សមាជិក សមាជិកា​រដ្ឋសភា នីតិកាល​ទី​៧ អញ្ជើញ​ចូលរួម​ចុះ​ឈ្មោះ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥ ឆ្នាំ​២០២៤

សមាជិក សមាជិកា​រដ្ឋសភា នីតិកាល​ទី​៧ ដែល​ជា​តំណាងរាស្ត្រ​ក្នុង​តំណែង នៅ​ព្រឹក​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០២៣ បានចាប់ផ្ដើម​អញ្ជើញ​ចូលរួម​ចុះឈ្មោះ​បោះឆ្នោត សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥ ឆ្នាំ​២០២៤ នៅ​វិមាន​រដ្ឋ​សភា​។​

​អគ្គលេខាធិការដ្ឋានរ​ដ្ឋ​សភា បាន​ទទួល​សមត្ថកិច្ច​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ក្នុង​ការចុះឈ្មោះ​បោះឆ្នោត​ជូន​អ្នក​បោះឆ្នោត ជា​តំណាងរាស្ត្រ​ក្នុង​តំណែង សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​អាទិត្យ ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ខាងមុខ ដែល​មាន​ការិយាល័យ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​មួយ ត្រូវបាន​បង្កើតឡើង​នៅ​វិមាន​រដ្ឋ​សភា​។​

​ការិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត​នេះ បាន​រៀបចំ​ទទួល​ការចុះ​ឈ្មោះ​តំណាងរាស្ត្រ​ក្នុង​តំណែង រៀង​រាល់​ម៉ោង​ធ្វើការ​ចាប់ពី​ថ្ងៃ​ពុធ ទី​១៨ ខែតុលា ឆ្នាំ​២០២៣ រហូត​ដល់​ថ្ងៃ​ចន្ទ ទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២៣ ពេលព្រឹក ចាប់ពី​ម៉ោង​៧:០០​នាទី ដល់​ម៉ោង​១១:៣០​នាទី និង​ពេល​រសៀល​ចាប់ពី​ម៉ោង​១៤:០០​នាទី ដល់​ម៉ោង ១៧:៣០​នាទី លើកលែងតែ​ថ្ងៃ​សៅរ៍ ថ្ងៃអាទិត្យ និង​ថ្ងៃ​បុណ្យ​ជាតិ​។​

​តំណាងរាស្ត្រ​ក្នុង​តំណែង ដែល​អញ្ជើញ​មក​ចុះ​ឈ្មោះ​បោះឆ្នោត ត្រូវ​ភ្ជាប់​មក​ជាមួយ​នូវ ៖ អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ (​អ​.​ខ​) ឬ ប័ណ្ណ​អភ័យឯកសិទ្ធិ​តំណាងរាស្ត្រ (​អាណត្តិ​ទី​៧)​។​

​សូមជម្រាបថា ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា គឺជា​ការបោះឆ្នោត​អសកល ដែល​អ្នកបោះឆ្នោត និង​អង្គ​បោះឆ្នោត​គឺជា​តំណាងរាស្ត្រ​ក្នុង​តំណែង និង​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់​ក្នុង​តំណែង​នៅក្នុង​ក្របខ័ណ្ឌ​ភូមិភាគ​នី​មួយៗ​។

​តំណាងរាស្ត្រ​ក្នុង​តំណែង​ម្នាក់ៗ និង​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់​ក្នុង​តំណែង​ម្នាក់ៗ មាន​សិទ្ធិ​ចុះ​ឈ្មោះ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នៅ​ការិយាល័យ​បោះ​ឆ្នោត​តែ​មួយ នៅ​ទីប្រជុំជន​រាជធានី ខេត្ត តែមួយគត់​ចំណុះ​ភូមិភាគ​ពាក់ព័ន្ធ​៕​