រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត មាន​ការគាំទ្រ​យ៉ាងរឹងមាំ​ទាំង​ផ្ទៃក្នុង​ជាតិ ក្នុង​ឆាក​តំបន់​និង​លើ​ឆាក​អន្តរជាតិ​

នៅ​ព្រឹក​ថ្ងៃទី​៤ ខែ​កញ្ញា ឆ្នាំ​២០២៣ នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នឹង​ដឹកនាំ​គណៈប្រតិភូ​ព្រះរាជាណាចក្រ​កម្ពុជា​ដើម្បី​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​។ នេះ​គឺជា​លើក​ទី​១ ដែល​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ក្នុងនាម​ប្រមុខ​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា បាន​ដឹកនាំ​គណៈប្រតិភូ​ទស្សនកិច្ច​ក្រៅប្រទេស​។​

​ឯកឧត្តម ប៉ែន បូ​ណា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​និង​ជា​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ថ្លែង​នៅ​ថ្ងៃ​ទី​៤ ខែ​កញ្ញា នេះ​ថា​៖«​ការ​ចេញ​ដំណើរ​របស់​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​ដឹកនាំ​ដោយ​សម្តេច​មហា​បវរ​ធិបតី​ហ៊ុន ម៉ា​ណែ​ត ដើម្បី​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន កិច្ចប្រជុំ​កំពូល​អាស៊ាន​បូក និង​កិច្ចប្រជុំ​កំពូល​អាស៊ី​បូ​ព៌ា នៅ​ទីក្រុង​ហ្សា​កាតា ប្រទេស​ឥណ្ឌូនេស៊ី គឺជា​ការចាប់ផ្តើម​បើក​ទំព័រ​បេសកកម្ម​ក្រៅប្រទេស​ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា​។

​នា​ឱកាស​នោះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​ជា​មេដឹកនាំ​ក្មេង​ជាងគេ​ក្នុង​ចំណោម​មេដឹកនាំ​ដែល​ចូលរួម​ប្រជុំ​នៅ​ហ្សា​កាតា​ក៏​គ្រោង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​មេដឹកនាំ​ប្រទេស​ធំៗ​ជាច្រើន​ទៀត​មានដូចជា ចិន ជប៉ុន កូរ៉េខាងត្បូង រុស្ស៊ី ឥណ្ឌា សហរដ្ឋអាមេរិក អូស្ត្រាលី និង​នូវែល​ហ្សេ​ឡង់ ជាដើម​។ នៅ​មុនពេល​ចេញ​ដំណើរ​នេះ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ក៏​បាន​ជួបពិភាក្សា​ការងារ​រួចហើយ​ជាមួយ​តំណាង​ប្រទេស​មហាអំណាច​ធំៗ​ដូចជា ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា , គណៈប្រតិភូ​សភា​និង​តំណា​រដ្ឋាភិបាល​សហរដ្ឋអាមេរិ​ក និង​រដ្ឋមន្ត្រី​ទំនាក់ទំនង​អន្តរជាតិ​នៃ​គណៈកម្មាធិការ​មជ្ឈឹមបក្ស​កុម្មុយនិស្ត​ចិន ជាដើម​»​។​

​យោង​តាម​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​រូប​នេះ​, រហូតមកទល់​ពេលនេះ មាន​មេដឹកនាំ ដែល​ជា​ប្រធានាធិបតី នាយករដ្ឋមន្ត្រី និង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ មក​ពី​ជាង ៤០ ប្រទេស និង​មក​ពី​គ្រប់​ជ្រុងជ្រោយ​នៃ​ពិភពលោក​បាន​ផ្ញើ​សារ​អបអរសាទរ​ជូន​ចំពោះ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ក្នុងនាម​ជា​នាយក​រដ្ឋមន្ត្រី​របស់​កម្ពុជា​។ មាន​ប្រទេស​ខ្លះ បាន​ផ្ញើរ​សារ​អបអរសាទរ​រហូតដល់​ពីរ​ឬ​បី​ក៏​មាន​ពោល​គឺ​សារ​អបអរសាទរ​ពី​នាយក​រដ្ឋមន្ត្រី​ឬ​ប្រធានាធិបតី​ផង រដ្ឋមន្ត្រីការបរទេស​ផង និង​មន្ត្រីជាន់ខ្ពស់​ផ្សេង​ទៀត​ផង​។ នេះ​សបញ្ជាក់​អំពី​សន្តាន​ចិត្ត​និង​មនោសញ្ចេតនា​គាំទ្រ​ដ៏​ជ្រាលជ្រៅ​របស់​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងនោះ​មក​លើ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ដែល​បាន​ក្លាយជា​នាយក​រដ្ឋមន្ត្រី​បន្តវេន​របស់​កម្ពុជា​តា​មរយៈ​ការបោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​។​

​ឯកឧត្តម ប៉ែន បូ​ណា បាន​ថ្លែងថា ក្រឡេក​ទៅ​មើល​ការបោះឆ្នោត​កាលពី​ថ្ងៃ​ទី ២៣ កក្កដា ឆ្នាំ ២០២៣ អត្រា​នៃ​ការចូលរួម​បោះឆ្នោត​មាន​រហូតដល់​ជាង ៨៤% ក្នុងនោះ​មាន​អ្នកបោះឆ្នោត​ជា​ង ៨២% បាន​ទម្លាក់​សន្លឹកឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​។ មានន័យ​ថា ប្រជា​ពលរដ្ឋ​ខ្មែរ​គាំទ្រ​សម្តេច​តេជោ ហ៊ុន សែន ជា​បេក្ខជន​នាយករដ្ឋមន្ត្រី និង​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​បន្ត​វេន​។ បើ​ធៀប​នឹង​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ ២០២២ សំឡេង​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​កើនឡើង​ពី​ជាង ៧៤% ដល់​ជាង ៨២%​។ នេះ​សបញ្ជាក់​យ៉ាងច្បាស់​ថា ពលរដ្ឋ​ខ្មែរ​គាំទ្រ​យ៉ាង​លើសលប់​ដល់​បេក្ខជន​នាយករដ្ឋមន្ត្រី​បន្តវេន​គឺ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​។ ឈរ​លើ​មូលដ្ឋាន​ដូច​បាន​លើកឡើង​ខាងលើ គេ​អាច​សន្និដ្ឋានបាន​ប្រប​កដោយ​ភាព​សត្យានុម័ត​ថា រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧ ដឹកនាំ​ដោយ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ចេញដំណើរ​នៅ​លើ​មូលដ្ឋានគ្រឹះ​នៃ​ការគាំទ្រ​យ៉ាង​រឹងមាំ​ពី​សំណាក់​ផ្ទៃក្នុង​ជាតិ​ផង ពី​សំណាក់​ប្រទេស​ក្នុង​តំបន់​ផង និង​លើ​ឆាក​អន្តរជាតិ​ផង​៕