ឯកឧត្តម ហេង សួរ បើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីដើម្បីធានាការគ្រប់គ្រង និងការអនុវត្តកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិលើក្រុមគោលដៅ១,៥លាននាក់
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃអាទិត្យ ទី១២ ខែវិច្ឆិកាឆ្នាំ២០២៣នេះ បានបើកវគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រង និងការអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារ ងាយ រងហានិភ័យ ដែល ប្រមុខរាជ រដ្ឋាភិបាល នឹង ប្រកាស ដាក់ ឱ្យដំណើរ ការអនុវត្តនៅថ្ងៃទី១៤ ខែវិច្ឆិកាខាងមុខនេះ។
វគ្គបណ្តុះបណ្តាលដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះ មានគោលបំណងពង្រឹងសមត្ថភាពថ្នាក់ដឹកនាំគ្រឹះស្ថានអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសលើការងារគ្រប់គ្រង និងការអនុវត្តប្រកបដោយ ប្រសិទ្ធភាពនូវកម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ឱ្យមានមូលដ្ឋានច្បាស់លាស់សម្រាប់ត្រៀមខ្លួនអនុវត្តកម្មវិធីបណ្តុះបណ្តាលដែលនឹងប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យតាមផែនការដែលបានគ្រោងទុក។
ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដល់មន្ត្រីចូលរួមថា កម្មវិធីនេះទទួលបានជោគជ័យ គឺត្រូវអនុវត្តឱ្យបាននូវបាវចនារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា “រៀនឱ្យចប់ រៀនឱ្យចេះ និងមានការងារធ្វើ” ដែលគ្រប់ភាគីទទួលដោយក្តីសោមនស្សទើបកម្មវិធីនៃការបណ្តុះបណ្តាលនេះទទួលបានជោគជ័យដោយពិតប្រាកដ។
សម្រាប់ឯកឧត្តមរដ្ឋមន្ត្រី ភាពទាក់ទាញនៃកម្មវិធីបណ្តុះបណ្តាល និងប្រសិទ្ធភាពរបស់លោកគ្រូ អ្នកគ្រូ និងគណៈគ្រប់គ្រងកម្មវិធី គឺជាកត្តាមិនអាចកាត់ផ្តាច់បានឡើយ។
គួរបញ្ចាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នា២០២៣នេះ នឹងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យដើម្បីផ្តល់ឱកាសឱ្យក្រុមគោលដៅមានជំនាញឆាប់រហ័ស និងឆាប់មានការងារសមរម្យក្នុងគោលបំណងលើកកម្ពស់ជីវភាពគ្រួសារ។
ដើម្បីអនុវត្តកម្មវិធីបណ្តុះបណ្តាលនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងនាមជាសេនាធិការជូនរាជរដ្ឋាភិបាល បានត្រៀមលក្ខណៈសម្បត្តិរួចរាល់ក្នុងការអនុវត្តកម្មវិធីដ៏ពិសិដ្ឋនេះ ដោយក្រសួង បានត្រៀមវិស័យសំខាន់ៗចំនួន១០ និងមុខជំនាញចំនួន៣៨ដែលសុទ្ធសឹងតែជាតម្រូវការទីផ្សារ និងមានឱកាសការងារខ្ពស់។
បន្ថែមពីនេះ ក្រសួង បានបើកវគ្គវិក្រឹត្យការបណ្តុះបណ្តាលគ្រូឧទ្ទេសរួចរាល់ហើយដើម្បីធានាពីប្រសិទ្ធភាពនៃការបណ្តុះបណ្តាលដែលចុះគោលដៅ ខ្លីខ្លឹម និងមាននិយាមរួម៕