ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា ក្នុង​ពិធី​អបអរសាទរ​ខួប​លើក​ទី​១១២ នៃ​ទិវា​អន្តរជាតិ​នារី ៨ មីនា ឆ្នាំ​២០២៣ នៅ​ទីស្តីការក្រសួង​ធម្មការ និង​សាសនា​

ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា​និង​លោកជំទាវ នា​ព្រឹក​ថ្ងៃទី​០២ ខែ​មីនា ឆ្នាំ​២០២៣ អធិបតីភាព ក្នុង​ពិធី​អបអរសាទរ​ខួប​លើក​ទី​១១២ ទិវា​អន្តរជាតិ​នារី ៨ មីនា ដើម្បី​រួមចំណែក ជាមួយ​ចលនា​ស្ត្រី​ក្នុង​សកលលោក និង​ជំរុញ​ឱ្យមាន​ការកែប្រែ​ផ្នត់គំនិត ឥរិយាបថ​អវិជ្ជមាន ដែល​ធ្លាប់​មាន​ចំពោះ​ស្ត្រី រាជរដ្ឋាភិបាល បាន​ជ្រើស​យក​ប្រធានបទ «​ស្ត្រី​រួមគ្នា រក្សា​សុខ​សន្តិភាព ដើម្បី​កិច្ច​អភិវឌ្ឍ ក្នុង​យុគសម័យ​ឌី​ជី​
​ថ​ល​» ក្នុង​គោលបំណង​បំផុស កៀរគរ​អ្នកពាក់ព័ន្ធ​ឱ្យ​យល់ដឹង​ពី​តម្លៃ​នៃ​ការអប់រំ សម្រាប់​យុវជន​យុវនារី ដែល​ជា​ធនធានមនុស្ស​ដ៏​មាន​សក្តានុពល​ជួយ​ពន្លឿន​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គមជាតិ​។​

​តាម​របាយការណ៍ លោក​ជំទាវ​ប្រធាន​ប្រតិបត្តិ​សមាគមនារី​ក្រសួង បានបញ្ជាក់​ច្បាស់​ថា ក្រសួង​តែងតែ​យកចិត្តទុកដាក់​លើកកម្ពស់​តម្លៃ​ស្ត្រី ដើម្បី​ឱ្យ​ទទួលបាន​នូវ​សមភាព​ទៅនឹង​បុរស សម្រាប់​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ហើយ​បន្ត​ជំរុញ​ឱ្យ​គ្រប់​អ្នកពាក់ព័ន្ធ​អនុវត្ត​វិធានការ​ផ្នែក​គោលនយោបាយ កម្មវិធី​យុទ្ធនាការ និង​សកម្មភាព​ជាក់លាក់​នានា ក្នុង​ការលើកកម្ពស់ សមភាព​យេនឌ័រ និង​បង្កើត​ភាព​អង់អាច​ដល់​ស្ត្រី ដើម្បី​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ។ ចំពោះ​សមិទ្ធផល​នានា ផ្នែក​សេដ្ឋកិច្ច នយោបាយ និង​វប្បធម៌ ដែល​ស្ត្រី​បាន​រួមចំណែក​កសាង និង​អភិវឌ្ឍ​ជូន​សង្គមជាតិ កន្លងមក​។​

​ឯកឧត្តម ឈិត សុខុ មាន​ប្រសា​ស​ន៏ កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់ លោកជំទាវ ឯកឧត្តម អស់លោក លោកស្រី មន្ត្រីរាជការ​នៃ​សមាគមនារី​ក្រសួង​ធម្មការ និង​សាសនា ដែល​បាន​យកចិត្តទុកដាក់​បំពេញ​កិច្ចការ​របស់​ខ្លួន​ប្រកបដោយ​សមត្ថភាព និង​ភាព​ទទួលខុសត្រូវ​ខ្ពស់​កន្លងមកនេះ​។​

