កម្ពុជា និង​កាតា ឯកភាព​គ្នា​បង្កើត​យន្ត​ការពិគ្រោះ​យោបល់​ទ្វេភាគី​រវាង​ក្រសួងការបរទេស​ទាំង​ពីរ​

​នៅ​ថ្ងៃ​ទី​០៨ ខែ​ឧសភា ឆ្នាំ​២០២៤ ឯកឧត្តម សុខ ចិន្តា​សោភា ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានអនុញ្ញាត​ជូន ឯកឧត្តម ខា​លី​ដ អា​លី អាប់​ឌុល​ឡា អា​ប៊ែល (Khalid Ali Abdullah Abel) ឯកអគ្គរាជទូត​នៃ​រដ្ឋ​កាតា​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​មាន​និវេសនដ្ឋាន​នៅ​ទីក្រុង​ហាណូយ ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​។​
​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី និង​ឯកឧត្តម​ឯកអគ្គរាជទូត បាន​សម្ដែង​នូវ​ការពេញចិត្ត​ចំពោះ​មិត្តភាព​យូរអង្វែង និង​កិច្ចសហប្រតិបត្តិការ​ដ៏​រឹងមាំ​រវាង​កម្ពុជា និង​កាតា ចាប់តាំងពី​ការបង្កើត​ទំនាក់ទំនង​ការទូត​នៅ​ឆ្នាំ​២០០៨ និង​បាន​បញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​ក្នុង​ការពង្រឹង​បន្ថែមទៀត​នូវ​ទំនាក់ទំនង​ទ្វេភាគី និង​ផ្ដល់​ការគាំទ្រ​គ្នា​នៅលើ​ឆាក​អន្តរជាតិ ដើម្បី​ជា​ប្រយោជន៍​រួម​សម្រាប់​ប្រទេស​ទាំង​ពីរ​។​

​បន្ថែម​ពី​នេះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី និង​ឯកឧត្តម​ឯកអគ្គរាជទូត ក៏​បាន​ឯកភាព​លើ​សារៈសំខាន់​នៃ​ការបង្កើត​យន្តការ​ពិគ្រោះ​យោបល់​ទ្វេភាគី​រវាង​ក្រសួងការបរទេស​ទាំង​ពីរ ដែល​វេទិកា​នេះ​នឹង​បម្រើ ជា​កម្លាំងចលករ​ប្រកបដោយ​ប្រសិទ្ធភាព​មួយ ក្នុង​ការស្វែងរក​មធ្យោបាយ​បន្ថែម​សម្រាប់​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​។​

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​សម្ដែង​នូវ​សោមនស្ស​ដោយស្មោះ និង​ទទួលយក​ការអញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​កាតា ពី​ឯកឧត្តម ហ្សេ​ក មហា​ម៉េដ ប៊ីន អាប់​ឌុល​រ៉ា​ហ្ស​ម៉ាន់ ប៊ីន ចាស​ស៊ីម អាល់​-​ថា​នី (Sheikh Mohammed bin Abdulrahman bin Jassim Al Thani) នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ការបរទេស​នៃ​រដ្ឋ​កាតា តាម​ពេលវេលា​សមស្រប​សម្រាប់​ភាគី​ទាំងពីរ នា​ពេល​ឆាប់ៗ​ខាងមុខ​៕​