អាកាសយានដ្ឋាន​អន្តរជាតិ សៀមរាប​អង្គរ  ​បាន​ប្រែក្លាយ​តំបន់​ដែល​ធ្លាប់​ជា​សមរភូមិ​ដ៏​ក្តៅគគុក មកជា តំបន់​អភិវឌ្ឍ​មួយ​ជាមួយ​អាកាសយានដ្ឋាន​អន្តរជាតិ​ទំនើប និង​ធំជាងគេ​នៅ​កម្ពុជា​

នៅក្នុង​ពេល​ចុះ​ពិនិត្យ​ការងារ​បញ្ចប់​នៃ​គម្រោង​សាងសង់ អាកាសយានដ្ឋាន​អន្តរជាតិ សៀមរាប​អង្គរ នៅ​ថ្ងៃ​ទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២៣ ឯកឧត្ដម តឹក​រ៉េត សំរេច រដ្ឋលេខាធិការ​ប្រចាំការ ក្រសួង​រៀបចំ ដែន ដី នគរូបនីយកម្ម និង​សំណង់ និង​ជា​ប្រធាន​គណៈកម្មការ តម្រង់ទិស សម្រាប់ ការសាងសង់ អាកាស​យាន ដ្ឋា​ន អន្តរជាតិ សៀមរាប​-​អង្គរ បាន​លើកឡើង​ថា ការងារ​របស់​គណៈកម្មកា​រ​នៅពេលនេះ គឺ​បាន​ចប់សព្វគ្រប់ ។  ​ថ្ងៃនេះ គឺជា​ការពិនិត្យ​បញ្ចប់​គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្ករ មុន​ការសម្ពោធ​ដាក់អោយ​ប្រើប្រាស់​ជា​ផ្លូវការ នៅ​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២៣ ខាងមុខ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ឯកឧត្តម​បាន​រំលឹកថា គម្រោង​ធំៗ​ចំនួន​ពីរ បានចាប់ផ្តើម​ចរចា ក្នុងពេល​ដំណាលគ្នា គឺ​គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ សៀមរាប​អង្គរ និង គម្រោង សាងសង​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ខេត្ត​ព្រះសីហនុ ប៉ុន្តែ​ដោយសារ​វិបត្តិ​ហិរញ្ញវត្ថុ​សកល ឆ្នាំ​២០០៨ គម្រោង​ទាំង​ពីរ​នេះ មិន​អាច​ធ្វើ​ដំណាលគ្នា​បាន​។ ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ កម្ពុជា​និង​ចិន បាន​ពិភាក្សា​និង​សម្រេច​ជ្រើសរើស​យក​ក្រុមហ៊ុន​ពី​ខេត្ត​យូ​ណាន ដើម្បី​អភិវឌ្ឍ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​ថ្មី​នេះ និង​បាន​ប្រគល់​ការងារ​សាងសង់​អោយ​គណៈកម្មការ​តម្រង់​ទិស ដែល​មាន​ឯកឧត្តម​ជា​ប្រធាន និង​ការងារ​ចរចា​សំណង​បិទ​អាកាសយានដ្ឋាន​សៀមរាប​ចាស់ ទៅ​គណៈកម្មការ​ចរចា​សំណង ដែលមាន ឯកឧត្តម ជា   វ៉ាន់ដេត ជា​ប្រធាន​។​

​ឯកឧត្តម​បាន​បន្តថា ទោះបីជា​ជួប​វិបត្តិ​សេដ្ឋកិច្ច ដោយសារ​ជំងឺ​កូវី​ដ​-១៩ និង​ផលវិបាក​ជាច្រើន​ក្នុង​ដំណើរការ​សាងសង់​ក៏ដោយ ក្រុម​ការងារ​ទាំងអស់​បាន​ពុះពារ ដោះស្រាយ​ជាមួយ​គ្នា រហូត​ទទួលបាន​ជោគជ័យ ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ និង​មាន​លទ្ធផល​ដូច​ថ្ងៃនេះ ហើយ​ទៅ​អនាគត យើង​មិន​ត្រឹមតែ មាន អាកាសយានដ្ឋាន​ខ្នាត​អន្តរជាតិ​នោះ​ទេ យើង​នឹង​មាន​ទីក្រុង​រណប​ទំនើ​ប​នៅ​តំបន់​ជុំវិញ​អាកាសយានដ្ឋាន ដែល​នឹង​ក្លាយទៅជា​តំបន់​ទ្រទ្រង់​សេដ្ឋកិច្ច​ដ៏​សំខាន់ ទាំង​ក្នុង​តំបន់ និង​សេដ្ឋកិច្ច​កម្ពុជា​ទាំងមូល ដែល​នេះ គឺជា​មោទកភាព​ដែល​បាន​កើតចេញ​ពី​ការខិតខំ​ប្រឹងប្រែង​របស់​យើងទាំងអស់គ្នា​។​

​ជាមួយគ្នានេះ លោក Lu Wie ប្រធាន​ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន AIAI ដែលជា​ក្រុមហ៊ុន​ទទួលបាន​សិទ្ធិ​អនុវត្ត​គម្រោង ក៏បាន​ថ្លែងអំណរគុណ​ដល់​គណៈកម្មកា​រ​តម្រង់ទិស និង​ក្រុម​ការងារ​ទាំងអស់ ដែល​បាន​ផ្តល់​ការគាំទ្រ និង​កិច្ចសហការ​គ្នា​បាន​យ៉ាង​ល្អ ដែល​ជំរុញ​ឱ្យ​គម្រោង​នេះ​សម្រេច​ជោគជ័យ និង​ស្នើសុំ​បន្ត​ការគាំទ្រ​លើ​គម្រោង​អភិវឌ្ឍន៍​ផ្សេង​ទៀត​នាពេលខាងមុខ​។​

​ឯកឧត្តម​បាន​គោរព​ថ្លែងអំណរគុណ​ដល់ សម្តេច​តេជោ ហ៊ុន សែន សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត សម្តេច វិបុល​បញ្ញា សុខ អាន សមាជិក សមាជិកា​នៃ​គណៈកម្មការ​តម្រង់ទិស និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ដែល​បាន​ផ្តល់​ការគាំទ្រ​យ៉ាង​ពេញទំហឹង​រហូត​ធ្វើអោយ​គម្រោង​សាងសង់​នេះ​ទទួលបាន​ជោគជ័យ​។ ជា​ចុង ក្រោយ ឯកឧត្តម​ប្រធាន បាន​ប្រកាស​អំពី​ភាព​ជោគជ័យ​នៃ​គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ សៀមរាប អង្គរ ដូច​បាន​ឃើញជាក់ស្តែង​ក្នុងថ្ងៃនេះ និង​ការបំពេញ​ចប់សព្វគ្រប់​នៃ​ភារកិច្ច​របស់​គណៈកម្មកា​រ​តម្រង់ទិស និង​គណៈកម្មការ​ចរចា​សំណង ហើយ​ការងារ​អនុវត្ត​បន្ត គឺ​ស្ថិត​ក្រោម​សមត្ថកិច្ច​របស់​រដ្ឋលេខាធិការដ្ឋា​នអាកាស​ច​រណ៍​ស៊ីវិល និង​ក្រុមហ៊ុន​ប្រតិបត្តិការ​អាកាសយានដ្ឋាន​៕