​ឧត្តម​រដ្ឋមន្ត្រី​បន្តថា ក្នុងនាម​រាជរដ្ឋាភិបាល បាន​បន្ត​ជំរុញ លើកកម្ពស់​ការអនុវត្ត​គោលនយោបាយ​សមភាព​យេនឌ័រ និង​កម្មវិធី​ផ្សេងៗ ក្នុង​ការរួមចំណែក​ស​ម្រេច​ឱ្យបាន​នូវ​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍​កម្ពុជា ដូច​ជា​ការពង្រឹង​សិទ្ធិ​ស្ត្រី​ឱ្យ​ទទួលបាន​នូវ​ការថែទាំ​សុខភាព ការអភិវឌ្ឍ​សមត្ថភាព ការបណ្តុះ បណ្តាល​វិជ្ជាជីវៈ ផ្តល់​ឱកាស​ការងារ ការការពារ​ខាង​ផ្លូវច្បាប់ និង​បង្កើន​តួនាទី​ស្ត្រី​ក្នុងការ​ធ្វើ​សេចក្តីសម្រេចចិត្ត ព្រមទាំង​លើកកម្ពស់​តម្លៃ​ស្ត្រី​ក្នុង​សង្គម​។

​បច្ចុប្បន្ន ស្ត្រី​ដែល​កាន់​តួនាទី​សំខាន់ៗ នៅក្នុង​ស្ថាប័ន​នយោបាយ រដ្ឋបាល​ថ្នាក់​ជាតិ ថ្នាក់ក្រោម​ជាតិ និង​ស្ថាប័ន​ផ្សេងៗ ក្នុង​សង្គម​មាន​ការកើនឡើង​ជា​លំដាប់ ដូចជា សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ជា​ប្រធាន​កាកបាទក្រហមកម្ពុជា លោកជំទាវ​ឧបនាយករដ្ឋមន្ត្រី លោកជំទាវ​អនុប្រធានរដ្ឋសភា សមាជិក​ព្រឹទ្ធសភា​-​រដ្ឋសភា រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អភិបាលរង​រាជធានី​-​ខេត្ត សមាជិក​ក្រុមប្រឹក្សា​រាជធានី​-​ខេត្ត សមាជិក​ក្រុមប្រឹក្សា​ក្រុង​-​ស្រុក​-​ខណ្ឌ​-​ឃុំ​-​សង្កាត់ និង​មេភូមិ ទាំងអស់នេះ សបញ្ជាក់​ឱ្យឃើញ​យ៉ាង​ច្បាស់​នូវ​ការយកចិត្តទុកដាក់​ខ្ពស់​របស់​រាជរដ្ឋាភិបាល ចំពោះ​ស្ត្រី​។​

​គូសបញ្ជាក់ថា ជា​រៀងរាល់ឆ្នាំ រាជរដ្ឋាភិបាល​តែងតែ​លើកយក​ប្រធានបទ​មួយ ស្របទៅតាម​ស្ថានភាព​ជាក់ស្តែង​របស់​កម្ពុជា និង​ពិភពលោក​ក្នុង​គោលបំណង​តែមួយ គឺ​រំលឹក​អំពី​វីរភាព​របស់​ស្ត្រី​ក្នុង​ការតស៊ូ​ធ្វើឱ្យ សម្រេចបាន​នូវ​សមភាព សមធម៌ សន្តិភាព និង​ការអភិវឌ្ឍ​សង្គម តាមរយៈ​ការផ្លាស់ប្តូរ​ឥរិយាបថ​របស់​មនុស្ស​នៅក្នុង​គ្រួសារ សហគមន៍ សង្គម និង​ប្រទេសជាតិ សំដៅ​ធានា​ឱ្យបាន​នូវ​ការគោរព​សិទ្ធិ​សេរីភាព ការទទួលស្គាល់​នូវ​តម្លៃ​របស់​ស្ត្រី និង​ការចូលរួម​ដោយ​ស្មើភាព​នៅក្នុង​សង្គម​៕