​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អញ្ជើញ​ទស្សនៈកិច្ច​វិទ្យាស្ថាន​ជាតិ​សង្គមកិច្ច អង្គកា​រអ៉ិក​ស៊ីដ​វើល​វ៉ាយ និង​មជ្ឈមណ្ឌល​ទារក​និង​កុមារ​ជាតិ​

នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០២៣ ឯកឧត្តម ជា សុ​មេធី រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​ដឹកនាំ​ឥស្ស​ជន​និង​មន្ត្រី​ជំនាញ​ក្រោម​ឱវាទ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា អញ្ជើញ​ទស្សនៈកិច្ច​វិទ្យាស្ថាន​ជាតិ​សង្គមកិច្ច អង្គកា​រអ៉ិក​ស៊ីដ​វើល​វ៉ាយ និង​មជ្ឈមណ្ឌល​ទារក​និង​កុមារ​ជាតិ ដែល​មាន​ទីតាំង​ស្ថិតក្នុង​ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ឯកឧត្តម ជា សុ​មេធី បាន​អញ្ជើញ​ជួប​និស្សិត​តាម​បន្ទប់​សិក្សា​និមួយៗ​ដែល​មាន​និស្សិត​កំពុង​សិក្សា​នៅ​ទីនោះ និង​បាន​កោតសរសើរ​ដល់​គណៈ​គ្រប់គ្រង​វិទ្យាស្ថាន​ដែល​បានខិត​ខំ​ធ្វើ​ការបណ្តុះបណ្តាល​ជំនាញ​ដល់​និស្សិត​នៅ​ទី​នោះ​រួម​ទាំង​និស្សិត​ខ្មែរ និង​បរទេស​។​

​ក្នុង​ជំនួប​ជាមួយ​សាស្ត្រាចារ្យ និង​និស្សិត​ក្នុង​វិទ្យាស្ថាន​ជាតិ​សង្គមកិច្ច អង្គកា​រអ៉ិក​ស៊ីដ​វើល​វ៉ាយ និង​មជ្ឈមណ្ឌល​ទារក​និង​កុមារ​ជាតិ ឯកឧត្តម ជា សុ​មេធី បាន​ថ្លែង​ថា​បញ្ហា​ពិការភាព​គឺជា​កិច្ចការ​សំខាន់​មួយ​ដែល​ត្រូវ​យកចិត្តទុកដាក់ ក្នុងនោះ​រួម​មាន​ការ​ស្តារនីតិសម្បទា​ជូន​ជន​ដែល​បាត់បង់​កាយសម្បទា​។ ឯកឧត្តម ជា សុ​មេធី បាន​លើកឡើង​ថា​បច្ចុប្បន្ន​ជន​មាន​ពិការភាព​មាន​ការកើនឡើង​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ គ្រោះថ្នាក់​ដោយ​គ្រាប់​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ និង​ជំងឺ​ទឹកនោម​ផ្អែម​។​ល​។ ដែល​ទាមទារ​ឱ្យមាន​ការជួយ​ស្តារ​កាយសម្បទា​ឱ្យបាន​ល្អ​ចំពោះ​ប្រជាជន​ដែល​មាន​តម្រូវការ​។​

​រដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​អង្គកា​រអ៉ិក​ស៊ីដ​វើល​វ៉ាយ ដែល​បាន​ចូលរួម​ជួយ​និង​សហការ​ជាមួយ​វិទ្យាស្ថាន​ជាតិ​សង្គមកិច្ច និង​បាន​ថ្លែងអំណរគុណ​ចំពោះ​លោកគ្រូ អ្នកគ្រូ អ្នក​ជួយ​មើលថែ​ទារក​និង​កុមារ ពិសេស​កុមារ​ដែល​មាន​ពិការភាព​ធ្ងន់ធ្ងរ​។​

​វិទ្យាស្ថាន​ជាតិ​សង្គមកិច្ច​ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ​២០១១ ក្នុង​គោលដៅ​អប់រំ​បណ្តុះបណ្តាល និង​សិក្សា​ស្រាវជ្រាវ​មន្ត្រីរាជការ​ផ្ទៃ​ក្នុង​ក្រសួង និង​មន្ត្រី​ពាក់​ពន្ធ​អនុវត្ត​ការងារ​សង្គមកិច្ច សិក្សា​ស្រាវជ្រាវ​លើ​វិស័យ​សង្គមកិច្ច​ដើម្បី​ឆ្លើយ​នឹង​សំណូមពរ​និង​តម្រូវការ​ជាក់ស្តែង សម្រាប់​បម្រើ​ឧត្តម​ប្រយោជន៍​ដល់ជ​ន​រងគ្រោះ​និង​ងាយ​រងគ្រោះ​តាំងពី​ចាប់កំណើត​ក្នុង​ផ្ទៃ​រហូតដល់​ស្លាប់​។ “​នេះ​បើ​តាម​ការលើកឡើង​របស់លោក វង្ស ភាៈ នាយករង​វិទ្យាស្ថាន​ជាតិ​សង្គមកិច្ច​”​។​
​វិទ្យាស្ថាន​មាន​បេសកកម្ម​ធំ​ពីរ​គឺ បណ្ដុះបណ្ដាល និង ស្រាវជ្រាវ​លើ​វិស័យ​សង្គមកិច្ច​។ បច្ចុប្បន្ន វិទ្យាស្ថាន​មាន​មន្ត្រី​សរុប​ចំនួន ៧៨​រូប គ្រូបង្រៀន ៣៨​រូប មន្ត្រី​ជាប់​កិច្ចសន្យា ៤​រូប​។​

