ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខ​តំណែង​លោក ឈាង ផាន់​ណា​រ៉ា ជា​ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ

​ខេត្តតាកែវ ៖ នៅ​ព្រឹក​ថ្ងៃ​ពុធ ៥​រោច ខែ​កត្តិក ឆ្នាំ​ឆ្លូវ ត្រី​ស័ក ពុទ្ធ​សករាជ ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​សាលប្រជុំ​អាគារ​ច្រកចេញចូល​តែ​មួយ​ខេត្ត​តាកែវ មាន​រៀបចំ​ពិធី​”​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខ​តំណែង​ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ ដោយ​លោក​ឧត្តមសេនីយ៍ទោ ឈាង ផាន់​ណា​រ៉ា ត្រូវបាន​រាជរដ្ឋាភិបាល​តម្លើង​តួនាទី​ជា​ស្នងការ ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ ជំនួស​លោក​ឧត្តមសេនីយ៍ទោ សុខ សំណាង ដែល​ត្រូវ​ទទួល​តួនាទី​ថ្មី ជា​អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​” ក្រោម​អធិបតីភាព​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​តាកែវ​។

​ក្នុងឱកាស​នោះ ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម លោកជំទាវ គណៈប្រតិភូ​អមដំណើរ ឯកឧត្តម​ប្រធាន​សាលាដំបូង​ខេត្ត ឯកឧត្តម​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត លោកស្នងការ​នគរបាល​ខេត្ត កណ្តាល កំពង់ស្ពឺ កំពត ព្រះសីហនុ លោក លោកស្រី​ប្រធាន​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំងបី​។

​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត អគ្គស្នងការ​នគរបាល​ជាតិ បាន​មានប្រសាសន៍​ណែនាំ ផ្តាំផ្ញើ​ក្នុង​ឱកាស​នោះ ទៅកាន់​លោក​ស្នងការ​ថ្មី ត្រូវ​ចេះ​រក្សា​សាមគ្គីភាព​ផ្ទៃក្នុង​ឲ្យបាន​ល្អ បន្ត​ការដឹកនាំ​អង្គភាព​ឲ្យមាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ ពង្រឹង​វិន័យ​កងកម្លាំង​នគរបាលជាតិ ពង្រឹងសមត្ថភាព​ជំនាញ​នគរបាល បន្ត​កិច្ច​ការពារ​ថែរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ សុវត្ថិភាព​សង្គម និង​ផ្តល់​សេវា​តម្រូវការ​សាធារណៈ​ឲ្យទាន់​ពេលវេលា និង​បាន​ធ្វើ​ការកោតសរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​កន្ល​ង​មក​របស់​លោក​ស្នងកា​រ​ចាស់ កាន់តំណែង​ជា​ស្នងការ​នគរបាល​ខេត្តតាកែវ អស់​រយៈពេល​៤​ឆ្នាំ ៤​ខែ ១៧​ថ្ងៃ លើ​ការងារ ថែរក្សា​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ សុវត្ថិភាព​សង្គម​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខេត្តតាកែវ​ទាំងមូល​ទទួលបាន​លទ្ធ​ផល​ល្អ​ប្រសើរ ការងារ​អនុវត្តន៍​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​តាម​អនុក្រឹត្យ​លេខ​៣៩ អ​.​ន​.​ក្រ .​បក​.​ចុះ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០២០​បានល្អ ការងារ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​ការរីក​រាលដាល​ជំងឺ​(​កូវី​ដ​-១៩) ការងារ​កិច្ចសហប្រតិបត្តិការ​រឹតបន្តឹង​ការ​ចេញ​ចូល​តាម​ខ្សែ​បន្ទាត់​ព្រំដែន​បានល្អ ការងារ​កសាង​អង្គភាព​មាន​ការរីកចម្រើន​គួរ​ឲ្យ​គាត់​សំគាល់​ព្រមទាំង​បានឧ​ត្ថ​ម្ភ​ថវិកា​មួយចំនួន ម៉ូតូ​ចំនួន ៤​គ្រឿង និង​សម្ភារៈ​ប្រើប្រាស់​បម្រើឲ្យ​ការងារ​ជំនាញ​មួយចំនួន​រួមមានៈ អាវកាក់​ចរាចរណ៍​ចំនួន ៥០​អាវ អាវកាក់​អន្តរាគមន៍​ចំនួន ៥០​អាវ ដំបង​ពិល​បញ្ជា​ចរាចរណ៍​ចំនួន ៥០ ។

​ពិធី​ប្រកាស​តែងតាំង​មុខតំណែង​ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ នាពេល​នេះ​ត្រូវបាន​ធ្វើឡើង​ដោយ​អនុវត្ត​តាម​វិធានការ​ក្រសួង​សុខាភិបាល​យ៉ាង​ម៉ត់ចត់ និង​ការធ្វើ​តេស្ត​រហ័ស​(Rapid Test)​សម្រាប់​សមាជិក សមាជិកា ដែល​បាន​ចូលរួម ស្របតាម​ប្រសាសន៍​របស់​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត អគ្គស្នងការ​នគរបាល​ជាតិ ដើម្បី​ចូលរួម​បង្ការ ទប់ស្កាត់​ការរីក​រាលដាល នៃ​ជំងឺ​កូវី​ដ​(COVID-១៩)៕