេដ្ឋកិច្ច​ជាតិ​ដ៏​សំខាន់​មួយ​។ ក្នុង​នោះ​ឆ្នាំ​២០២២ កម្ពុជា ទទួលបាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជាង ២.២​លាន​នាក់ កើនឡើង ១០៥៩​ភាគរយ ធៀប​ឆ្នាំ​២០២២​។​សម្ដេច​តេ​ជោបាន​មានប្រ​សាសន៍ថា កម្ពុជា​ត្រូវ​គិតគូរ​លើ​ការបង្កើន​ឧត្តមភាព​ប្រកួតប្រជែង និង​ការធានា​ចីរភាព​នៃ​ការអភិវឌ្ឍន៍ ដើម្បី​ឆ្លើយ​នឹង​ការវិវត្ត និង​និន្នាការ​នៃ​ការអភិវឌ្ឍន៍​ថ្មីៗ​។​សម្ដេច​បន្ត​ទៀត​ថា ចលនា​ប្រលងប្រណាំង​ទីក្រុង​ស្អាត គឺជា​យន្តការ​វាយតម្លៃ និង​ជា​ការ​ក្រើនរំលឹក​ដល់​រដ្ឋបាល​ដែនដី អាជ្ញាធរ​មូលដ្ឋាន វិស័យ​ឯកជន និង​ប្រជាពលរដ្ឋ ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ អំពី​សារៈសំខាន់​នៃ​ការអភិវឌ្ឍ​បៃតង ដោយ​រក្សា​តុល្យភាព​នៃ​ការអភិវឌ្ឍន៍ និង​ការ​អភិ​រក្សា លើ​ទិដ្ឋភាព​សេដ្ឋកិច្ច សង្គម វប្បធម៌ និង​បរិស្ថាន​។​ការអនុវត្ត​ចលនា​ប្រលងប្រណាំង​ទីក្រុង​ស្អាត បាន​ចូលរួម​កាត់បន្ថយ​ផលប៉ះពាល់​ជា​អវិជ្ជមាន​លើ​និរន្តរភាព​នៃ​សម្បត្តិ​ធនធាន​វប្បធម៌ ធម្មជាតិ និង​បរិស្ថាន នៅតាម​បណ្តា​ទីក្រុង និង​ទីប្រជុំជន ព្រមទាំង​ជួយ​បង្កើន​ភាព​ទាក់ទាញ និង​ធានា​ចីរភាព​នៃ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ថែម​ទៀត​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា ប្រធានបទ «​ទីក្រុង​ស្អាត បដិសណ្ឋារកិច្ច​ល្អ ម្ចាស់ផ្ទះ​កម្ពុជា​ផ្តល់​ភាព​កក់ក្តៅ​» សម្រាប់​ទិវា​ជាតិ​ទីក្រុង​ស្អាត​នាពេលនេះ បាន​ឆ្លុះបញ្ចាំង​យ៉ាងច្បាស់​ថា ទីក្រុង​ដែល​មាន​ភាព​ទាក់ទាញ​គួរឱ្យ​ចង់​ទស្សនា​កម្សាន្ត និង​ស្នាក់នៅ​សម្រាប់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ គឺ​ជា​ទីក្រុង​ដែល​ស្អាត មាន​បរិស្ថាន​ល្អ ធានាបាន​នូវ​សន្តិសុខ សុវត្ថិភាព ផ្តល់​បដិសណ្ឋារកិច្ច​ល្អ ភាព​រួសរាយ​រាក់ទាក់​ជាមួយ​នឹង​ភាព​ជា​ម្ចាស់ផ្ទះ ដែល​ផ្តល់​នូវ​ការស្វាគមន៍​ប្រកបដោយ​ភាពកក់ក្តៅ​។ សម្តេច​តេជោជំ​រុញ​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវ​បង្កើន​ការយល់ដឹង​ពី​តម្លៃ​អនាម័យ និង​បរិស្ថាន
​ព្រោះ​ជា​មុខមាត់​របស់​ប្រទេស​យើង​។ សម្តេច​តេ​ជោបាន​មានប្រ​សាសន៍ ថា រយៈពេល​ប្រមាណ ២៣​ឆ្នាំ​ហើយ កម្ពុជា​មិន​កើត​មាន​ជំងឺ​ចុះក្អួត​ក្រោយ​ទឹកជំនន់​នោះទេ ដែល​នេះ​ការ​ស្តែង​ឱ្យឃើញ​ពី​ភាព​ប្រសើរ​នៃ​សុខភាព​ប្រជាពលរដ្ឋ តាមរយៈ​ការរស់នៅ​ប្រកបដោយ​អនាម័យ​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា ចលនា «​ភូមិ​ស្អាត ស្រែ​ល្អ​» ដែល​រាជរដ្ឋាភិបាល បាន​ដាក់ចេញ​កាលពី​ពេលមុន គឺជា​ចលនា​លើកកម្ពស់​ការរស់នៅ​ស្អាត​របស់​ប្រជាពលរដ្ឋ​នៅ​តាម​ទីជនបទ​។​
​សម្តេច​តេ​ជោបាន​ណែនាំ​ឱ្យ​ជំរុញ​ការអភិវឌ្ឍន៍​បៃតង​នៅតាម​បណ្តា​ក្រុង ខណ្ឌ រាជធានី ខេត្ត នៅ​ទូទាំង​ប្រទេស​តាម​គោលនយោបាយ និង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​របស់​រាជរដ្ឋាភិបាល ដោយ​ត្រូវ​ជំរុញ​ការរៀបចំ​ផែនការមេ​អភិវឌ្ឍន៍​ទីក្រុង ដោយ​រួម​បញ្ចូល​ទាំង​ទិដ្ឋភាព នគរូបនីយកម្ម ប្រជាសាស្ត្រ ទេសចរណ៍ បរិស្ថាន សេដ្ឋកិច្ច និង​សង្គម​។​

