រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​អគ្គនាយករង នៃ​អគ្គ​ស្ថានីយ៍​វិទ្យុ និង​ទូរទស្សន៍​មជ្ឈឹម​ចិន អញ្ជើញ​ធ្វើជា​សាក្សី​ក្នុង​ពិធី​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់ រវាង​អគ្គនាយកដ្ឋាន​ទូរទស្សន៍​ជាតិ​កម្ពុជា និង​បណ្តាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​CMG

ភ្នំពេញ​៖ ពិធី​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់ រវាង​ទូរទស្សន៍​ជាតិ​កម្ពុជា និង​បណ្តាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន CMG ត្រូវបាន​ធ្វើ​ពិធី​ចុះហត្ថលេខា​នៅ​រសៀល​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២៣ នា​ទីស្តីការ​ក្រសួង​ព័ត៌មាន ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​វត្តមាន ឯកឧត្តម Hu Jinjun អគ្គនាយករង នៃ​អគ្គ​ស្ថានីយ៍​វិទ្យុ និង​ទូរទស្សន៍​មជ្ឈឹម​ចិន​ ​ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា មានប្រសាសន៍ថា តាមរយៈ​កិច្ចសហប្រតិបត្តិកា​ររ​វាង​កម្ពុជា ចិន លើ​ផ្នែក​ព័ត៌មាន​នេះ គឺជា​ផ្នែក​មួយ​យ៉ាងសំខាន់​ក្នុង​ការផ្សព្វផ្សាយ​បន្ថែម​គំនិត​ផ្តួចផ្តើម ផ្លូវ និង​ខ្សែក្រវ៉ាត់ ដែល​មិនមែន​ត្រឹមតែ​ពង្រឹក​លើ​រចនាសម្ព័ន្ធ ប៉ុន្តែ​ពង្រឹង​ការទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន មិនមែន​ត្រឹមតែ​វិស័យ​ទេសចរណ៍ ការវិនិយោគ​ប៉ុណ្ណោះ​ទេ តែ​តាមរយៈ​ប្រពន្ធ័​ផ្សព្វផ្សាយ​ព័ត៌មាន​ដើរ​តូនាទី​សំខាន់ ដោយ​ក្រសួង​ព័ត៌មាន​កម្ពុជា បាន​នឹង​កំពុង​កសាង​ស្ថាប័ន​ដែល​មាន​ប្រសិទ្ធិភាព និង​គុណភាព សម្រាប់​ការផ្សព្វផ្សាយ​ព័ត៌មាន ដោយ​ក្រសួង​គ្រោង​បង្កើត​នូវ​វិទ្យាស្ថាន​ជាតិ​ព័ត៌មាន និង​ទំនាក់ទំនង​សាធារណៈ ។​

​កិច្ចសហប្រតិបត្តិការ​ជាមួយ​បណ្តាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន គឺជា​ផ្នែក​មួយ​នៃ​ការរួមចំណែក​ដើម្បី​សម្រេចបាន​នូវ​ចក្ខុវិស័យ និង​គោលបំណង​របស់​ក្រសួង​ព័ត៌មាន ក្នុង​ការធ្វើ​ទំនើបកម្ម​ស្ថាប័ន និង​កសាង​រដ្ឋបាល​ទំនើប​។​

​ឯកឧត្តម រដ្ឋមន្ត្រី ថ្លែងអំណរគុណ​ចំពោះ ឯកឧត្តម Hu Jinjun អគ្គនាយករង នៃ​អគ្គ​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​មជ្ឈឹម​ចិន បណ្តាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន និង​ក្រុមការងារ​ដែល​បានផ្តល់​កិច្ចសហប្រតិបត្តិការ​ជាមួយ​ទូរទស្សន៍​ជាតិ​កម្ពុជា ដែល​នេះ​ជា​ការរួមចំណែក​ដ៏​សំខាន់​របស់​ភាគី​មិត្ត​ចិន ក្នុង​ការគាំទ្រ​ដល់​ដំណើ​ការអភិវឌ្ឍ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា ស្របតាម​ទិសដៅ​យុទ្ធសាស្ត្រ ដែល​ខ្ញុំ​បាន​ដាក់ចេញ បន្ទាប់​ពី​ការចូល​កាន់តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន កាលពី​ខែ​សីហា កន្លងទៅនេះ ។​

