ក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់បញ្ជូនមន្ត្រីរាជការ ០៨រូប ទៅចូលរួមសិក្ខាសាលានៅក្រុងអ៊ូហាន រយៈពេល២០ថ្ងៃ និងនៅក្រុងឆឹងទូ រយៈពេល១៣ថ្ងៃ នៃសាធារណការរដ្ឋប្រជាមានិតចិន ចូលរួមអនុវត្តគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១
នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ឡាវ វ៉ាន់ រដ្ឋលេខាធិការ បានអញ្ជើញជួបសំណះសំណាលជាមួយមន្ត្រីរាជការនៃក្រសួងសាធារណការ និងដឹកជញ្ជូន ចំនួន០៨រូប ដែលត្រៀមចេញទៅសិក្ខាសាលានៅប្រទេសចិន ដោយមានការអញ្ជើញចូលរួមពីលោក Wang Peng លេខាទី១ នៃស្ថានទូតចិនប្រចាំកម្ពុជា។
មន្ត្រីរាជការទាំង០៨រូប នឹងទៅចូលរួមសិក្ខាសាលានៅខេត្តចំនួនពីរ (ទី១) ចំនួន០៤រូប ទៅក្រុងអ៊ូហាន ខេត្តហ៊ូប៉ី ក្រោមប្រធានបទ «ការអភិរក្ស បរិស្ថាន និងសេដ្ឋកិច្ចបៃតង» រៀបចំដោយមហាវិទ្យាល័យបណ្តុះបណ្តាលវិជ្ជាជីវៈបច្ចេកវិទ្យាជីវសាស្ត្រ មានរយៈពេល២០ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ និង(ទី២) ចំនួន០៤រូបទៀតទៅក្រុងឆឹងទូ ខេត្តស៊ីឈួន ក្រោមប្រធានបទ «សំណង់និងផែនការផ្លូវដែកសម្រាប់បណ្តាប្រទេសអាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូង» រៀបចំដោយមជ្ឈមណ្ឌលបណ្តុះបណ្តាល នៃក្រសួងពាណិជ្ជកម្មចិន មានរយៈពេល១៣ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។
ក្នុងកិច្ចសំណេះសំណាលនេះ ឯកឧត្តម ឡាវ វ៉ាន់ បានលើកទឹកចិត្តដល់មន្ត្រីរាជការដែលនឹងទៅចូលរួមសិក្ខាសាលាឱ្យខិតខំប្រមូលយកធាតុចូលនិងបទពិសោធន៍ល្អៗពីមិត្តចិន ដោយផ្តោតលើការអភិវឌ្ឍបៃតងស្របតាមគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិឆ្នាំ២០៣០ ហើយកាលានុវត្តដែលមន្ត្រីរាជការទាំង៤រូបទទួលបានក្នុងសិក្ខាសាលាលើកនេះគឺជាទិសដៅមួយដែល ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន តែងតែជំរុញដល់ការពង្រឹងគុណភាព និងពង្រីកបរិមាណមូលធនបញ្ញារបស់មន្ត្រីរាជការ ដើម្បីចូលរួមអនុវត្តប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលក្នុងចរន្តគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ ក្រោមការដឹកនាំដ៏វាងវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីប្រសិទ្ធភាពការងារ និងកំណើនសេដ្ឋកិច្ចជាតិ កាត់បន្ថយភាពក្រីក្រ ពង្រឹងសមត្ថកិច្ច លើកកម្ពស់គុណភាពស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងធានាចីរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។
លោក ស យីលីន ប្រធាននាយកដ្ឋានអង្កេតនិងបូកសរុប នៃអគ្គនាយកដ្ឋានភស្តុភារកម្ម ក្នុងនាមគណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន ដែលទៅចូលរួមវគ្គសិក្ខាសាលានេះបានបង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់ដើម្បីស្រូបយកនូវពុទ្ធិ និងបទពិសោធន៍ដែលទទួលបានពីវគ្គសិក្ខាសាលានេះយកមកចែករំលែកបន្ត ហើយចូលរួមចំណែកពង្រឹង និងពង្រីកថែមទាំងនូវចំណងទាក់ទងជាប្រពៃណីរវាងប្រជាជននិងប្រជាជននៃប្រទេសយើងទាំងពីរកម្ពុជានិងចិនថែមទៀតផង។
លោក Wang Peng លេខាទី១ស្ថានទូតចិនប្រចាំកម្ពុជា បានគូសបញ្ជាក់ថា ស្ថានទូតចិនប្រចាំកម្ពុជាតែងបានចូលរួមគាំទ្រដល់បេសកកម្មរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ហើយក្នុងខែតុលា ឆ្នាំ២០២៣ តាមរយៈ ឯកឧត្តម ឡាវ វ៉ាន់ ស្ថានទូតចិនប្រចាំកម្ពុជាបានផ្តល់ជូនដល់មន្ត្រីរាជការនៃក្រសួងសាធារណការនិងដឹកជញ្ជូន ចំនួន៨រូប ទៅចូលរួមសិក្ខាសាលាចំនួន២ខេត្តនៅក្នុងប្រទេសចិន ហើយនៅឆ្នាំ២០២៤ខាងមុខ ស្ថានទូតចិនប្រចាំកម្ពុជានឹងបន្តផ្តល់ និងពង្រីកបរិមាណកាន់តែច្រើនទៀតដល់មន្ត្រីរាជការក្រសួងសាធារណការ និងដឹកជញ្ជូន សម្រាប់ទៅចូលរួមក្នុងវគ្គសិក្ខាសាលានានាក្នុងប្រទេសចិនផងដែរ៕