
ធនាគារជាតិត្រៀមបញ្ចេញសាច់ប្រាក់៤០លានដុល្លារទៀត ដើម្បីបន្តទប់ទល់ស្ថិរភាពប្រាក់រៀល
ធនាគារជាតិនៃកម្ពុជា បាននិងកំពុងត្រៀមបញ្ចេញលុយចំនួន៤០លានដុល្លារបន្ថែមទៀតមកក្នុងទីផ្សារ ក្នុងការបន្តកិច្ចខិតខំប្រឹងប្រែងរក្សាតម្លៃប្រាក់រៀលដែលកំពុងទទួលរងសម្ពាធពីរូបិយបណ្ណសកល។
យោងតាមសេចក្តីប្រកាសរបស់ធនាគារជាតិ លុយទាំង៤០លានដុល្លារនឹងត្រូវដាក់ឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ធនាគារ និងអាជីវករប្តូរប្រាក់ ដេញថ្លៃចំនួន៤លើក ដោយក្នុងមួយលើកត្រូវដេញថ្លៃ១០លានដុល្លារ។ ការដេញថ្លៃនៅលើកទីមួយក្នុងខែតុលានេះ នឹងធ្វើឡើង នៅថ្ងៃទី០៤តុលា បន្ទាប់មកនៅថ្ងៃទី០៦ ទី១០ និងទី១២ ខែតុលា ឆ្នាំ២០២៣។
ធនាគារជាតិបញ្ជាក់ថា នេះគឺជាអន្តរាគមន៍របស់ធនាគារជាតិ ដែលចាប់ផ្តើមធ្វើឡើងតាំងពីដើមខែកញ្ញា ដើម្បីពង្រឹងអំណាចប្រាក់រៀល រក្សាចំនួនប្រាក់រៀលក្នុងទីផ្សារឱ្យនៅចំនួនមួយសមរម្យ មិនប៉ះពាល់ដល់អត្រាប្តូរប្រាក់។
ជាក់ស្តែង គិតត្រឹមដំណាច់ខែកញ្ញា ធនាគារជាតិបានបញ្ចេញលុយអស់១១០លានដុល្លារ មកដេញថ្លៃរួចហើយ ក្នុងការអន្តាគមន៍លើទីផ្សារអត្រាប្តូរប្រាក់ ដើម្បីរក្សាតម្លៃប្រាក់រៀល ពោលគឺចាប់ធ្វើឡើងតាំងពីថ្ងៃទី៦កញ្ញា ឆ្នាំ២០២៣មក។
ពាក់ព័ន្ធបញ្ហានេះ បើរាប់ទាំងការដាក់ឱ្យដេញថ្លៃថ្មីៗនេះទៀត ធនគារជាតិនឹងបញ្ចេញប្រាក់សរុប១៥០លានដុល្លារអាម៉េរិក គិតត្រឹមពេលជាងមួយខែមកនេះ។
សូមរំលឹកកថា រូបិយបណ្ណក្នុងតំបន់អាស៊ី កាលពីសប្តាហ៍មុនបានស្ថិតនៅក្រោមសម្ពាធរូបិយបណ្ណសកល ក្រោយពីអត្រាជួញដូរ និងអត្រាប្តូរប្រាក់ ស្ថិតនៅជិតកម្រិតទាបបំផុតមិនធ្លាប់មានសម្រាប់ឆ្នាំ២០២៣ ខណៈដែលអត្រាការប្រាក់កំពុងខ្ពស់ស្រាប់ទៅហើយ ទាំងក្នុង និងក្រៅប្រទេស ពូតផ្តុំគ្នាជាសម្ពាធមួយថ្មីទៀតលើសេដ្ឋកិច្ចក្នុងតំបន់។
ក្នុងនោះ រូបិយបណ្ណនៃប្រទេសធំៗមួយចំនួនសុទ្ធតែបានដាំក្បាលចុះ ដោយរួមមាន៖ ប្រាក់យ៉េនរបស់ជប៉ុន ប្រាក់វ៉ុនរបស់កូរ៉េ ប្រាក់បាតរបស់ថៃ និងប្រាក់យ័នរបស់ចិន។
ធនាគារពិភពលោកទើបបានកាត់បន្ថយការព្យាករកំណើនសេដ្ឋកិច្ចសម្រាប់ប្រទេសចិន នៅឆ្នាំក្រោយនេះ ខណៈដែលសេដ្ឋកិច្ចដ៏ធំបំផុតរបស់អាស៊ីមួយនេះ កំពុងតស៊ូនៅឡើយ ជាមួយនឹងវិបត្តិអចលនទ្រព្យ ដែលបានគំរាមកំហែងដល់ការរំពឹងទុកសម្រាប់សេដ្ឋកិច្ចរបស់ខ្លួន នឹងថែមទាំងបានអូសឱ្យប្រទេសក្នុងតំបន់ មានសន្ទុះទាបទៅតាមនេះ៕