​ក្រសួង​ការងារ​គ្រោង​នឹង​រៀបចំ​ព្រឹត្តិការណ៍​ជ្រើសរើស​កម្មករ និយោជិត ទ្រង់ទ្រាយ​ធំ​នៅ​ខេត្ត​កំពង់ស្ពឺ​នា​ថ្ងៃ​ទី​១៧ ខែ​មីនា​នេះ​

​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ស្វែងរក​ឱកាស​ការងារ​ថ្មី​របស់​បងប្អូន​កម្មក​រ កម្មការិនី រោងចក្រ​ដែល​បាន​បាត់បង់​ការងារ ឬ​ត្រូវ​ព្យួរ​កិច្ចសន្យាការងារ នា​ពេល​កន្លងមក​នេះ ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) នៃ​ក្រសួង​ការងារ និង​បណ្តុះ​បណ្តុះ​វិជ្ជាជីវៈ នឹង​រៀបចំ​នូវ​ព្រឹត្តិការណ៍​ជ្រើសរើស​កម្មករ និយោជិត​ទ្រង់ទ្រាយ​ធំ​នៅក្នុង​ទីតាំង «​បុរី​កម្មករ ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ​» នា​ថ្ងៃ សុក្រ ទី​១៧ ខែ​មីនា នេះ ដោយ​មាន​រោងចក្រ សហគ្រាស​ធំៗ​ចំនួន ៥ ចូលរួម​ជ្រើសរើស​កម្មករ កម្មការិនី​ជាង ៥ ពាន់​នាក់​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ការរៀបចំ​វេទិកា​ការងារ​នេះ គឺជា​អន្តរាគមន៍​ដោះស្រាយ​ការងារ​បន្ទាន់​មួយទៀត​របស់​រាជរដ្ឋាភិបាល ជាពិសេស​ការយកចិត្ត​ទុកដាក់​ខ្ពស់​ពី​សំណាក់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី និង ឯកឧត្តម​បណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រី ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដើម្បី​ជួយ​ដល់​បងប្អូន​កម្មករ កម្មការិនី​យើង​ឲ្យ​ឆាប់​ទទួលបាន​ការងារ​ថ្មី​ឡើងវិញ ដើម្បី​រក្សា​លំនឹង​ជីវភាព និង ប្រាក់ចំណូល​របស់​បង​ប្អូន កម្មករ កម្មការិនី បន្ថែម​ពីលើ​ការទទួលបាន​នូវ​ការ​គាំពារ​តាមរយៈ​ការឧបត្ថម្ភ​សាច់ប្រាក់​ដូច​អំឡុងពេល​នៃ​ការព្យួរ​កិច្ចសន្យា​ការងារ​ក្នុងពេល​រីក​រាលដាល​ជំងឺ​កូវី​ដ​។​

​ព្រឹត្តិការណ៍​ជ្រើសរើស​កម្មករ និយោជិត​ទ្រង់ទ្រាយ​ធំ​នេះ នឹង​ត្រូវ​រៀបចំ​ឡើង​ដោយ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) ដោយ​សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​វិស័យ​ការងារ​, មន្ទីរ​ការងារ​ខេត្ត​កំពង់ស្ពឺ និង​អជ្ញាធរ​មូលដ្ឋាន ដើម្បី​ជួយ​ផ្សព្វផ្សាយ​ឲ្យបាន​ទូលំ​ទូលាយ​ដល់​បងប្អូ​ន​ប្រជាពលរដ្ឋ​ទូទៅ​នៅក្នុង​ខេត្ត ពិសេស​បងប្អូន​កម្មក​រ កម្មការិនី ដែល​រស់នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ​ទាំងមូល​។​

​បន្ថែម​លើ​នេះ NEA បាន និង​កំពុង​រៀបចំ​បញ្ជូន​មជ្ឈមណ្ឌល​ការងារ​ចល័ត ដើម្បី​ចុះ​ទៅ​ផ្សព្វផ្សាយ​ផ្ទាល់​ដល់​មូលដ្ឋាន​ដែល​បងប្អូន​កម្មករ កម្មការិនី​កំពុង​រស់នៅ​ដើម្បី​កៀរគរ​ឲ្យមាន​ការចូលរួម​កាន់តែច្រើ​ន និង​ឆាប់​ទទួលបាន​ការងារ​ថ្មី​តាម​រយៈ​ព្រឹត្តិការណ៍​នេះ​។​

​ដូច្នេះ សូម​បងប្អូន​កម្មករ កម្មការិនី ដែល​ចង់បាន​ការងារ​ធ្វើ ឬ​ចង់​ផ្លាស់ប្តូរ​ការងារ កុំ​ភ្លេច​ត្រៀម​ចូលរួម​ឲ្យបាន​រួសរាន់ ដើម្បី​ដាក់​ពាក្យ​ស្វែងរក​ការងារ​ធ្វើ​ជាមួយ​បណ្តា​រោងចក្រ សហគ្រាស​ដែល​កំពុង​មាន​តម្រូវការ​ជ្រើសរើស​កម្លាំង​ពលកម្ម​ជាច្រើន​នាក់​។​

​សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ព្រឹត្តិការណ៍​នេះ សូម​ទាក់ទង​មក NEA តាមរយៈ​លេខ​ទូរស័ព្ទ 016 786655៕