
ក្រុមការងារគ្រប់គ្រងនិស្សិតក្រៅប្រទេសប្រចាំសាធារណរដ្ឋប្រជាមានិតចិន បានទទួលស្វាគមន៍ និងពិភាក្សាការងារជាមួយគណៈប្រតិភូនៃសាកលវិទ្យាល័យ Tongji “ទីក្រុងសៀងហៃ” នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងអំឡុងទស្សនកិច្ចការងារនៅកម្ពុជា
ឯកឧត្តម ឡាវ វ៉ាន់ ប្រធានក្រុមការងារគ្រប់គ្រងនិស្សិតក្រៅប្រទេសប្រចាំសាធារណរដ្ឋប្រជាមានិតចិន នៃសមាគមសិស្ស-និស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) បានអញ្ជើញទទួលជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូនៃសាកលវិទ្យាល័យ Tongji ដឹកនាំដោយលោក CHEN Yili ប្រធានការិយាល័យនិស្សិតអន្តរជាតិ ក្នុងឱកាសដែលគណៈប្រតិភូនៃសាកលវិទ្យាល័យបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី០៧ ខែវិច្ចិកា ឆ្នាំ២០២៣ ។
មុនចាប់ផ្ដើមជំនួប គណៈប្រតិភូនៃសាកលវិទ្យាល័យក៏បានអញ្ជើញទៅទស្សនកិច្ចនៅទីស្នាក់ការ សមាគម អ.ម.ត ប្រកបដោយភាពស្និទ្ធស្នាល។ នៅក្នុងជំនួបពិភាក្សាការងារ ឯកឧត្តម ឡាវ វ៉ាន់ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងពាំនាំការថ្លែងអំណរគុណពីសំណាក់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានអចិន្ត្រៃយ៍សមាគម អ.ម.ត ដល់សាកលវិទ្យាល័យដែលបានបណ្ដុះបណ្ដាល និងយកចិត្តទុកដាក់ដល់និស្សិត អ.ម.ត និងនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅសាកលវិទ្យាល័យ Tongji។
លោក CHEN Yili បានបញ្ជាក់ថា ទស្សនកិច្ចនៅសមាគម អ.ម.ត លើកនេះ ធ្វើឡើងតាមការសន្យាដែលភាគីទាំងពីរបានឯកភាពគ្នាក្នុងឱកាសបេសកកម្មរបស់ ក្រុមការងារ អ.ម.ត ចិន នៅទីក្រុងសៀងហៃ កាលពីខែមីនា ឆ្នាំ២០២៣។
ភាគីទាំងពីរ បានឯកភាពបន្តកិច្ចសន្ទនាជិតស្និទ្ធ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងសមាគម អ.ម.ត និងសាកលវិទ្យាល័យ Tongji លើកិច្ចការអាហារូបករណ៍ និងកិច្ចការបណ្ដុះបណ្ដាលក្នុងវិស័យផ្សេងៗ ដែលជាតម្រូវការអាទិភាពរបស់កម្ពុជា ដើម្បីជាការចូលរួមចំណែកក្នុងការពង្រឹងមូលធនមនុស្ស និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា៕