ក្រសួង​យុត្តិធម៌ និង​អង្គការ​អុក​ស្វា​ម ប្រចាំ​កម្ពុជា សហការ​រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​សេចក្តីព្រាង​ព្រះរាជក្រឹត្យ​ស្តីពី​ការបង្កើត ការរៀបចំ និង​កិច្ចដំណើរការ​របស់​អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​

បណ្ឌិត្យសភា​ភូមិន្ទ​យុត្តិធម៌​កម្ពុជា​៖ នៅ​ថ្ងៃ​ព្រហស្បតិ៍ ១៤​រោច ខែ​ស្រាពណ៌ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែ​កញ្ញា​  ​ឆ្នាំ​២០២៣, ក្រសួង​យុត្តិធម៌ និង​អង្គការ​អុក​ស្វា​ម ប្រចាំ​កម្ពុជា បាន​សហការ​រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​សេចក្តីព្រាង​ព្រះរាជក្រឹត្យ​ស្តីពី​ការបង្កើត ការរៀបចំ និង​កិច្ចដំណើរការ​របស់​អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​។

​សិក្ខាសាលា​ពិគ្រោះ​យោបល់​នេះ មាន​ចូលរួម​ជា​គណៈអធិបតី​ពី ឯកឧត្តម គី តិច ទេសរដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុម​មេធាវី​រាជរដ្ឋាភិបាល និង​ឯកឧត្តម​បណ្ឌិត ហួត ហាក់ រដ្ឋមន្ត្រីក្រសួង​អធិការកិច្ច ព្រមទាំង​មាន​ការចូលរួម​ពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជា​ថ្នាក់ដឹកនាំ និង​ជា​តំណាង​ទីស្តីការគណៈរដ្ឋមន្ត្រី​, ក្រសួងមហាផ្ទៃ​, ក្រសួង​កិច្ចការនារី​, ក្រសួង​ពាណិជ្ជកម្ម​, សាលាជម្រះក្តី​, អង្គការ​អយ្យការ​អម​សាលាជម្រះក្តី​, គណៈមេធាវី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​, មជ្ឈមណ្ឌល​ជាតិ​នៃ​មជ្ឈត្តការ​ផ្នែក​ពាណិជ្ជកម្ម​, ក្រុមប្រឹក្សា​អាជ្ញាកណ្តាល ព្រមទាំង​អង្គការ​សង្គម​ស៊ីវិល និង​ដៃគូ​អភិវឌ្ឍន៍​នានា ដែល​ក្នុងនោះ​រួមមាន សហភាព​អឺរ៉ុប ប្រចាំ​កម្ពុជា​, អង្គការ JICA, ការិយាល័យ​ឧត្តមស្នងកា​រ​ទទួលបន្ទុក​សិទ្ធិមនុស្ស ប្រចាំ​កម្ពុជា ជាដើម ដែល​សិក្ខាសាលា​នេះ​មាន​អ្នកចូលរួម​សរុប​ប្រមាណ ១៥០ នាក់​។​

​សិក្ខាសាលា​ពិគ្រោះ​យោបល់​នេះ ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង​ដើម្បី​ប្រមូល​ធាតុ​ចូល​សំខាន់ៗ​បន្ថែមទៀត ពី​គ្រប់​តួអង្គ​ដែល​មាន​ការពាក់ព័ន្ធ សំដៅ​ធ្វើឱ្យ​សេចក្តីព្រាង​ព្រះរាជក្រឹត្យ​នេះ​កាន់តែ​មាន​ភាព​គ្រប់​ជ្រុងជ្រោយ និង​ដើម្បី​បញ្ជ្រាប​នូវ​ការ​យល់​ដឹង​ជា​បណ្តើរៗ អំពី​ទិសដៅ​ការងារ​កែទម្រង់​ប្រព័ន្ធយុត្តិធម៌ ជាពិសេស ការងារ​ពាក់ព័ន្ធ​នឹង​ការដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ ដែល​ក្រសួង​យុត្តិធម៌​នឹង​ដាក់ឱ្យអនុវត្ត​នៅពេល​ខាងមុខ​នេះ តាម​ការប្រគល់​ភារកិច្ច​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​សម័យ​ប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​លើកដំបូង កាលពី​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០២៣៕​