​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​សម្រេច​នូវ​សមិទ្ធផល​ជា​ប្រវត្តិសាស្ត្រ​ជូន​ប្រជាជន​ខេត្ត​មណ្ឌលគិរី ឱ្យ​រួច​ចាក​ផុត​ពី​ការ​គម្រាម​ដោយសារ​មីន​

​ឯកឧត្តម​បណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បាន​លើកឡើង​ថា សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ផ្តល់​នូវ​អំណោយ​ជា​សមិទ្ធផល​សកម្មភាព​មីន​សម្រាប់​ចុងឆ្នាំ​២០២៣ ជូន​ដល់​ប្រជាជន​ខេត្ត​មណ្ឌលគិរី ឱ្យ​រួច​ចាក​ផុត​ពី​គំរាមកំហែង​ដោយ​សារ​មីន​។ នេះ​ជា​ការលើកឡើង នា​ព្រឹក​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៣ នៅ​សាលា​ខេត្តមណ្ឌលគិរី របស់ ឯកឧត្តម​ទេសរដ្ឋមន្ត្រី លី ធុជ ក្នុងនាម​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អបអរសាទរ​ការប្រកាស ខេត្ត​មណ្ឌលគិរី ជា​ខេត្ត​អស់​មីន​។​

​ឯកឧត្តម​បណ្ឌិត បាន​គូសបញ្ជាក់​បន្ថែមទៀតថា ខេត្ត​មណ្ឌលគិរី គឺជា​ខេត្ត​ទី​១៤ ប្រកាស​ជា​ខេត្ត​អស់​មីន ដែល​បាន​បោសសម្អាត​ចាប់ពី​ឆ្នាំ​២០០២ ដោយ​ប្រតិបត្តិ​ករ​ចំនួន​៣ រួមមាន មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព អង្គភាព​ស៊ីម៉ាក់ និង​អង្គការ​ម៉ែ​ក ក្នុង​ទំហំ​ផ្ទៃដី​ប្រមាណ​ជា ១៧.៨៨៦.៥៦៤ ម៉ែត្រក្រឡា ដោយ​មាន​ការគាំទ្រ​ពី​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ “​មូលនិធិ​កម្ពុជា​គ្មាន​មីន​ឆ្នាំ​២០២៥” ប្រទេស​ជា​មិត្ត និង​ដៃគូ​អភិវឌ្ឍន៍​។ នេះ​គឺជា​ស្នាដៃ​ប្រវត្តិសាស្ត្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត សម្រាប់​ប្រជាជន​ខេត្តមណ្ឌលគិរី​ទាំងមូល ឱ្យ​ទទួលបាន​នូវ​សេរីភាព​រួច​ចាក​ផុត​ពី​ការ​គំរាម​ដោយសារ​មីន​ដែល​ជា​មរតក​ពី​សង្គ្រាម ក្រោម​ម្លប់​សន្តិភាព​កើតចេញពី នយោបាយ ឈ្នះ ឈ្នះ របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី ដែល​បាន​ខិតខំ​ប្រឹងប្រែង​ពលី​ស្វែងរក​មក​យ៉ាង​លំបាក​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​បន្តទៀតថា ជាមួយនឹង​ផ្លែផ្កា​នៃ​សន្តិភាព ការងារ​បោសសម្អាត​មីន ពិតជា​បាន​រួមចំណែក​ធ្វើឱ្យ​មាន​ភាព​ខុសប្លែកគ្នា​យ៉ាងខ្លាំង​ចំពោះ​សុខ​សុវត្ថិភាព សន្តិសុខ និង​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា ដែល​កំពុង​រស់នៅ​ក្នុង​សហគមន៍​ដែល​រង​ផលប៉ះពាល់​ដោយសារ​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​បន្ត​លើកឡើង​អំពី​ភាព​ជោគជ័យ​នៃ​ការងារ​បោសសម្អាត​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​រយៈពេល​ជាង ៣០​ឆ្នាំ​នៅ​កម្ពុជា ដែល​រាជរដ្ឋាភិបាល​ចំណាយ​ថវិកា​អស់​ជាង ២០០ លាន​ដុល្លារ​អាមេរិក ដើម្បី​ធានា​សុខ​សុវត្ថិភាព និង​សុខក្សេមក្សាន្ត​ជូន​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​។

​ជាមួយនឹង​ភាពជោគជ័យ​នេះ កម្ពុជា នឹង​ទទួលបាន​នូវ​ការវាយតម្លៃ​ខ្ពស់​ពី​សហគមន៍​អន្តរជាតិ ហើយ​នៅ​ឆ្នាំ​២០២៤ ខាងមុខ កម្ពុជា មាន​កិតិ្ត​យស​ទទួល​ធ្វើ​ជា​ប្រធាន នៃ​អនុសញ្ញា​អូ​តា​វ៉ា ដោយ​សម្រេច​ជ្រើស​យក​ខេត្តសៀមរាប ជា​ទីកន្លែង​សម្រាប់​ធ្វើជា​ម្ចាស់ផ្ទះ​នៃ កិច្ចប្រជុំ​កំពូល​សៀមរាប​-​អង្គរ ស្តី​ពី​ពិភពលោក​មួយ​ដែល​គ្មាន​មីន ដែល​មាន​តំណាង​មក​ពី​រដ្ឋ​ភាគី និង​រដ្ឋ​អង្កេត​ការណ៍​ប្រមាណ​ជាង ២០០​ប្រទេស​ចូលរួម​។​

​ឯកឧត្តម​បាន​បន្ថែមទៀតថា ភាពជា​ម្ចាស់ផ្ទះ​របស់​កម្ពុជា នឹង​ធ្វើ​ឱ្យ​គណៈប្រតិភូ​មកពី​ជាង ២០០ ប្រទេស ផ្លាស់ប្តូរ​ផ្នត់គំនិត​អវិជ្ជមាន​ពី​កម្ពុជា ក៏ដូចជា​ក្លាយជា​ឯកអគ្គរដ្ឋទូត ផ្សព្វផ្សាយ​ដំណឹង​ល្អ និង​វិជ្ជមាន​ពី​កម្ពុជា ទៅកាន់​សកលលោក​៕​