![](http://www.bnnpostnews.com/wp-content/uploads/2024/08/photo_2024-08-01_10-26-21.jpg)
រដ្ឋមន្ត្រីក្រសួងបរិស្ថានសម្តែងនូវការដឹងគុណ និងអរគុណចំពោះមន្ត្រីឧទ្យានុរក្សគ្រប់រូប ដែលបានលះបង់ខ្ពស់ដើម្បីបុព្វហេតុបរិស្ថាន និងធនធានធម្មជាតិ
ខេត្តមណ្ឌលគិរី៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន អញ្ជើញជួបសំណេះសំណាលនិងសួរសុខទុក្ខថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី រួមទាំងគណៈប្រតិភូអមដំណើរ លោក ងិន សុវិមាន អភិបាលរងខេត្ត និងមន្ត្រីជំនាញជាច្រើនរូប ដែលប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍លើក ឡើងនូវការអបអរសាទរទិវាឧទ្យានុរក្សពិភពលោក ដែលត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី៣១ ខែកក្កដា ដើម្បីរំលឹកដល់វីរភាព ដ៏អង់អាចក្លាហាន របស់ឆ្មាំការពារព្រៃ ក្នុងបេសកកម្មការពារនិងអភិរក្សធនធានធម្មជាតិនិងបរិស្ថាននៅកម្ពុជា នៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ មន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី។
ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា នៅក្នុងអាណត្តិទី៧ នៃរដ្ឋសភា រាជ រដ្ឋាភិបាល បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ហើយតាមរយៈយុទ្ធសាស្ត្រនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំ និងចង្អុលបង្ហាញដល់ក្រសួងបរិស្ថាន ឱ្យរៀបចំឡើងនូវយុទ្ធសាស្ត្រចក្រា ដែលមានសរសរស្ដម្ភបី នោះគឺ ភាពស្អាត ភាពបៃតង និងចីរភាព។
ឯកឧត្តមរដ្ឋមន្ត្រីកោតសរសើ និងថ្លែងអំណរគុណដល់មន្ត្រីគ្រប់លំដាប់ថ្នាក់នៃមន្ទីរបរិស្ថានខេត្ត និងអាជ្ញាធរខេត្តមណ្ឌលគិរី ដែលបានជំរុញ និងលើកទឹកចិត្ត ក្នុងការកៀរគរការចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និងយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដែលជាការរួមចំណែកធ្វើឱ្យយុទ្ធនាការទាំងពីរនេះទទួលបានការគាំទ្រ និងជោគជ័យ។
ឯកឧត្តម រដ្ឋមន្ត្រី បានជំរុញដល់មន្ត្រីក្រសួងបរិស្ថាន សហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដៃគូពាក់ព័ន្ធ ដើម្បីប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន ជាពិសេស សម្អាតថង់ប្លាស្ទិក ដើម្បីលើកកម្ពស់សុខភាពល្អ និងអាចទាក់ទាញភ្ញៀវទេសចរណ៍ ចូលមកទស្សនានៅប្រទេសកម្ពុជា។
ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរីសំដែងនូវការស្វាគមន៍ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងបរិស្ថាន ព្រមទាំង គណៈប្រតិភូទាំងអស់នាពេលនេះ គឺពិតជាមានសារៈសំខាន់ណាស់ ដែលបានបង្ហាញឱ្យឃើញកាន់តែច្បាស់អំពីកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ថ្នាក់ដឹកនាំ នៃក្រសួងបរិស្ថាន ចំពោះការចូលរួមក្នុងយុទ្ធនាការកាត់ បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកមន្ត្រីរាជការ នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី។
លោក ឌិន ប៊ុនធឿន ប្រធានស្ដីទីនៃមន្ទីរបរិស្ថានខេត្ត មណ្ឌលគិរី ឲ្យដឹងថា ខេត្តមណ្ឌលគិរី មានដែនជម្រក សត្វព្រៃមានចំនួន៥ គឺ ដែនជម្រកសត្វព្រៃកែវសីមា, ដែនជម្រកសត្វព្រៃភ្នំព្រេច,ដែនជម្រកសត្វព្រៃស្រែពក ដែនជម្រកសត្វព្រៃភ្នំណាមលៀ និងដែនជម្រកសត្វព្រៃលំផាត់ ដែលមានផ្ទៃដីសរុប ១.០៦៨.៤៩០ហិកតា។
លោកបញ្ជាក់ថា ក្នុងឆ្នាំ២០២៤ មន្ទីរបរិស្ថានបានដាំកូន ឈើចំនួន៩ប្រភេទ នៅតំបន់ដាំស្តារតំបន់អភិរក្ស តំបន់ចីរភាព សហគមន៍ តាមផ្លូវសាធារណៈ និងបានផ្ដល់ជូនរដ្ឋបាលខេត្ត ស្រុក អង្គភាពនានាក្នុង ខេត្ត សាលារៀន និងប្រជាពលរដ្ឋ សរុបចំនួន៣៩.៣៤៨ដើម។
នាឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានផ្តល់សម្ភារៈល្បាត ដល់មន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ដើម្បីយកទៅប្រើប្រាស់ផងដែរ៕