​ឯកឧត្តម Hu Jinjun តំណាង​អគ្គនាយក China Media Group CMG បាន​គាំទ្រ​ចំពោះ​គំនិត​ផ្តួចផ្តើម និង​កិច្ចសហប្រតិបត្តិកា​រនា​នា​រវាង​ភាគី​ចិន និង​កម្ពុជា ពិសេស​កិច្ចសហការ​ការ​លើ​វិស័យ​ព័ត៌មាន ដែល​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុងការ​ធ្វើ​ទំនាក់ទំនង លើ​គ្រប់​វិស័យ​កាន់តែ​ល្អប្រសើរ​បន្ថែមទៀត ។​

CMG គឺជា​ប្រពន្ធ័​ផ្សព្វផ្សាយ​រដ្ឋ​របស់​ប្រទេស​ចិន ដែល​មាន​ទ្រង់ទ្រាយ​ធំជាងគេ និង​បាន​ផលិត​កម្មវិធី​ច្រើនជាងគេ​លើ​ពិភពលោក តាមរយៈ​ប្រពន្ធ័​ផ្សាយ CGTN និង CCTV ។ សម្រាប់​វិទ្យុ​មិត្តភាព​កម្ពុជា​-​ចិន គឺ​ជា​សាខា​ផ្សព្វផ្សាយ​ព័ត៌មាន និង​កម្មវិធី​នានា មកកាន់​ប្រទេស​កម្ពុជា តាមរយៈ CGTN ហើយ​ដំណើរ​ទំហំ​នៃ​ការផ្សាយ​របស់ CGTN មាន​ចំនួន ៦៨ ភាសា ដើម្បី​ផ្សាយ​ទៅកាន់​ពិភពលោក ។​

​អនុស្សរណៈ​នៃ​ការយោគយល់ រវាង​ទូរទស្សន៍​ជាតិ​កម្ពុជា និង​បណ្តាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន CMG ត្រូវបាន​ចុះហត្ថលេខា​ដោយ ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយក​ទូរទស្សន៍​ជាតិ​កម្ពុជា និង លោក Li Yi លោក Li Yi អគ្គនាយក អគ្គស្ថានី​វិទ្យុ និង​ទូរទស្សន៍​មជ្ឈឹម​ចិន ប្រចាំ​តំបន់​អាស៊ី​ប៉ា​ហ្វី ។​

​ក្រោម​កិច្ចសហប្រតិបត្តិការ​នេះ ទូរទស្សន៍​ជាតិ​កម្ពុជា នឹង​មាន​ការអភិវឌ្ឍ​ថែម​មួយកម្រិត​ទៀត ជាពិសេស​តាមរយៈ​កម្មវិធី​បណ្តុះបណ្តាល​មន្ត្រី​ជំនាញ អ្នកយក​ព័ត៌មាន អ្នកបច្ចេកទេស អ្នក​ផលិត​កម្មវិធី និង​បន្ថែម​លើ​នេះ​ទៀត គឺ​កិច្ចសហការ​អភិវឌ្ឍ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ពី​អាណា​ឡូ​ក​ទៅ​ឌីជីថល និង​ការផ្សាយ​ព័ត៌មាន​អន្តរជាតិ ជា​ភាសា​ខ្មែរ​តាមរយ​: China Global Television Network -CGTN​។​

​ក្រ​សួ​ព័ត៌មាន មាន​តួនាទី​គ្រប់គ្រង​ព័ត៌មាន និង​បណ្តាញ​ផ្សព្វផ្សាយ លើកកម្ពស់​និង​ពង្រឹង​ការគ្រប់គ្រង​លំហ​ព័ត៌មាន ពង្រីក​វិសាលភាព និង​ពង្រឹង​គុណភាព​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ជាតិ ស្រប​តាម​ការវិវត្ត​នៃ​បច្ចេកវិទ្យា​ព័ត៌មាន ដើម្បី​ផ្តល់ព័ត៌មាន​ពិត​ប្រកបដោយ​បុរេ​សកម្ម សកម្ម អន្តរ​សកម្ម ក្នុង​គោលបំណង​រួមចំណែក​ដល់​ការពង្រឹង​លទ្ធិប្រជាធិបតេយ្យ សន្តិភាព ស្ថេរភាព​នយោបាយ សន្តិសុខ​និង​សណ្តាប់ធ្នាប់​សង្គម និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​ប្រកបដោយ​សុខដុម​នីយកម្ម​។

​ក្រសួង​ព័ត៌មាន​បាន​សម្រួច​ទិសដៅ​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ និង​ការផ្តល់​សេវាកម្ម​ព័ត៌មាន ក្រោម​បរិបទ “​ថ្មី ពិត និង​ទូលំទូលាយ ប្រកប​ដោយ​ជំនឿ​ទុកចិត្ត​និង​វិជ្ជាជីវៈ ដើម្បី​ផ្សារភ្ជាប់​គ្រប់​មជ្ឈដ្ឋាន​” ៕