រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ ស្វាគមន៍​ចំពោះ​រាល់​ការផ្សាភ្ជាប់​ទំនាក់ទំនង និង​ការសិក្សា​កាលានុវត្តភាព កិច្ចសហការ​នានា​ក្នុង​វិស័យ​មុខងារសាធារណៈ ជាមួយ​តួ​ក​គី​

​នៅ​ថ្ងៃ​ទី​២២ ខែ​កញ្ញា ឆ្នាំ​២០២៣ ឯកឧត្តម ហ៊ុន ម៉ា​នី រដ្ឋមន្ត្រី ក្រសួង​មុខងារសាធារណៈ បាន​ស្វាគមន៍​ចំពោះ​រាល់​ការផ្សាភ្ជាប់​ទំនាក់ទំនង និង​ការសិក្សា​កាលានុវត្តភាព​កិច្ចសហការ​នានា ជាមួយ​ភាគី​តួ​ក​គី​ទាំង​ក្នុង​កម្រិត​ក្រសួង និង​សាលា​ភូមិន្ទ​រដ្ឋបាល រួម​មាន​ការបណ្តុះបណ្តាល ការផ្តល់​ឱកាស​អាហារូបករណ៍ ព្រមទាំង​គំនិត​ផ្តួចផ្តើម​ផ្សេងៗ​ក្នុង​វិស័យ​មុខងារ​ស​ធា​រណៈ ដោយ​ឈរ​លើ​មូលដ្ឋាន​ផ្តល់​ប្រយោជន៍​ដល់​ជាតិ និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​។

​ការប្រកាស​នេះ ក្នុង​ឱកាស​ជួបពិភាក្សា​ការងារ​រវាង​ឯកឧត្តម ហ៊ុន ម៉ា​នី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ ជាមួយ​លោក​ជំទាវ Ülkü Kocaefe ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​តួ​ក​គី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា នា​ព្រឹក​ថ្ងៃ​សុក្រ ទី​២២ ខែ​កញ្ញា ឆ្នាំ​២០២៣ នៅ​ទីស្តីការក្រសួង​មុខងារសាធារណៈ​។ បន្ទាប់ពី​បាន​ទទួល​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​។​

​លោកជំទាវ​ឯកអគ្គរដ្ឋទូត បាន​សម្តែង​នូវ​ការពេញចិត្ត និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​រវាង​ប្រទេស​ទាំង​ពីរ ជាពិសេស​ល​លើ​វិស័យ​នយោបាយ ពាណិជ្ជកម្ម ការវិនិយោគ និង​វិស័យ​អប់រំ ដោយ​ក្នុង​នោះ​បន្ថែម​លើ​វិស័យ​ខាងលើ លោកជំទាវ មាន​បំណង​ពង្រីក​វិសាលភាព​នៃ​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​មុខ​សាធារណៈ នៃ​ប្រទេស​ទាំង​ពីរ​។​

​ជា​ការឆ្លើយតប ឯកឧត្តម​រដ្ឋមន្ត្រី ហ៊ុន ម៉ា​នី បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​តួ​ក​គី ដែល​បាន​រួមចំណែក​ជួយ​អភិវឌ្ឍ​លើ វិស័យ​សំខាន់ៗ ក្នុង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ រយៈពេល​ជាង​៦៤ ឆ្នាំ​នៃ​ប្រទេស​កម្ពុជា​-​តួ​ក​គី​។

​ឯកឧត្តម​បាន​កត់សម្គាល់​ថា ជាមួយនឹង​កិច្ចសហប្រតិបត្តិកា​រ​កន្លងមក ប្រទេស​ទាំង​ពីរ​នៅ​មាន​សក្ដានុពល​ជាច្រើន សម្រាប់​ពង្រីក និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​បន្ត​ឆ្ពោះទៅមុខ​គ្រប់​កម្រិត ទាំង​រវាង​រដ្ឋាភិបាល និង​ប្រជាជន​ផងដែរ​។​

​ជាមួយគ្នានេះ ខណៈ​ពេល​បច្ចុប្បន្ន កិច្ចសហប្រតិបត្តិការ កម្ពុជា​-​តួ​ក​គី ផ្តោត​លើ​ការបន្ត​ជំរុញ​កំណើន​ទំហំ​ពាណិជ្ជកម្ម ការ​ផ្សារភ្ជាប់​ទំនាក់ទំនង​រវាង​វិស័យ​ឯកជន​នៃ​ប្រទេស​ទាំង​ពីរ ឯកឧត្តម ហ៊ុន ម៉ា​នី បាន​យក​ឱកាស​នេះ​រម្លឹក​ជូន​លោក​ជំទាវ​ឯកអគ្គរដ្ឋទូត​នូវ​ប្រសាសន៍​របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ដែល​បាន​លើកឡើង​ថា​៖ «​សូម​កុំ​មើល​កម្ពុជា ត្រឹម​កម្ពុជា ត្រូវ​មើល​កម្ពុជា​ឱ្យ​ឆ្ងាយ​ជាង​នេះ គឺ​កម្ពុជា​ជា​សមាជិក​អាស៊ាន និង​ជា​ច្រក​មួយ​នៃ​កិច្ចសហប្រតិបត្តិការ និង​ទីផ្សារ​ក្នុង​ប្រទេស​សមាជិក​អាស៊ាន​ដ៏​ទៃ​ផ្សេងទៀត​»៕