​សម្តេច​តេ​ជោបាន​ណែនាំ​ឱ្យ​បន្ត​អភិវឌ្ឍ​ទីក្រុង​ស្អាត ផ្សារ​ភ្ជាប់​នឹង​ទីក្រុង​ឆ្លាត ដែល​មាន​លក្ខណៈ​ប្រកួតប្រជែង​ផ្នែក​សេដ្ឋកិច្ច ភាព​ទាក់ទាញ ផ្នែក​ទេសចរណ៍ បរិស្ថាន​ប្រកបដោយ​ចីរភាព និង​ការទទួលខុសត្រូវ​សង្គម ដើម្បី​លើកកម្ពស់​គុណភាព​រស់​នៅ​របស់​ប្រជាជន​ប្រកបដោយ សុខុមាលភាព សុវត្ថិភាព សន្តិសុខ វិបុលភាព ភាព​ធន់ និង​ផ្តល់​បដិសណ្ឋារកិច្ច​ប្រកប​ដោយ​ភាពកក់ក្តៅ ដល់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​។ សម្តេច​តេជោ ចង់​ឃើញ​សណ្ឋាគារ និង​អាហា​រដ្ឋា​ន​នានា ក្លាយទៅជា​ប្រភព​ទីផ្សារ​សម្រាប់​កសិផលរ​បស់​ខ្មែរ និង​បាន​ណែនាំ​ឱ្យ​ក្រសួង​ទេសចរណ៍​ដាក់បញ្ចូល​លក្ខខណ្ឌ​នៃ​ការប្រើប្រាស់​កសិផល​ខ្មែរ សម្រាប់​ការវាយតម្លៃ​សណ្ឋាគារ​នានា​។ សម្តេច​តេ​ជោបាន​ណែនាំ​ឱ្យ​បន្ត​លើកក​ម្ព​ស់​ការអភិវឌ្ឍ​ន៍​ទីក្រុង ប្រកប​ដោយ​ភាព​ធន់ ចីរភាព និង​បរិយាប័​ន្ន និង​លើកស្ទួយ «​វិស័យ​ទេសចរណ៍​ជា​ការនាំចេញ​នៅ​នឹង​កន្លែង​» តាមរយៈ​ការបង្កើន​អន្តរ​កម្ម​ខ្សែ​ច្រវាក់​តម្លៃ​នៃ​វិស័យ​ទេសចរណ៍ ជាមួយ​វិស័យ​គាំទ្រ​ពាក់ព័ន្ធ ជាពិសេស​វិស័យ​កសិកម្ម សិប្បកម្ម ឧស្សាហកម្ម​ច្នៃប្រឌិត និង​ផលិតកម្ម​ក្នុងស្រុក ដើម្បី​បង្កើន​លទ្ធភាព​នៃ​ការបែងចែក​ផ្លែផ្កា​នៃ​កំណើន​តាមរយៈ​ការអភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ក៏​បាន​ណែនាំ​ឱ្យ​រួមគ្នា​ថែរក្សា​ធនធានធម្មជាតិ រួម​មាន​ព្រៃឈើ និង​សត្វព្រៃ សម្រាប់​ទាក់ទាញ​ទេសចរណ៍​។​សម្តេច​តេជោ បាន​សម្តែង​នូវ​ក្តីរីករាយ ដែល​ក្លឹប​ឆ្នេរ​ស្អាត​បំផុត​លើ​ពិភពលោក យកគំនិត​ផ្តួចផ្តើម​របស សម្តេច «​ឆ្នេរ​សមុទ្រ​ដែល​ស្អាត គឺ​ឆ្នេរ​គ្មាន​ប្លា​ស្ទិក​» ដាក់​ក្នុង​លក្ខខណ្ឌ​វាយ​តម្លៃ​របស់​ខ្លួន​។​
​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​អំពាវនាវ​គ្រប់​ក្រសួង ស្ថាប័ន រាជធានី ខេត្ត អាជ្ញាធរ​គ្រប់ លំដាប់ ថ្នាក់ កងកម្លាំងប្រដាប់អាវុធ​វិស័យ​ឯកជន អង្គការ សង្គម​ស៊ីវិល ដៃគូ​អភិវឌ្ឍ​ពាក់ព័ន្ធ ព្រះសង្ឃ​គ្រប់ ព្រះអង្គ លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស និស្សិត យុវជន យុវនារី មន្ត្រីរាជការ បុគ្គលិក​ក្រុមហ៊ុន​ឯកជន រោងចក្រ និង​ជនរួមជាតិ​ទាំងអស់​មេត្តា​បន្ត​ផ្តល់​នូវ​ការគាំទ្រ និង​ចូលរួម​អនុវត្ត​ឱ្យបាន ផុលផុស ប្រកប ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​នូវ​ចលនា​ប្រឡង​ប្រណាំង «​ទីក្រុង​ស្អាត រមណីយដ្ឋាន ស្អាត សេវា​ល្អ បដិសណ្ឋារកិច្ច​ល្អ​» ដើម្បី​ឱ្យ​កម្ពុជា​ក្លាយ​ជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​គុណភាព ចីរភាព ភាព ស្អាត និង​បៃតង​និង​ភាព​ទាក់ទាញ​ខ្ពស់​សម្រាប់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ស័ក្តិសម​នឹង​កិត្តិនាម «​កម្ពុជា​៖ ព្រះរាជាណាចក្រ​អច្ឆរិយៈ ផ្តល់​ភាព​កក់ក្ដៅ​»៕