​ទីតាំង​ល្បែងស៊ីសង​ហ្គេម​អន​ឡាញ​មួយកន្លែង កំពុង​ដំណើរការ​យ៉ាង​រលូន​ដោយ​គេ​ពុំ​ទាន់​ឃើញ​សមត្ថកិច្ច​ខ័ណ្ឌ​៧​មករា ចុះបង្ក្រាប​

ភ្នំពេញ​: ទីតាំងណេត អត់​យីហោ​មួយកន្លែង សង្ស័យ​អត់​ច្បាប់ ស្ថិត​នៅ​ផ្សារ​ឌុយ​ម៉ិច ផ្ទះ​លេខ​៥១Eo ផ្លូវ ១៣៤ សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មករា កំពុង​បើក​ល្បែងស៊ីសង​តាម​អន​ឡា​ញ Joker និង​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ផ្សេង​ទៀត​យ៉ាង​រលូន ដោយ​គេ​ពុំ​ទាន់​ឃើញ​សមត្ថកិច្ច ខ័ណ្ឌ​៧​មករា ធ្វើការ​បង្ក្រាប​។​

​តាម​ការលើកឡើង​របស់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែ​នោះ​បានឲ្យដឹងថា ទីតាំង​លេង​ល្បែងស៊ីសង​មួយ​កន្លែង​នោះ បើក​ទទួលភ្ញៀវ​លេង​ទាំង​យប់​ទាំង​ថ្ងៃ ជាពិសេស​សម្បូរ​ទៅដោយ​ជន​មាន​ប្រវត្តិ​មិនល្អ គ្មាន​មុខរបរ​ពិតប្រាកដ ចូល​ទៅ​លេង​ហ្គេម Joker យ៉ាង​សប្បាយ ដោយ គេ​ពុំ​ឃើញ​អាជ្ញាធរ​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​ចុះបង្ក្រាប​ទប់ស្កាត់​ទេ​។​

​ប្រជាពលរដ្ឋ​ដែល​ជិតខាង​នោះ បាន​លួច​បង្ហើប​ទៀតថា រាល់ថ្ងៃ​ពួកគាត់​មាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង ចំពោះ​សុខទុក្ខ​របស់​ពួកគាត់ ជាពិសេស គឺ​នៅ​ពេលយប់ ព្រោះ​ទីតាំងណេត​បង្កប់​ល្បែងស៊ីសង​ខុសច្បាប់​មួយ​នេះ​កំពុងបើក​ដំណើរការ​យ៉ាង​រលូន​នៅក្នុង​មូលដ្ឋាន​ពួកគាត់​កំពុង​រស់នៅ និង​សំបូរ​ទៅ​ដោយ​ជន​ញៀន​ល្បែង​ដែល​មាន​សភាព ស្លេកស្លាំង​ដូច​ជន​ញៀន​ថ្នាំ​ផងដែរ​។​

​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​សង្កាត់​មនោ​រម្យ បាន​សំណូមពរ​ទៅ​ដល់​លោក លឹម ភា អភិបាល នៃ​គណៈ​អភិបាលខណ្ឌ ៧​មករា និង​លោក នេ​ត ស៊ីថុន អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ ៧​មករា សូមមេត្តា​ជួយ​ទប់ស្កាត់​បទល្មើស​ល្បែងស៊ីសង​ខុសច្បាប់​ខាងលើ​នេះ​ផង​៕