
ខ្មាន់កាំភ្លើងនៅនីហ្សេរីយ៉ា ចាប់ជំរិតប្រជាជនប្រហែល ១០០នាក់ ក្នុងការវាយប្រហារកាលពីចុងសប្តាហ៍
Reuters៖ កាលពីថ្ងៃចន្ទ អ្នកស្រុក និងនគរបាលបាននិយាយថា ខ្មាន់កាំភ្លើង បានចាប់ជំរិតមនុស្សប្រហែល ១០០នាក់ រួមទាំងស្ត្រី និងកុមារនៅក្នុងការវាយប្រហារចំនួន០២ កាលពីចុងសប្តាហ៍ពីរក្នុងរដ្ឋ Kaduna ប្រទេសនីហ្សេរីយ៉ា ។
ការចាប់ជំរិតដោយក្រុមឧក្រិដ្ឋជនទាមទារប្រាក់លោះបានកើតឡើងស្ទើរតែរាល់ថ្ងៃនៅក្នុងប្រទេស ជាពិសេស នៅភាគខាងជើង ដោយអាជ្ញាធរហាក់ដូចជាគ្មានអំណាចក្នុងការបញ្ឈប់ក្រុមទាំងនោះ។
កាលពីយប់ថ្ងៃអាទិត្យ អ្នកនាំពាក្យនគរបាល Kaduna លោក Mansur Hassan បានបញ្ជាក់អំពីឧប្បត្តិហេតុនៅក្នុងភូមិ Kajuru Station ប៉ុន្តែមិនអាចផ្តល់តួលេខអំពីអ្នកបាត់ខ្លួននោះទេ។ លោកបន្តថា ភ្នាក់ងារសន្តិសុខត្រូវបានដាក់ពង្រាយដើម្បីជួយសង្គ្រោះអ្នកភូមិ។
លោក Tanko Wada Sarkin ជាមេភូមិម្នាក់បាននិយាយថា មនុស្ស ៨៧នាក់ត្រូវបានចាប់ខ្លួន។
លោកបានប្រាប់សារព័ត៌មានរ៉យទ័រតាមទូរស័ព្ទថា “រហូតមកដល់ពេលនេះ យើងបានកត់ត្រាការវិល ត្រឡប់ ទៅលំនៅដ្ឋានរបស់មនុស្ស ០៥នាក់ ដែលបានភៀសខ្លួនឆ្លងកាត់ព្រៃ។ ការវាយប្រហារជាលើកទី៥ ដែលក្រុមចោរបានវាយប្រហារសហគមន៍នេះ”។
ប្រជាពលរដ្ឋបាននិយាយថា ក្រុមប្រដាប់អាវុធស្លៀកពាក់ឯកសណ្ឋានទាហាន បានមកដល់ភូមិដោយមិនបានដឹងមុន ព្រោះពួកគេបានចតម៉ូតូឆ្ងាយពីភូមិ៕