នាយ​ឧត្តមសេនីយ៍ សៅ សុខា អញ្ជើញ​បិទ​វគ្គ​បណ្ដុះបណ្ដាល​នាយទាហានរង​កងរាជអាវុធហត្ថ​ជំនាន់​ទី​៤៦ 

​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នៅ​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២៣​នេះ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល​នាយទាហានរង​កងរាជអាវុធហត្ថ​ជំនាន់​ទី​៤៦ នៅ​មជ្ឈមណ្ឌម​ហកវឹកហ្វឺន​ភ្នំ​ជុំ​សែន​រីករាយ​។​

​នាយ​ឧត្តមសេនីយ៍ សៅ សុខា សូម​វាយតម្លៃ​ខ្ពស់ និង​សូម​ថ្លែង​នូវ​ការកោតសរសើរ ជាមួយនិង​ការអបអរសាទរ​លទ្ធ​ផល​របស់​សិក្ខាកាម​ទាំងអស់ ដែល​បាន​ប្រឹងប្រែង​សកម្ម​យកចិត្តទុកដាក់​រៀនសូត្រ ខ្ញុំ​សង្ឃឹមថា ក្រោយពី​បញ្ចប់​វគ្គ​សិក្សា​នេះ​សិក្ខាកាម​ទាំងអស់ និង​យក​ចំណេះដឹង ទៅ​បម្រើ​ប្រជាជន ការពារ​ប្រទេស​ជាតិ ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ បង្ក្រាប​បទល្មើស ពង្រឹង​ការអនុវត្ត​ច្បាប់ បទបញ្ជា រួមចំណែក​កសាង​ព្រះរាជាណាចក្រ​កម្ពុជា ជា​ប្រទេស​នីតិរដ្ឋ​។​

​នាយ​ឧត្តមសេនីយ៍ សៅ សុខា ក៏​សូម​ធ្វើ​ការកត់សម្គាល់ ក្រើនរំលឹក ជូន​អង្គពិធី​ទាំងមូល​គប្បី ក្តាប់ជាប់​នូវ​ចំណុច​គោល​សំខាន់ៗ​ចំនួន​៩​គឺ​៖

១- រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧ នៃ​រដ្ឋសភា បាន​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​បញ្ច​កោ​ណ ដំណាក់កាល​ទី​១ ដោយ​កំណត់​យក​ការកែទម្រង់ និង​ការពង្រឹង​អភិបាលកិច្ច​ល្អ​ជា​ស្នូល​។ ក្នុងនោះ​រាជរដ្ឋាភិបាល បាន​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​នូវ​កម្មវិធី​នយោបាយ​អត្ថិភាព​ចំនួន ៦ ដែល​មាន​គោលដៅ​សំខាន់​គឺ ជួយ​ប្រជាជន ការពារ​សុខភាព ផ្តល់​ចំណេះដឹង បង្កើត​ការងារ យកចិត្តទុកដាក់​ជាពិសេស ជួយ​គ្រួសារ​ក្រីក្រ និង​ផ្តល់​ការគាំទ្រ​ដល់​ការអភិវឌ្ឍ ទីជនបទ តំបន់​ឆ្ងាយ​ដាច់​ស្រ​យ៉ាល​។​

​ដើម្បី​អនុវត្ត​បាន​នូវ​កម្មវិធី​នយោបាយ​អតិ្ថភាព​ខាងលើ ចាំបាច់​ប្រទេស​កម្ពុជា​ទាំងមូល​ត្រូវ​រក្សា​ឱ្យបាន​នូវ​សន្តិភាព មាន​សន្តិសុខ សណ្តាប់​ល្អ គ្មាន​បទល្មើស គ្មាន​ការប្រើប្រាស់​គ្រឿងញៀន គ្មាន​ក្មេង​ទំនើ​ង គ្មាន​ចលាចល និង​អំពើ​ហិង្សា ធ្វើដូច្នេះបាន ទើប​ទាក់ទាញ​បាន​អ្នក​ទេសចរណ៍ អ្នកវិនិយោគ​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​។​

