​ក្រសួង​ការងារ​បាន​រៀបចំ​ព្រឹត្តិការណ៍​ជ្រើសរើស​កម្មករ និយោជិត នៅ​ខេត្ត​កំពង់ស្ពឺ​

នា​ព្រឹក​ថ្ងៃ សុក្រ ទី​១៧ ខែ​មីនា នេះ ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) នៃ​ក្រសួង​ការងារ និង​បណ្តុះ​បណ្តុះ​វិជ្ជាជីវៈ បាន​រៀបចំ​នូវ​ព្រឹត្តិការណ៍​ជ្រើសរើស​កម្មករ និយោជិត​នៅក្នុង​ទីតាំង «​បុរី​កម្មករ ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ​» ដោយ​មាន​រោងចក្រ សហគ្រាស​ធំៗ​ចំនួន ៥ ចូលរួម​ជ្រើសរើស​កម្មករ កម្មការិនី​ជាង ៥ ពាន់​នាក់ និង​មាន​បងប្អូន​កម្មករ និយោជិត ចូលរួម​យ៉ាងច្រើន​កុះករ​រាប់រយ​នាក់​។​

​កម្មវិធី​នេះ ត្រូវបាន​រៀបចំឡើង ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ស្វែងរក​ឱកាស​ការងារ​ថ្មី​របស់​បងប្អូន​កម្មក​រ កម្មការិនី រោងចក្រ​ដែល​បាន​បាត់បង់​ការងារ ឬ​ត្រូវ​ព្យួរ​កិច្ចសន្យាការងារ នា​ពេល​កន្លងមក​នេះ​។​

​ការរៀបចំ​វេទិកា​ការងារ​នេះ គឺជា​អន្តរាគមន៍​ដោះស្រាយ​ការងារ​បន្ទាន់​មួយទៀត​របស់​រាជរដ្ឋាភិបាល ជាពិសេស​ការយកចិត្ត​ទុកដាក់​ខ្ពស់​ពី​សំណាក់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី និង ឯកឧត្តម​បណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រី ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដើម្បី​ជួយ​ដល់​បងប្អូន​កម្មករ កម្មការិនី​យើង​ឲ្យ​ឆាប់​ទទួលបាន​ការងារ​ថ្មី​ឡើងវិញ ដើម្បី​រក្សា​លំនឹង​ជីវភាព និង ប្រាក់ចំណូល​របស់​បង​ប្អូន កម្មករ កម្មការិនី បន្ថែម​ពីលើ​ការទទួលបាន​នូវ​ការ​គាំពារ​តាមរយៈ​ការឧបត្ថម្ភ​សាច់ប្រាក់​ពី​សំណាក់​រាជរដ្ឋាភិបាល ដូច​អំឡុងពេល​នៃ​ការព្យួរ​កិច្ចសន្យា​ការងារ​ក្នុងពេល​រីក​រាលដាល​ជំងឺ​កូវី​ដ​។​

​ការរៀបចំ​ព្រឹត្តិការណ៍​ជ្រើសរើស​កម្មករ និយោជិត នេះ ត្រូវ​រៀបចំ​ឡើង​ដោយ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) ដោយ​សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​វិស័យ​ការងារ​, មន្ទីរ​ការងារ​ខេត្ត​កំពង់ស្ពឺ និង​អជ្ញាធរ​មូលដ្ឋាន ដើម្បី​ជួយ​ផ្សព្វផ្សាយ​ឲ្យបាន​ទូលំ​ទូលាយ​ដល់​បងប្អូ​ន​ប្រជាពលរដ្ឋ​ទូទៅ​នៅក្នុង​ខេត្ត ពិសេស​បងប្អូន​កម្មក​រ កម្មការិនី ដែល​រស់នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ​ទាំងមូល​។​

NEA នឹង​បន្ត​រៀបចំ​ព្រឹត្តិការណ៍​ដូចគ្នានេះ នៅតាម​បណ្តា​ខេត្ត​ដទៃ​ទៀត ពិសេស​ខេត្ត​ដែល​មាន​តម្រូវការ​កម្លាំង​ពលកម្ម​ច្រើនៗ ដើម្បី​ឲ្យ​បងប្អូន កម្មករ កម្មការិនី ឆាប់​ទទួលបាន​ការងា​រ​។ ដូច្នេះ សូម​បងប្អូន កម្មករ និយោជិត ដែល​មាន​បំណង​ចង់​ស្វែងរក​ការងារ ឬ​ចង់​ផ្លាស់ប្តូរ​ការងារ អញ្ជើញ​ចូលរួម​ផ្ទាល់​ដើម្បី​ដាក់ពាក្យ​នៅតាម​រោងចក្រ សហគ្រាស ដែល​កំពុង​ជ្រើសរើស​បុគ្គលិក​ជាច្រើន​នាក់​។​

​សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ព្រឹត្តិការណ៍​ជ្រើសរើស​កម្មករ និយោជិត​នាពេល​ក្រោយ​ទៀត សូម​ទាក់ទង​មក NEA តាមរយៈ​លេខ​ទូរស័ព្ទ 017 46 74 23៕