
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាស និងផ្ទេរភារកិច្ចជា ប្រធាននាយកដ្ឋានផែនការ គណនេយ្យ និងហិរញ្ញកិច្ច នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងព័ត៌មាន
ប្រធាននាយកដ្ឋានផែនការ គណនេយ្យ និងហិរញ្ញកិច្ច នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងព័ត៌មាន គឺលោក គឹង ពុធតារា ត្រូវបានធ្វើពិធីប្រកាសចូលកាន់ចូលកាន់តំណែងជាប្រធាននាយកដ្ឋានថ្មី នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន។
នៅក្នុងឱកាសនៃពិធីប្រកាស និងផ្ទេរភារកិច្ចជា ប្រធាននាយកដ្ឋានថ្មីនេះដែរ ឯកឧត្តម ប៉ែត ពិសី ទីប្រឹក្សានិងជាប្រធាននាយកដ្ឋានបុគ្គលិក នៃក្រសួងព័ត៌មាន អាននូវអនុក្រឹត្យរបស់រាជរដ្ឋាភិបាលស្តីពីការតែងតាំង លោក គឹង ពុធតារា ជាប្រធាននាយកដ្ឋានផែនការ គណនេយ្យ និងហិរញ្ញកិច្ច នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងព័ត៌មាន ។
បន្ទាប់ពី លោក លន់ ហួរ អតីតប្រធាននាយកដ្ឋាន ផែនការ គណនេយ្យ និងហិរញ្ញកិច្ច បានលើកឡើងពីសកម្ម ភាពការងារសំខាន់ៗដែលសម្រេចបានក្នុងពេលលោកមិនទាន់ចូលនិវត្តន៍ពីការងាររួចមក ឯកឧត្តម លី វ៉ាន់ហុង ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុក្រសួងព័ត៌មាន មានប្រសាសន៍លើកឡើងថា ក្នុងរយៈពេលកន្លងមកនេះ នាយកដ្ឋាន រដ្ឋបាល និងហិរញ្ញវត្ថុ បានធ្វើកិច្ចការងារដោយរលូន ហើយក្នុងនោះដែរអង្គភាពពាក់ពន្ធ័ចំនួនពីរ គឺខាងផ្នែកបណ្តុះបណ្តាល និងផ្នែកវនកម្ម បានសហការចូលរួមបំពេញកិច្ចការងារបានល្អប្រសើរ ។
ឯកឧត្តម លី វ៉ាន់ហុង បានបញ្ជាក់ថា នាយកដ្ឋាន ផែនការ គណនេយ្យ និងហិរញ្ញកិច្ច មិនមែនធ្វើការបំរើអោយតែអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នោះទេ គឺត្រូវការជារួម ក្នុងក្រសួងទាំងមូលតែម្តង ពាក់ពន្ធ័ មន្ទីរព័ត៌មាន ខេត្ត រាជធានី និងអគ្គនាយកដ្ឋានទាំងបួនផ្សេងទៀតផងដែរ ។ ដូច្នេះ ចាប់ពីពេលនេះតទៅ ប្រធាននាយកដ្ឋានថ្មី តែជាមន្ត្រីចាស់ធ្លាប់បំពេញកិច្ចការងារផ្នែកនេះជាយូរមកហើយដែរនោះ គឺត្រូវបន្តកិច្ចខិតខំប្រឹងប្រែងបំពេញការងារ សហការសាមគ្គីផ្ទៃក្នុងគ្នា រួមគ្នាដោះស្រាយរាល់កិច្ចការលំបាកៗ ដើម្បីភាពជោគជ័យ និងលទ្ធផលការងារកាន់តែប្រសើរបន្តទៅមុខទៀត ។
ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានសំដែងនូវការរីករាយចំពោះការតែងតាំងមន្ត្រីវ័យក្មេង គឺលោក គឹង ពុធតារា សម្រាប់ទទួលការងារ ផ្នែកផែនការ គណនេយ្យ និងហិរញ្ញកិច្ច ហើយឆ្លៀតឱកាសនេះដែរ ឯកឧត្តម រដ្ឋមន្ត្រី ក៏ថ្លែងការកោតសរសើរចំពោះ លោក លន់ ហួរ ដែលបានជួយក្នុងកិច្ចការងារផ្នែកគណនេយ្យនេះ តាំងពីការបង្កើតក្រសួងព័ត៌មានឡើងដំបូងមកដល់ពេលបច្ចុប្បន្ននេះ។
ឯកឧត្តម រដ្ឋមន្ត្រី បានបញ្ជាក់ថា ជាជំហានបន្យបន្ទាប់ទៅមុខទៀត នាយកដ្ឋានផែនការ គណនេយ្យ មានភារកិច្ច និងការងារធំៗជាច្រើនដែលត្រូវធ្វើ ហើយទាមទារ មន្ត្រីដែលមានជំនាញ និងចំណេះដឹងសុីជម្រៅ ដើម្បីធ្វើការដោះស្រាយបញ្ហា រៀបចំផែនការ ផ្នែកហិរញ្ញវត្ថុ ដែលអាចអោយរាល់កិច្ចការងាររបស់ក្រសួងបានដំណើរការទៅដោយរលូន ។
ឆ្លៀតក្នុងឱកាសនៃពិធីនេះដែរ ឯកឧត្តម ខៀវ កាញារីទ្ធ បានជម្រុញលើកទឹកចិត្តដល់ ប្រធាននាយកដ្ឋានថ្មី ត្រូវបន្តស្មារតីសាមគ្គីភាពអោយបានរឹងមាំ ហើយត្រូវចងចាំអោយច្បាស់ពាក្យថា មេ ដំបូងបំផុតត្រូវចេះបង្រួបបង្រួមគ្នា អត់ត្រូវរុញកូនចៅណាម្នាក់ចេញនោះទេ គឺត្រូវរុញចូលមកវិញ ហើយសាមគ្គីភាពល្អ សំខាន់គឺយុត្តិធម៍ ។
ដូច្នេះហើយ សម្រាប់លោក គឹង ពុធតារា មិនមែនជាមន្ត្រីថ្មីមកពីខាងណានោះទេ គឺជាអ្នកដែលបំពេញកិច្ចការងារក្នុងផ្នែកនេះជាយូរមកហើយផងដែរ ដែលអាចដឹង និងធ្វើកិច្ចការងារផ្នែក ផែនការ គណនេយ្យ និងហិរញ្ញកិច្ច ប្រកបដោយផ្លែផ្កា និងលទ្ធផលថ្មីៗបន្តទៅមុខទៀត៕