២- ដោយឡែក​កងរាជអាវុធហត្ថ​ក៏​ត្រូវ​បន្ត​ធ្វើ​កំណែទម្រង់ ស្របតាម​បាវចនា​របស់​ខ្លួន​គឺ (​កសាង ហ្វឹកហ្វឺន និង​ប្រយុទ្ធ​) កន្លង​មក​កងរាជអាវុធហត្ថ​បាន​ធ្វើ​កំណែទម្រង់​ច្រើន​មកហើយ ដូចជា រចនា​សម្ពន្ធ ចាត់តាំង ក្រមខ័ណ្ឌ​ចាត់តាំង មធ្យោបាយ​គ្រឿង​បំពាក់ ការងារ​អប់រំ​បណ្តុះបណ្តាល ហ្វឹកហ្វឺន ជំនាញ​វិជ្ជាជីវៈ ការងារ​កសាង​អង្គភាព របៀបរបប​ធ្វើការ និង​ការដឹកនាំ គ្រប់គ្រង បញ្ជា ប៉ុន្តែ មិនទាន់​ស្រុះដៃ​ស្រុះ​ជើង​ស្មើៗ​គ្នា​នៅឡើយ​ទេ មាន​រាជធានី​-​ខេត្ត​ចំនួន ៩/២៥ មេបញ្ជាការ​បាន​ខ្នះខ្នែង​ប្រឹងប្រែង កសាង​អង្គភាព ចិញ្ចឹម​ទ័ព យកចិត្តទុកដាក់​កែលម្អរ​ការ​ស្លៀកពាក់​ឱ្យ​កម្លាំង​។ មាន​អ្នក​ចង់​កាន់តំណែង មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ច្រើន​គ្នា មុន​តែងតាំង​សកម្ម​ខ្នះខ្នែង​ធ្វើការ តែ​ពេល​ទទួលបាន​ការតែងតាំង​បែរ​ទៅ​ជា​ស្ពឹក​ស្រពន់ សោះអង្គើយ​ទៅវិញ ធ្វើ​ដូច្នេះ​មិន​ត្រឹមត្រូវ​ទេ​។

​ចំពោះ​កម្លាំង​ដែល​បំពេញ​ឱ្យ​ខេត្ត​ចំនួន ២៣ នាពេលនេះ គឺ​មិន​អនុញ្ញាត​ឱ្យ​ប្រើ​កម្លាំង​នេះ​ខុស​គោលដៅ​ទេ កម្លាំង​នេះ​ត្រូវ​ស្ថិត​ក្នុង​កងអនុសេនាធំ កងរាជអាវុធហត្ថ​ចល័ត​របស់​ខេត្ត​។​
៣- ស្នងការដ្ឋាន​ភស្តុភារ ការិយាល័យ​ហិរញ្ញវត្ថុ ត្រូវ​ផ្ទេរ​គោល​របប ប្រាក់បៀវត្ស ទៅ​ឱ្យ​ខេត្ត​ចាប់ពី​ខែ​វិច្ឆិកា​នេះ​ទៅ​។​

៤- មុខ​វិជ្ជា​ដែល​ត្រូវ​រៀន​សម្រាប់​កម្លាំង​នេះ មិនទាន់​ចប់​នៅឡើយ​ទេ កម្លាំង​នេះ​ត្រូវ​វិល​ត្រឡប់ មក​ហ្វឹកហ្វឺន​វិញ​តាម​កម្មវិធី​បណ្តុះបណ្តាល​កងរាជអាវុធហត្ថ​ចល័ត ដូចជា បើកបរ​រថយន្ត មុជ​ហែល ទឹក បង្ការ​ពន្លត់អគ្គីភ័យ ប្រយុទ្ធ​លើផ្ទះ​ខ្ពស់ៗ​ក្នុង​ទីក្រុង ការហ្វឹកហ្វឺន​ជំនាញ​ទាំង​នេះ​យើង​ប្រើប្រាស់​បាន​ទាំង​ការពារជាតិ ទាំង​ការពារ​សន្តិសុខ​ផ្ទៃក្នុង និង​សង្គ្រោះ​គ្រោះមហន្តរាយ​ផ្សេងៗ ដែល​កើតមានឡើង​ជា​យថាហេតុ​។ នៅពេល​ខាងមុខ​នេះ មាន​កម្មវិធី​ពីរ​ដែល​ត្រូវ​ប្រើ​កម្លាំង​នេះ នោះ​គឺ ការចូលរួម​ផែន​ឈរ​អបអរសាទរ​ខួប​លើក​ទី​២៥ ថ្ងៃ​បញ្ចប់សង្គ្រាម​តាមរយៈ​នយោបាយ​ឈ្នះ​ឈ្នះ និង​ការ​ប្រាព្ធ​ខួប​កងទ័ពជើងគោក​៕​