ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ដឹកនាំ​ប្រតិភូ​ក្រសួង ចុះ​ពិនិត្យ​វឌ្ឍនភាព​ការងារ​គម្រោង​លើក​កម្រិត​គុណភាព កំណាត់​ផ្លូវជាតិ​លេខ​៥ ពី​ក្រុង​សិរីសោភ័ណ ទៅ​ក្រុង​ប៉ោយ​ប៉ែត និង គម្រោង​ការងារ​រៀបចំ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ស្ទឹង​បត់​-​បាន​ណង​អៀន កម្ពុជា​- ថៃ​

នៅ​រសៀល​ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​២០២៣ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង ដឹកជញ្ជូន បាន​ដឹកនាំ​ប្រតិភូ​ក្រសួង​ចុះ​ពិនិត្យ​វឌ្ឍនភាព​ការងារ​គម្រោង​លើក​កម្រិត​គុណភាព កំណាត់​ផ្លូវជាតិ លេខ​៥ ពី​ក្រុង​សិរីសោភ័ណ ទៅ​ក្រុង​ប៉ោយ​ប៉ែត និង គម្រោង​ការងារ​រៀបចំ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ស្ទឹង​បត់​-​បាន​ណង​អៀន (​កម្ពុជា​- ថៃ​) ដោយ​មាន​ការចូលរួម​អមដំណើរ​ពី​សំណាក់​ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ជាច្រើនរូប​។​

​ផ្លូវជាតិ​លេខ​៥ ដែល​មាន​ប្រវែង ៣៦៦ គ​.​ម បច្ចុប្បន្ន​កំពុង​ដំណើរកា​រ​ស្ថាបនា​ស្ទើរ​រួចរាល់​ទាំងស្រុង​។ ផ្លូវជាតិ​លេខ ៥​នេះ ត្រូវ​បាន​បែក​ចែក​ជា​បី​ភាគ រួមមាន​៖ (១)​ភាគខាងត្បូង ពី​ព្រែក​ក្តាម ទៅដល់​ធ្លា​ម្អម មាន​ប្រវែង​សរុប ១៣៥,២៥ គ​.​ម សម្រេចបាន ៩៨% (២) ភាគ​កណ្តាល​ធ្លា​ម្អម​-​បាត់ដំបង និង​សិរីសោភ័ណ​-​ប៉ោយ​ប៉ែត មាន​ប្រវែង​សរុប ១៤៦,០៤ គ​.​ម សម្រេចបាន ៦៩% និង (៣) ភាគ​ខាងជើង ពី​បាត់ដំបង​-​សិរីសោភ័ណ មាន​ប្រវែង​សរុប ៨៤,៧៤ គ​.​ម សម្រេច​រួចរាល់​១០០%​ហើយ​។

​ក្នុងនោះ​កំណាត់ ពី​ព្រែក​ក្តាម ទៅដល់​សិរីសោភ័ណ ប្រវែង ៣៣១​គ​.​ម គ្រោង​នឹង​បញ្ចប់​នៅ​ក្នុង​ខែមិថុនា ២០២៣ លើកលែង​តែ​កំណាត់​ពី​ក្រុង​សិរីសោភ័ណ ទៅ​ក្រុង​ប៉ោយ​ប៉ែត ដែល​មាន​ប្រវែង ៣៥​គ​.​ម គ្រោង​នឹង​បញ្ចប់​ក្នុង​ឆ្នាំ​២០២៥ ខាងមុខ​។​

​ដោយឡែក គម្រោង​រៀបចំ​ច្រកទ្វារ​អន្តរជាតិ​ស្ទឹង​បត់ ត្រូវបាន​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​តេជោ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​មាន​ទំហំ​ទឹកប្រាក់​ចំនួន​ប្រមាណ ២៦,៤២ លាន​ដុល្លារ​អាមេរិក​។

​ដោយសារ​មាន​បញ្ហា​ការ​រាតត្បាត​នៃ​ជម្ងឺ​កូវី​ត​-១៩ គ្រោះទឹកជំនន់ និង​បម្រែបម្រួល​ការងារ​ក្នុង​កិច្ចសន្យា នាំ​ឱ្យ​គម្រោង​ការងារ​នេះ​ត្រូវបាន​ពន្យារពេល​សាងសង់​ចំនួន​ពីរ​លើក​រួចមកហើយ​។ បើ​តាម​ការ​ពន្យា​ពេល​សាងសង់​លើ​ក​ទី​២ គម្រោង​គ្រោង​នឹង​បញ្ចប់​នៅ​បំណាច់​ខែ​ឧសភា ឆ្នាំ​២០២៣ ខាងមុខនេះ ហើយ​គិត​មក​ត្រឹម​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០២៣ ក្រុមហ៊ុន​សាងសង់​សម្រេចបាន ៨២,៣០%​។​

​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បានបញ្ជាក់​ថា អាជ្ញាធរ​មូលដ្ឋាន និង​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​ថ្នាក់​ខេត្ត បាន​ត្រៀម​រួចរាល់​ហើយ​ដើម្បី​សម្របសម្រួល និង​សហការ​ជាមួយ​ភាគី​ថៃ ក្នុង​ការបើក​ច្រកទ្វារ​ព្រំ ដែន​បណ្តោះអាសន្ន​ត្រង់​ចំណុច​នេះ​។​

​នៅក្នុង​ឱកាស​ចុះ​បំពេញ​បេសកកម្ម​នោះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ផ្តាំផ្ញើរ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​មេត្តា​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ឱ្យបាន​ខ្ជាប់ខ្ជួន ដើម្បី​កាត់បន្ថយ​ករណី​គ្រោះថ្នាក់ ដែល​សម្លាប់​មនុស្ស​ប្រមាណ ៥​នាក់ ក្នុង​មួយ​ថ្ងៃ នាំ​ឱ្យ​ខាតបង់​ថវិកាជាតិ ដល់​ទៅ ៥០០ លាន​ដុល្លារ​អាមេរិក ក្នុង​មួយ​ឆ្នាំ នេះ​បើ​តាម​ការសិក្សា​របស់ UNDP៕