សម្ដេច​ក្រឡាហោម ស ខេង អញ្ជើញ​ចូល​ជួប​សម្ដែង​ការគួរសម ឯកឧត្តម Vo Van Thuong ប្រធាន​រដ្ឋ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​

នា​រសៀល​ថ្ងៃ​សៅរ៍ ១៣​កើត ខែ​ផល្គុន ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​.២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​៤ ខែ​មីនា ឆ្នាំ​២០២៣ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ ចូលជួប​សម្ដែង​ការគួរសម ឯកឧត្តម Vo Van Thuong ប្រធាន​រដ្ឋ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។​

​ឯកឧត្តម Vo Van Thuong ប្រធានាធិបតី នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម បាន​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ចំពោះ​សម្ដេច​ក្រឡាហោម និង​គណៈប្រតិភូ ដែល​ជា​ភ្ញៀវ​បរទេស​ដំបូង​ក្រោយ​ការ​ឡើងកាន់​មុខតំណែង​របស់​ឯកឧត្តម​។

​សម្ដេច​ក្រឡាហោម ស ខេង ក៏​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ ឯកឧត្តម​ប្រធាន​រដ្ឋ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ដែល​បាន​ឆ្លៀត​ពេលវេលា​ដ៏​មានតម្លៃ​អនុញ្ញាត​ជូន​សម្ដេច និង​គណៈប្រតិភូ​បាន​ចូលជួប​សម្ដែង​ការគួរសម​នាឱកាស​ន​នេះ​។​

​ឯកឧត្តម Vo Van Thuong ប្រធានាធិបតី នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម បាន​សម្ដែង​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល នៃ​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​ប្រសើរ​ក្នុង​ឆ្នាំ​២០២២ រវាង​ក្រសួង​នគរបាល​វៀតណាម និង​ក្រសួង​មហាផ្ទៃ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ឯកឧត្តម​ប្រធាន​រដ្ឋ ក៏​បាន​បង្ហាញ​ការសង្ឃឹម​ជឿជាក់ថា ក្រសួង​ទាំង​ពីរ​នឹង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ដែល​មាន​ស្រាប់​ឱ្យ​កាន់តែ​ទទួលបាន​លទ្ធផល​ប្រសើរ​ថែម​ទៀត​។​

​សូមបញ្ជាក់​ថា តប​តាម​ការអញ្ជើញ​របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក តូ ឡឹម រដ្ឋមន្ត្រីក្រសួង​នគរបាល នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម និង​ដោយ​បាន​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្ដេច​ក្រឡាហោម ស ខេង បំពេញ​ទស្សនកិច្ច​ការងារ ចាប់ពី​ថ្ងៃ​ទី​៣ ដល់​៥ ខែ​មីនា ឆ្នាំ​២០២៣ ។​

​ដំណើរ​ទស្សនកិច្ច​នេះ ជា​ការបន្ត​អនុវត្ត​យន្តការ​សហប្រតិបត្តិកា​រ​ទ្វេភាគី​ប្រចាំ​ឆ្នាំ​រវាង ក្រសួងមហាផ្ទៃ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយ​ក្រសួង​នគរបាល នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ដោយ​សម្ដេច​ក្រឡាហោម នឹង​អញ្ជើញ​ធ្វើ​ជា​សហប្រធាន​ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ​វាយតម្លៃ​លទ្ធផល កិច្ចសហប្រតិបត្តិការ​ឆ្នាំ​២០២២ និង​ចុះហត្ថលេខា​លើ​ផែនការ​សហប្រតិបត្តិកា​រ​ឆ្នាំ​២០២៣ សម្រាប់ អនុវត្ត​បន្ត​ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ​
​ទ្វេភាគី រវាង​ក្រសួង​ទាំងពីរ ៕