
ភ្ញៀវជាតិ និងអន្តរជាតិនៅកម្ពុជា ជិត២លាននាក់ បានធ្វើដំណើរកម្សាន្ត នាពិធីបុណ្យភ្ជុំបិណ្ឌរយៈពេលបីរថ្ងៃ
ភ្នំពេញ៖ សម្រាប់ឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣នេះ ប្រជាពលរដ្ឋជិត២លាននាក់បានដើរចេញកម្សាន្តនៅតាមរមណីយដ្ឋាននៅតាមបណ្តាខេត្ត-ក្រុង ។ យោងតាមទិន្នន័យរបស់ក្រសួងទេសចរណ៍ ភ្ញៀវទេសចរជាតិប្រមាណ ១,៨៩ លាននាក់បានធ្វើដំណើរកំសាន្ត ដែលមានចំនួនកើនឡើង ៥២,២% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២២។
ដោយឡែក ទេសចរបរទេសប្រមាណ ២,៧ ម៉ឺននាក់ កើនឡើង ៩០,៥% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២២។
គោលដៅទេសចរណ៍សំខាន់ៗរយៈពេល០៣ថ្ងៃនេះរួមមាន៖
១. ត្បូងឃ្មុំ : ៤៤០.៣០០ នាក់
២. បាត់ដំបង : ២១១.៣២៩ នាក់
៣. កំពង់ឆ្នាំង : ១៦៨.០៦១ នាក់
៤. ព្រះសីហនុ : ១៥៧.០៤៦ នាក់
៥. សៀមរាប : ១២៥.៤៤៩ នាក់
ជាការកត់សម្គាល់លើរបាយការណ៍ស្ថិតិទេសចរណ៍នេះ រួមមាន៖
1− ស្ថិតិទេសចរផ្ទៃក្នុងសរុបប្រមាណ ១,៩២ លាននាក់នេះ គឺរដ្ឋបាលរាជធានីខេត្តបានរាប់បញ្ចូលចំនួន ទេសចរជាតិ និងចំនួនបងប្អូនប្រជាពលរដ្ឋ ដែលបានធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍ទូទាំងប្រទេស ព្រមជាមួយបងប្អូនប្រជាពលរដ្ឋដែលដើរកម្សាន្តនៅតាមភូមិស្រុក និងតាមទីតាំងផ្សេងៗ។
2− ជាមួយគ្នានេះ តាមគោលដៅទេសចរណ៍ខេត្តមួយចំនួនបានរៀបចំព្រឹត្តិការណ៍ផ្សេងៗ ដើម្បីទាក់ទាញទេសចរណ៍ឲ្យមកកម្សាន្តខេត្តរបស់ខ្លួន ក្នុងនោះខេត្តត្បូងឃ្មុំបានរៀបចំព្រឹត្តិការណ៍បុណ្យអុំទូកបណ្តែតប្រទីប ភូមិមួយផលិតផលមួយ ការប្រគុំតន្ដ្រីខ្នាតយក្ស និងការបាញ់កាំជ្រួច និងខេត្តកំពង់ឆ្នាំង មានរៀបចំព្រឹត្តិការណ៍ទេសចរណ៍ជំនឿព្រះពុទ្ធសាសនា ដែលមានការចូលរួមពីទេសចរបរទេសផងដែរ និងការរៀបចំកម្មវិធីដ៏ទៃទៀតនៅគ្រប់រាជធានីខេត្ត ពិសេសនៅតាមទីប្រជុំជនទីរួមខេត្ត ទីរួមស្រុក តំបន់គោលដៅទេសចរណ៍សំខាន់ៗ វត្តអារាម និងនៅតាមភូមិស្រុកនានា គឺជាកត្តាដែលបានទាក់ទាញទេសចរ និងបងប្អូនប្រជាពលរដ្ឋដើរកម្សាន្តយ៉ាងច្រើនកុះករ។
ដោយឡែកសភាពការណ៍សន្តិសុខ សណ្តាប់ធា្នប់ សុវត្ថិភាព ការគ្រប់គ្រងចរន្តភ្ញៀវ និងការគ្រប់គ្រងគុណភាព និងតម្លៃសេវាទេសចរណ៍ មានភាពល្អប្រសើរ កម្លាំងមានសមត្ថកិច្ចទាំងនៅថ្នាក់ជាតិ និងគណៈបញ្ជាការឯកភាពរាជធានីខេត្ត បានអនុវត្តការងារប្រកបដោយការទទួលខុសត្រូវ៕