​វិទ្យាស្ថាន​បាន​បណ្ដុះបណ្ដាល​និស្សិត​ចំនួន ៧​ជំនាន់​រួចមកហើយ ស្មើរ​នឹង​និស្សិត​សរុប​ចំនួន ៤៥៧ នាក់​ក្នុងនោះ​និស្សិត​ជំនាញ​សង្គមកិច្ច​វិទ្យា​មាន​ចំនួន ១២៨​នាក់ និង​និស្សិត​បរទេស​ចំនួន ១៨​នាក់​។ រី​ឯ​និស្សិត​ជំនាញ​សង្គមកិច្ច​វិទ្យា​ទាំង ១២៨​នាក់ និស្សិត​ដែល​បាន​ចូល​បម្រើ​ការងារ​រដ្ឋ​ក្នុង​ចន្លោះ​ប្រមាណ​ពី ១៥-២០​ភាគរយ​ប៉ុណ្ណោះ​ចំនួន​នេះ​តិចតួច​នៅឡើយ​បើ​ទៀប​ទៅនឹង​តម្រូវការ​ជាក់ស្តែង​ក្នុងសង្គម​។​

​រីឯ អង្គការ​អង្គកា​រអ៉ិក​ស៊ីដ​វើល​វ៉ាយ ជា​សាលា​បណ្តុះបណ្តាល​អ្នកបច្ចេកទេស​ផលិត​នឹង​បំពាក់​ឧបករណ៍​អវយវយៈ​សិប្បនិម្មិត​និង​រណប​កម្ពុជា (​នៅ​ប្រទេស​ជិតខាង​និង​ប្រទេស​ជាច្រើន​ទៀត​គេ​ហៅថា​គ្រូពេទ្យ​អវយវៈ​សិប្បនិម្មិត​និង​រណប​) បាន​មាន​វត្តមាន​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​ឆ្នាំ​១៩៩៤ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​អ្នកបច្ចេកទេស​ផលិត​នឹង​បំពាក់​ឧបករណ៍​អវយវៈ​សិប្បនិម្មិត​និង​រណប ជូន​ដល់​ជន​មាន​ពិការភាព​ដោយសារ​សង្គ្រាម និង​ជំងឺ​ផ្សេងៗ​។​
​ការបង្កើត​សាលា​បណ្តុះបណ្តាល​នេះ​គឺ​ទទួលបាន​ការគាំទ្រ​ពី​ក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន​និង​យុវនីតិសម្បទា​ជាមួយនិង អង្គការ​ទាំង​១១ ផ្សេង​ទៀត​ដែល​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្រោម​វិស័យ​ដូចគ្នា​។

​នៅ​ពេល​ចាប់ផ្តើម សាលា​មាន​ទីតាំង​បណ្ដោះអាសន្ន​នៅ​មន្ទី​ពេ​ទ កាល់ម៉ែ​ត្រ បន្ទាប់មក​ក៏​ត្រូវបាន​ផ្លាស់ប្ដូរ​ទៅរក​ទីតាំង​ថ្មី ដែល​សាលា​ត្រូវ​ជួល​ឃ្លាំង​មួយកន្លែង​ក្នុង​សង្កាត់​ទួល​សង្កែ​ខណ្ឌ​ឬ​ស្សី​កែវ​ដើម្បី​បន្ត ដំណើរការ​បណ្តុះបណ្តាល​របស់ខ្លួន​។ ការសង​សង់សាលា​បានបញ្ចប់​នឹង​សម្ភោ​ធ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន កាលពី​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១០​។​

​សាលា​បាន​បណ្ដុះបណ្ដាល​អ្នកបច្ចេកទេស​ផលិត​នឹង​បំពាក់​ឧបករណ៍​អវយវយៈ​សិប្បនិម្មិត​និង​រណបនៅក្នុង​ព្រះរា​ជាណា​ចក្រ​កម្ពុជា និង​មាន​កម្មវិធី​បណ្តុះបណ្តាល​ដែល​ត្រូវ​បាន​ទទួលយក​ជា​គំរូ​ក្នុង​ការបង្កើត​សាលា​នៅ​ប្រទេស​ក្នុង​តំបន់​ដូចជា ស្រីលង្កា ប្រទេស​អ៊ុន​ដូនេ​ស៊ី ប្រទេស​ថៃ ប្រទេស​ហ្វីលីពីន នឹង​ប្រទេស​មី​យ៉ាន​ម៉ា​។​

