​ឧបនាយករដ្ឋមន្ត្រី សាយ សំ​អាល់​៖ គោលបំណង​សំខាន់​របស់​ខ្ញុំ​គឺ ចែករំលែក​ផ្លែផ្កា​នៃ​សន្តិភាព​ដែល​ប្រជាជាតិ​យើង​ទទួលបាន​ដោយ​លំបាក​

​នៅក្នុង​ជំនួប​ជាមួយ ឯកឧត្តម UENO ATSHUSHI ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០២៣ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់ បញ្ជាក់ថា គោលបំណង​សំខាន់​របស់​ខ្ញុំ​គឺ ចែករំលែក​ផ្លែផ្កា​នៃ​សន្តិភាព​ដែល​ប្រជាជាតិ​យើង​ទទួលបាន​ដោយ​លំបាក ក្រោម​ការលះបង់​គ្រប់បែប​យ៉ាង​របស់ សម្តេច​តេជោ ដល់​ប្រជាជន​យើង​តាម​រយៈ​ផ្តល់ឱកាស និង​លទ្ធភាព​ឱ្យ​ប្រជាពលរដ្ឋ​យើង ទទួល​បាន​ផ្ទះ​សមរម្យ ទីក្រុង ទីប្រជុំជន មាន​បរិស្ថាន​រស់​នៅ​ល្អ​អាច​រស់នៅ​បាន មាន​និរន្ត​ភាព​នៃ​ប្រាក់​ចំណូល និង​បន្ត​រៀបចំ​ផែនការ​ប្រើប្រាស់​ដី ដើម្បី​លើកកម្ពស់​ប្រយោជន៍​សេដ្ឋកិច្ច​។​

​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំ​អាល់​៖ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ពី​គោលជំហរ​ក្នុង​ការលើកកម្ពស់​ឧត្តម​ប្រយោជន៍​ជាតិ និង​បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​ជប៉ុន និង​ប្រជាជន​ជប៉ុន ដែល​បាន​គាំទ្រ និង​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការចរចា​សន្តិភាព​នៅ​កម្ពុជា ដែល​អាច​ធ្វើឱ្យ​កិច្ចព្រមព្រៀង​សន្តិភាព​ឆ្នាំ​១៩៩១ បាន​ចុះហត្ថលេខា និង​ឈាន​ដល់​ការបោះឆ្នោត​ឆ្នាំ​១៩៩៣ ហើយ​បាន​ធ្វើឱ្យ​កម្ពុជា​រីកចម្រើន​មកដល់ពេលនេះ​។​

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់​ថា រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧​នេះ នឹង​បន្ត​និរន្តរភាព​នៃ​គោលនយោបាយ​អាណត្តិ​ទី​៧ ហើយ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នឹង​បន្ត​និរន្តរភាព គោលនយោបាយ​របស់​ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី ជា សុផារ៉ា ដើម្បី​ធ្វើឱ្យមាន​ប្រយោជន៍​កាន់តែច្រើន​ថែម​ទៀត សម្រាប់​វិស័យ​ដីធ្លី ជា​ប្រយោជន៍​ដល់​ការអភិវឌ្ឍ​ជាតិ​។ ឯកឧត្តម​ក៏​បាន​ស្នើសុំ​ឱ្យ​ភាគី​ជប៉ុន​ពិនិត្យ​លទ្ធភាព ក្នុង​ការពង្រីក​កិច្ចសហប្រតិបត្តិការ លើ​វិស័យ​ផ្សេងៗ​ទៀត​នាពេល​អនាគត រួម​ទាំង​ពិនិត្យ​លទ្ធភាព​ឱ្យ​អ្នកវិនិយោគ​ជប៉ុន​មក​វិនិយោគ​នៅ​កម្ពុជា​កាន់តែ​ច្រើន​។

​ភាគី​ជប៉ុន​ក៏​បាន​បញ្ជាក់​ពី​គោលជំហរ​បន្ត​គាំទ្រ​លើ​គម្រោង​ដែល​មាន​ពីមុន និង​ត្រៀម​ពិនិត្យ​លើ​គម្រោង​កិច្ចសហប្រតិបត្តិការ​ថ្មីៗ​ថែម​ទៀត ព្រមទាំង​បន្ត​ជំរុញ​ឱ្យ​អ្នក​វិនិយោគទុន និង​អ្នក​ទេ​ចរណ៍​ជប៉ុន​មក​កម្ពុជា​ឱ្យ​កាន់តែ​ច្រើន​៕