ក្រសួង​ការងារ តម្រង់​ទិស​ដល់​ពលក​រ និង​កម្មសិក្សាការី​មុន​ទៅ​បម្រើការ​នៅ​ជប៉ុន​

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​អង្គារ ទី​១២ ខែ​កញ្ញា ឆ្នាំ​២០២៣​នេះ បាន​បើក​វគ្គ​តម្រង់​ទិស​ដល់​ពលករ​ជំនាញ និង​កម្មសិក្សាការី​ចំនួន​១០៣​នាក់​មុន​ចេញ​ទៅ​បម្រើការ​នៅ​ប្រទេស​ជប៉ុន​។ ក្នុងនោះ ពលករ​ជំនាញ​មាន​បី​នាក់ និង​កម្មសិក្សាការី​ចំនួន​១០១​នាក់​។​

​ក្នុង​វគ្គ​តម្រង់ទិស​ដែល​ធ្វើ​នៅ​ទីស្តីការក្រសួង ឯកឧត្តម ឡេង តុង ទីប្រឹក្សា​ក្រសួង និង​ជា​ប្រធាន​នាយកដ្ឋាន​ពេទ្យ​ការងារ បាន​អបអរសាទរ​ដល់​ពល​ករ​និង​កម្មសិក្សាការី​ទាំងអស់​ដែល​បាន​ទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​។ ទន្ទឹមនឹងនេះ ឯកឧត្តម​ទីប្រឹក្សា បាន​ណែនាំ​ឱ្យ​កម្មសិក្សាការី និង​ពលករ​ជំនាញ​ត្រូវ​គោរព​ច្បាប់​និង​វិន័យ​នៅ​កន្លែងធ្វើការ ហើយ​ស្ដាប់​តាម​ការណែនាំ​របស់​និយោជក​ជា​ពិសេស​ពាក់ព័ន្ធ​នឹង​សុវត្ថិភាព​ការងារ ក៏​ដូច​ជា​ការ​សម្រប​ខ្លួន​ទៅតាម​ទំនៀម​ទំលាប់​ប្រពៃណី​របស់​ជប៉ុន​។​

​ក្រៅ​ពី​ការ​ផ្តាំ​ឱ្យ​មើលថែ​សុខភាព​ខ្លួនឯង ឯកឧត្តម​ឡេង តុង បាន​ផ្តាំ​ដាច់ខាត​ឱ្យ​ជៀស​ឆ្ងាយ​ពី​គ្រឿងញៀន និង​ត្រូវ​ចេះ​សន្សំ​ប្រាក់ និង​គ្រប់គ្រង​ចំណូល​និង​ចំណាយ​ប្រចាំខែ​ដើម្បី​អាច​សន្សំ​ប្រាក់​សម្រាប់​ផ្ញើ​មក​កាន់​ប្រទេស​កំណើត ឬ​សន្សំទុក​ប្រកប​របរ​ផ្សេងៗ​ពេល​ធ្វើ​មាតុភូមិនិវត្តន៍​។​

​សូមបញ្ជាក់​ថា ចាប់ពី​ខែ​តុលា ឆ្នាំ​២០២៣​ខាង​មុខ​តទៅ ប្រទេស​ជប៉ុន​នឹង​ផ្តល់ប្រាក់​ឈ្នួល​អប្បបរមា​ដល់​កម្មសិក្សា​ការី​និង​ពលករ​ជំនាញ​ទាំងអស់​ចំនួន​៧​ដុល្លារ​ក្នុង​ពេល​ធ្វើការ​មួយ​ម៉ោង​ដែល​ជា​មធ្យម​ទ​ទូល​បាន​១៤០០​ដល់​១៦០០​ដុល្លារ​ក្នុង​មួយខែ​។​

​គិត​ត្រឹម​ថ្ងៃទី ១៥ ខែ​សីហា ឆ្នាំ ២០២៣​នេះ កម្មសិក្សាការី និង​ពលករ​ជំនាញ​ដែល​កំពុង​ស្នាក់នៅ និង​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​មាន​ប្រមាណ​ជាង ២​ម៉ឺន​នាក់​ដែល​ធ្វើកា​រលើ​វិស័យ​មួយចំនួន​ដូចជា​វិស័យ កសិកម្ម វិស័យ​សំណង់ វិស័យ​ឧស្សាហកម្ម និង​វិស័យ​ផ្សេងៗ​ទៀត​៕​