អ្នកសម្របសម្រួល​អង្គ​ការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា បាន​បញ្ជាក់​ពី​ជំហរ​ធ្វើ​កិច្ចសហការ​ជាមួយ​កម្ពុជា​សម្រាប់​ក្របខណ្ឌ​នៃ​វិស័យ​ព័ត៌មាន​

លោក ចូ​សែ​ហ្វ សូ​វ័រ អ្នកសម្របសម្រួល​អង្គ​ការ សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា បាន​បញ្ជាក់​ពី​ជំហរ​ក្នុង​នាម​អង្គការ​សហប្រជាជាតិ​ធ្វើ​កិច្ចសហការ​ជាមួយ​កម្ពុជា​ក្នុង​ក្របខណ្ឌ​នៃ​វិស័យ​ព័ត៌មាន ដោយ​ត្រៀមខ្លួន​ក្នុង​ការផ្តល់​ជំនួយ​បច្ចេកទេស​ផ្សេងៗ​ដល់​ក្រសួង​ព័ត៌មាន ក្នុងករណី​មាន​តម្រូវការ​។

​ជំហរ​សហប្រតិបត្តិកា​រ​ដែល​ត្រូវបាន​ទទួល​ស្វាគមន៍​ដោយ​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​បាន​ស្នើ​មន្ត្រី​សម្របសម្រួល​អង្គការសហប្រជាជាតិ ជួយ​លើ​ការងារ​ពង្រឹង​សមត្ថភាព​និង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​។ ការបញ្ជាក់​ពី​គោលជំហរ​សហប្រតិបត្តិ​ការ​ក្នុង​ភាព​ជា​ដៃគូ​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុងឱកាស​នៃ​កិច្ចប្រជុំ​ពិភាក្សា​ការងារ​ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន នៅ​រសៀល​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០២៣ នា​ទីស្តីការ​ក្រសួង​ព័ត៌មាន​។​

​មន្ត្រី​សម្របសម្រួល​អង្គការសហប្រជាជាតិ បាន​សម្តែង​ការចូលរួម​អបអរសាទរ​ចំពោះ ឯកឧត្តម នេត្រ ភ​ក្ត្រា ដែល​ត្រូវបាន​តែងតាំង​ជា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន សម្រាប់​អាណត្តិ​ទី​៧ នេះ និង​បាន​បង្ហាញ​ពី​គោលជំហរ​សហប្រតិបត្តិ​ការ​ស្អិតរ​មួ​ត​លើ​វិស័យ​ផ្សេងៗ​។

​ជា​ការឆ្លើយតប ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា បាន​សម្តែង​នូវ​អំណរគុណ​ជូន​លោក ចូ​សែ​ហ្វ សូ​វ័រ ក្នុងនាម​មន្ត្រី​សម្របសម្រួល​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា ដែល​បាន​ជួយ​ដល់​ប្រទេស​កម្ពុជា ក្នុង​រយៈពេល​កន្លង​ទៅ​នេះ ហើយ​សម្រាប់​ទៅ​ពេល​ខាង​មុខ​ទៀត គឺមាន​កិច្ចសហប្រតិបត្តិការ​ជាច្រើន​ដែល​ត្រូវ​ធ្វើ​ជាមួយគ្នា នៅក្នុង​ក្របខណ្ឌ​វិស័យ​ព័ត៌មាន​។​

​ជាមួយគ្នានេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ជម្រាបជូន​មន្ត្រី​សម្របសម្រួល​អង្គការសហប្រជាជាតិ​នៅ​កម្ពុជា​ពី​កិច្ចការ​អាទិភាព​ការងារ​របស់​រាជរដ្ដ្ដ្ឋាភិបាល​កម្ពុ​ជា​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​ការបម្រើ​ប្រជាពលរដ្ឋ​។

​ដោយឡែក​ក្នុង​ក្របខណ្ឌ​នៃ​ក្រសួង​ព័ត៌មាន ឯកឧត្តម​រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា បាន​ជម្រាបជូន​ពី​អាទិភាព​ការងារ​របស់​ក្រសួង​ក្នុង​ធ្វើ ទំនើបកម្ម​ស្ថាប័ន រដ្ឋបាល​ទំនើប ពង្រឹង​សមត្ថភាព​របស់​មន្ត្រី និង​ការបណ្តុះបណ្តាល​ដល់​អ្នក​សារព័ត៌មាន ដើម្បី​បង្កើន​ធនធានមនុស្ស​ផ្នែក​សារព័ត៌មាន​ឱ្យ​កាន់តែ​សំបូរ​និង​ប្រកបដោយ​គុណភាព​នៅ​ក្នុង​ប្រទេស​កម្ពុ​ជា​។​

​ឯកឧត្តម​បាន​ថ្លែងថា កិច្ច​ការងារ​អាទិភាព​ទាំងនេះ​គឺ​ត្រូវ​ធ្វើ​ចាប់ពី​ឆ្នាំ​២០២៣​ត​ទៅ​ដែល​ដើរ​ស្រប​នឹង​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​ក្នុងកា​រកសា​ង​ប្រទេស​កម្ពុជា​ឱ្យទៅ​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​ជា​ប្រទេស​អភិវឌ្ឍន៍​។

​សម្រាប់​វិស័យ​ព័ត៌មាន ក៏​បាន​ផ្តោត​ជា​សំខាន់​ទៅលើ​គុណភាព​សារព័ត៌មាន ដែល​សំដៅ​ធ្វើយ៉ាងណា​ឱ្យ​ការសរសេរ​អត្ថបទ​ព័ត៌មាន មាន​គុណភាព សុីជម្រៅ ការផ្សព្វផ្សាយ​បាន​លឿន​រហ័ស ពិសេស​ពង្រឹង​ក្រម​សីល​ធ​ម៍​វិជ្ជាជីវៈ​ដល់​អ្នកសារព័ត៌មាន​ឱ្យ​កាន់តែ​រឹងមាំ តាមរយៈ​ការរៀបចំ​ឱ្យ​មាន​ស្តង់ដា​ប្រតិបត្តិ​រួម​មួយ​សម្រាប់​អ្នកសារព័ត៌មាន​ទាំងអស់​អនុវត្ត​ប្រកបដោយ​វិជ្ជាជីវៈ និង​មាន​គុណភាព ដើម្បី​ការពារ​ដល់​អ្នកសារព័ត៌មាន ពិសេស​ពង្រឹង​គុណភាព​សារព័ត៌មាន​អោយបាន​ល្អ ផ្តល់​អត្ថបទ​ប្រកបដោយ​ខ្លឹមសារ មាន​ផលប្រយោជន៍​ដល់​អ្នកអាន ។​

​ក្នុង​កិច្ចពិភាក្សា​ការងារ​នេះ​ដែរ ភាគី​ទាំងពីរ​បាន​ប្តេជ្ញា​ក្នុងការ​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា រវាង​ក្រសួង​ព័ត៌មាន និង​តំណាង​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា ក្នុង​ភាព​ជា​ដៃគូ​ស្មោះត្រង់ និង​គោរព​គ្នា​ទៅវិញទៅមក ហើយ​តម្កល់​ផលប្រយោជន៍​រួម​៕