ថ្នាក់ដឹកនាំ​ធនាគារ​ចិន​គ្រុប បាន​បង្ហាញ​នូវ​ក្តីសង្ឃឹម​ជឿជាក់ថា ក្រោម​ការដឹកនាំ​របស់ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​, វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា នឹង​កាន់តែ​រីកចម្រើន​ជឿនលឿន និង​រឹងមាំ ជាពិសេស​នៅក្នុង​យុគសម័យ​នៃ​សេដ្ឋកិច្ច​ឌីជីថល​

នា​រសៀល​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២៣, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​លោក កឺ ហាយ​ជែវ (GE Haijiao) ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ “​ធនាគារ​ចិន​គ្រុប /BOC Group” ចូលជួប​សម្តែង​ការគួរសម ក្នុងឱកាស​នៃ​ការចូលរួម​ក្នុង “​វេទិកា​ខ្សែក្រវាត់ និង​ផ្លូវ លើក​ទី​៣” នៅ​រដ្ឋធានី​ប៉េកាំង ។​

​ក្នុង​ជំនួប​នេះ លោក​ប្រធាន​ក្រុមប្រឹក្សាភិបាល នៃ​ធនាគារ​ចិន​គ្រុប បាន​ថែ្លងអំណរគុណ​ចំពោះ សម្តេច​ធិបតី ដែល​បាន​អនុញ្ញាត​ឱ្យ​រូបលោក និង​សហការី ចូលជួប​សម្តែង​ការគួរសម ព្រមទាំង​បាន​ជម្រាបជូន​អំពី​ការជួយជ្រោមជ្រែង​របស់​ធនាគារ​ចិន​គ្រុប នៅ​ក្នុង​ការជំរុញ​សកម្មភាព​វិនិយោគ​ពី​ប្រទេស​ចិន​មក​កម្ពុជា ។

​ដោយឡែក លោក កឺ ហាយ​ជែវ ក៏​បាន​ជម្រាបជូន សម្តេច​ធិបតី ផងដែរ អំពី​គម្រោង​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​មកកាន់​ប្រទេស​កម្ពុជា នា​ខែ​វិច្ឆិកា ឆ្នាំ​២០២៣ ខាងមុខនេះ ក្នុង​គោលបំណង​ដើម្បី​ជំរុញ និង​ពង្រីក​បន្ថែម​ទៀត​នូវ​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​រវាង​ប្រទេស​ទាំង​ពីរ តាមរយៈ​ការនាំមក​នូវ​ផលិតផល​ហិរញ្ញវត្ថុ​ថ្មីៗ​  ​និង​បទពិសោធន៍​ដ៏​សម្បូរ​បែប​របស់​ធនាគា​រ​ចិន​គ្រុប ។​

​មួយវិញទៀត ថ្នាក់ដឹកនាំ​របស់​ធនា​គារ​ចិន​គ្រុប បាន​ថ្លែង​នូវ​ការ​កោត​ស​សើរ​ចំពោះ​ការអភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ​របស់​ប្រទេស​កម្ពុជា ជាពិសេស នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ ក្រោម​ការដឹកនាំ​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ក្នុង​រយៈកាល​កន្លងមក ហើយ​លោក​ក៏​បាន​បង្ហាញ​នូវ​ក្តីសង្ឃឹម​ជឿជាក់ថា ក្រោម​ការដឹកនាំ​របស់ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​, វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា នឹង​កាន់តែ​រីកចម្រើន​ជឿនលឿន និង​រឹងមាំ​ថែម​ទៀត ជាពិសេស​នៅក្នុង​យុគសម័យ​នៃ​សេដ្ឋកិច្ច​ឌីជីថល​នេះ ។​

​ជា​ការឆ្លើយតប សម្តេច​ធិបតី បាន​សម្តែង​នូវ​ក្តីរីករាយ​ស្វាគមន៍​ចំពោះ​ជំនួប​ជា​មួយ​ថ្នាក់​នាំ​របស់​ធនាគារ​ចិន គ្រុប នា​ឱកាស​នេះ និង​បាន​បង្ហាញ​នូវ​សុទិដ្ឋិនិយម​ចំពោះ​របាយការណ៍​អំពី​ប្រតិបត្តិការ​អាជីវកម្ម ព្រម​ជាមួយនឹង​ការអបអរសាទរ​ចំពោះ​ជោគជ័យ​របស់​ធនាគារ​ចិន​គ្រុប​នៅក្នុង​ប្រទេស​ចិន​, ទីក្រុង​ហុងកុង និង​បណ្តា​ប្រទេស​នានា​លើ​សកលលោក រួម​ទាំង​នៅក្នុង​ប្រទេស​កម្ពុជា ផងដែរ ។

​យោង​ទៅ​លើ​សមិទ្ធផល​រីកចម្រើន ដែល​ទទួលបាន​ពី​ប្រតិបត្តិការ​អាជីវកម្ម​ក្នុង​រយៈពេល​ជាង ១០ ឆ្នាំ នៅក្នុង​ប្រទេស​កម្ពុជា​, សម្តេច​ធិបតី បាន​ធ្វើ​ការវាយតម្លៃ​ខ្ពស់​ចំពោះ​ការចូលរួម​យ៉ាង​សំខាន់​របស់​ធនាគារ​ចិន​គ្រុប នៅក្នុង​ការពង្រឹង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ក៏ដូចជា​ការជំរុញ​ពាណិជ្ជកម្ម​កម្ពុជា​-​ចិន ដូច​ដែល​ឆ្លុះបញ្ចាំង​តាមរយៈ​ការកើនឡើង​គួរឱ្យ​កត់សម្គាល់​នូវ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ ។ ជាមួយគ្នានេះ សម្តេច​ធិបតី ក៏​បាន​គូសបញ្ជាក់​ផងដែរ​អំពី​សារៈសំខាន់​នៃ​ទំនាក់ទំនង​ដ៏​សកម្ម​រវាង​ប្រជាជន និង​ប្រជាជន នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ ដែល​ពិតជា​បាន​ចូលរួមចំណែក​មិន​អាច​ខ្វះ​បាន​ដល់​កំណើន​នៃ​វិស័យ​ទេសចរណ៍ ។

​ជាងនេះទៅទៀត សម្តេច​ធិបតី ក៏​បាន​សម្តែង​នូវ​ការពេញចិត្ត​ចំពោះ​កិច្ចសហប្រតិបត្តិកា​ររ​វាង​ប្រព័ន្ធ​ហិរញវត្ថុ​នៃ​ប្រទេស​ទាំង​ពីរ ដែល​បាន​សម្រួល​ដល់​ការទូទាត់​សង​ប្រាក់​ឆ្លងដែន​រវាង​ប្រាក់រៀល និង​ប្រាក់​យ័ន ដែល​ចូល​រួមចំណែក​ដល់​ការលើកកម្ពស់​ការប្រើប្រាស់​រូបិយប័ណ្ណ​ក្នុងស្រុក​, ការសម្រួល​ដល់​ភ្ញៀវទេសចរ និង​ការធ្វើ​ពាណិជ្ជកម្ម​ឆ្លងដែន ជាដើម​៕​