​ក្នុង​ឆ្នាំ ២០១៣ សាលា​ត្រូវ​បាន​ដាក់បញ្ចូល​ទៅ​ក្នុង​វិទ្យាស្ថាន​ជាតិ​សង្គមកិច្ច ក្រោម​ប្រកាស​របស់​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង យុវ​និតិសិម្បទា ជា​ដេ​ប៉ាតឺ​ម៉ង​វិស្វកម្ម​ឧបករណ៍អ​វយ​វយៈ​សិប្បនិម្មិត និង​រណប​រហូតមក​ដល់ពេល​បច្ចុប្បន្ន​។

​សាលា​មាន​កម្មវិធី​បង្រៀន​ពីរ​កម្រិត​គឺ​កម្រិត​ប​រិញ្ញ​ប​ត្រ​សិក្សា​រយៈពេល​បី​ឆ្នាំ​លើ​ជំនាញ​អ្នកបច្ចេកទេស​ផលិត​នឹង​បំពាក់​ឧបករណ៍​អវយវយៈ សិប្បនិម្មិត​និង​រណប និង​កម្រិត​វិញ្ញ​បន​ប​ត្រ​សិក្សា​រយៈពេល​មួយ​ឆ្នាំ​លើ​ជំនាញ​ជំនួយការ​អ្នកបច្ចេកទេស​ផលិត​អវយវយៈ​សិប្បនិម្មិត​និង រណប​កម្រិត​ទាំងពីរ​នេះ​ត្រូវបាន​ទទួលស្គាល់​ដោយ​សមាគម​អន្តរជាតិ​អ្នកបច្ចេកទេស​អវយវៈ​សិប្បនិម្មិត​និង​រណប (ISPO) ក្នុង​ឆ្នាំ ១៩៩៨ និង​ពី​ស្ថាបន​ស្តង់ដារ​អន្តរជាតិ ISO ពី​ឆ្នាំ​២០០២​។​
​សាលា​ចាប់ផ្តើម​ទទួល​បណ្ដុះបណ្តាល​និស្សិត​អន្តរជាតិ​ពី​ឆ្នាំ​១៩៩៨​។​

​ដោយឡែក មជ្ឈមណ្ឌល​ទារក​និង​កុមារ​ជាតិ កំពុង​ផ្តល់​សេវា​ថែទាំ​ដល់​ទារក​និង​កុមារ​សរុប​ចំនួន ១៧០​នាក់ មាន​អាយុ​ចន្លោះ​ពី ៣​ខែ ដល់​៤៣​ឆ្នាំ ក្នុង​កុមារ​មាន​ពិការភាព​ចំនួន​១៥៦ កុមារ​មាន​ផ្ទុក​ជំងឺ​ហ៉ី​វ (HIV) ចំនួន​៧​នាក់ និង​កុមារ​ធម្មតា​ចំនួន​០៧​។ មជ្ឈមណ្ឌល​នេះ​មន្ត្រី​និង​បុគ្គលិក​មើលថែ​សរុប​ចំនួន​៨៣​នាក់​។​

​ក្នុងចំណោម​កុមារ និង​យុវជន​មាន​ពិការភាព​ទាំង ១៧០​នាក់​ខាងលើ មាន​កុមារ​និង​យុវជន​ចំនួន ៧៥​នាក់ អាច​ទទួល​ទាន​អាហារ​ដោយ​ខ្លួនឯង​បាន និង​កុមារ​និង​យុវជន​ចំនួន ៩៥​នាក់​ត្រូវការ​អ្នក​ថែទាំ​បញ្ចុក​។ កុមារ​ចំនួន ៣៥​នាក់ ត្រូវ​ទទួល​ទាន​បបរ​រ៉េ​ហ្សីម និង​កុមារ​ចំនួន ៣០​នាក់ ត្រូវ​ប្រើប្រាស់ (​លេប​) ថ្នាំ​ប្រកាច់​ជា​រៀងរាល់ថ្ងៃ​។​

​កុមារ​និង​យុវជន​ទាំង​នោះ​ភាគច្រើន ទទួល​ពី​មន្ទីរពេទ្យ​គន្ធបុប្ផា មន្ទីរពេទ្យ​កុមារ​ជាតិ មន្ទី​ពេទ្យ​ជប៉ុន និង​ទទួល​ពី​អាជ្ញាធរ​ដែនដី​ដែល​ត្រូវបាន​ឪពុក​ម្តាយ ឬ​សាច់ញាតិ​បោះបង់ចោល ឬ​ស្លាប់​ចោល និង​មួយចំនួន​ត្រូវ​ឪពុក​ម្តាយ​បោះបង់​ចោល​នៅ​ខាង​មុខ​មជ្ឈមណ្ឌល​តែម្តង​៕​