​បែកធ្លាយ​ការ​លួច​ដាក់​គ្រឿងចក្រ​ឈូស​រំលំ​ព្រៃឈើ​វាត​យក​ដី​ជិត​១០០​ហិកតា ក្នុង​ស្រុក​អូររាំង មណ្ឌលគិរី​

ខេត្ត​មណ្ឌលគិរី​៖ បែកធ្លាយ​រឿង​ដាក់​គ្រឿងច​ក្រអេ​ស្កា​វា​ទ័រ (Excavator) ចំនួន ២​គ្រឿង​ឈូសឆាយ​បំផ្លាញ​ព្រៃឈើ​តូច​ធំ​វាត​យក​ដី​ទំហំ​ចិត្ត​១០០​ហិកតា​នៅ​ចំណុច ភូមិ​ពូ​លេះ ឃុំ​ដា​ក់ដាំ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី ។​

​តាម​ប្រភព​ថា ក្រុម​ឧក្រិដ្ឋជន​ព្រៃឈើ​បាន​បោះ​ទីតាំង​កាប់​បំផ្លាញ​ឈើ​ឈូសឆាយ​យក​ដី​យ៉ាង​គគ្រឹកគគ្រេង​យូរ​ដែរ​ហើយ តែ​អាជ្ញាធរ​មូលដ្ឋាន​ហាក់ដូចជា​ស្ងាត់​ជ្រាប​គ្មានអ្វី​រំខាន​សូម្បី​បន្តិច​សោះ ។​

​លោក សៀក​មុន្នី អភិបាល​ស្រុក​អូររាំង​នា​ព្រឹក​ថ្ងៃទី ១៧ មិនា ឆ្នាំ​២០២៣ នេះ បាន​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ​ក្រោម​ឱ វាទ​ចុះ​ពិនិត្យ​ជាក់ស្ដែង​វែក​រក​មុខ​អ្នក​ថ្លើមធំ​ហ៊ាន​ឈូសឆាយ​ដី​ព្រៃ​នោះ ។

​លោក​ថា កន្លង​ទៅ​លោក​ក៍​ធ្លាប់បាន​ទទួល​ព័ត៌មាន​ខ្លះៗ​ដែរ​ពី​ប្រជា​ពល រដ្ឋ​ប្រាប់ថា មាន​គ្រឿងចក្រ​ចូល​ទៅ​ភូមិ​ខាងលើ​ហើយ​លោក ក៍​បាន​បញ្ជា​ឲ្យ​មេភូមិ​-​មេឃុំ​ចុះ​ពិនិត្យមើល​ក្រែង​មាន​បទល្មើស​កាប់​រាន​ដីព្រៃ ឬ​ឈួសឆាយ​ត្រូវហាម​ដាច់ ខាត​មិន​ឲ្យ​កើត មាននូវ​ការទន្ទ្រាន​កាន់កាប់​ដី​ឡើយ ។ តែ​ទីបំផុត​ករណីបែបនេះ​នៅ​តែ​កើត​ឡើង​ដដែល​។​

​បើទោះជា​ដូច​ច្នេះ​ក៏ដោយ​ការលើក​ក្បួន​ទៅ​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​ចំណុច​ខាងលើ​កាលពី​ព្រឹក​មិញ​នេះ សម​ត្ថ កិច្ច​មិន​ទទួលបាន​លទ្ធផល​អ្វី​ឡើយ​ក្រៅតែពី​ការ​គ្រប់ គ្រង​បានត្រឹមតែ​ដានជើង​ខ្លា និង​អាចម៍​ខ្លា​តែប៉ុណ្ណោះ​។ ពោល​គឺ​អេស្ការ​ទាំង​២​គ្រឿង​ត្រូវបាន​គេ​ជម្លៀសចេញ និង​គ្មាន​ជនល្មើស​ណា​ម្នាក់​ត្រូវបាន​ឃាត់ខ្លួន​ឡើយ ក្រៅ តែ​ពី​គល់ឈើ ដើមឈើ​ដួល​ដេក​និង​រោង​តែប៉ុណ្ណោះ ដែល​ត្រូវបាន​គេ​រក្សាទុក​ដើម្បី​ធ្វើការ​ស្រាវជ្រាវ​តទៅទៀត​។

​យ៉ាងណា​ក៍ដោយ ប្រជាពលរដ្ឋ​ស្រុក​អូររាំង​ខេត្តមណ្ឌលគិរី រង់ចាំ​មើល​តទៅទៀត ថា​តើ​ទីបំផុត​ករណី​នេះ​ពួកឧក្រិដ្ធជន​ព្រៃឈើ ឬ​សមត្ថកិច្ច​ជា​អ្នក ទទួល​ជ័យជំនះ​ពិតប្រាកដ​នោះ​៕