ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន អញ្ជើញ​ជា​អធិបតី “​វេទិកា​សារ​ធា​រណៈ​អ្នកសារព័ត៌មាន​” បញ្ហា​ប្រឈម​របស់​អ្នកសារព័ត៌មាន

វេទិកា​សារ​ធា​រណៈ​អ្នកសារព័ត៌មាន លើកឡើង​ពី​បញ្ហា​ប្រឈម​របស់​អ្នកសារព័ត៌មាន​នៅ​កម្ពុជា បាន​រៀបចំ​ធ្វើឡើង​ដោយ សមាគម​សារព័ត៌មាន អេឡិចត្រូនិច MSJ នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០២៤ នា​សាលចតុម្មុខ​មង្គល ទីស្តីការ​ក្រសួង​ព័ត៌មាន ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ។

“​វេទិកា​សារ​ធា​រណៈ​អ្នកសារព័ត៌មាន​” ក៏​មាន​វត្តមាន​អញ្ជើញ​ចូលរួម​ពី លោកជំទាវ ឌី ម៉ូ​ឡា​នី អគ្គលេខាធិការរង និង​ជា​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​, ឯកឧត្តម មាស សុខ​សេន​សាន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ​, ឯកឧត្តម ហេង សុផាន់​ណា​រិទ្ធ អគ្គនាយករង​បេឡា​ជាតិ​សន្តិសុខ​សង្គម និង​ជា​អ្នកនាំពាក្យ​រង នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។​

ចាងហ្វាង និពន្ធ​នាយក និពន្ធ​នាយករង និង​អ្នកសារព័ត៌មាន​មកពី​សមាគម​សារព័ត៌មាន ស្ថាប័ន​សារព័ត៎មាន​ផ្សេងៗ​ប្រមាណ​ជិត ៤០០​នាក់ បាន​អញ្ជើញ​ចូលរួម​ក្នុង​វេទិកា​សាធារណៈ​នេះ ។​

​លោក​បណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធាន​សមាគម​សារព័ត៌មាន អេឡិចត្រូនិច អឹម អេស ជេ “ បាន​ជម្រាបជូន​ថា វេទិកា​សារ​ធា​រណៈ​អ្នកសារព័ត៌មាន​”​ត្រូវបាន​រៀបចំឡើង ដើម្បី ស្វែងរក​ចំណុច​រួមមួយ​នៃ​ទំនាក់ទំនង​ព័ត៌មាន រវាង​អ្នកសារព័ត៌មាន ជាមួយនឹង​ស្ថាប័ន​ពាក់ព័ន្ធ​។

​វេទិកា​សារ​ធា​រណៈ​នេះដែរ នឹង​ផ្តល់​ឱកាស ជូន​អ្នកសារព័ត៌មាន​ក្នុង​ការផ្លាស់ប្តូរ​យោបល់ បទពិសោធ ក៏​ដូច​ជា​ការ​លើក​ជា​សំនួរ​ទៅកាន់ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន មន្ត្រី​ជំនាញ​ដែល​ត្រូវ​ផ្តល់ព័ត៌មាន ឬ​ឆ្លើយតប​ទៅកាន់​អ្នកសារព័ត៌មាន ពិសេស​ធ្វើ​ការតម្រង់​ទិស​ដល់​អ្នកសារព័ត៌មាន ៕