សិក្ខាកាម​ជា​មន្ត្រីរាជការ នៃ​ក្រសួង​ព័ត៌មាន​កម្ពុជា ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​”​ការធ្វើ​បរិវត្ត​កម្ម​ឌីជីថល​សារព័ត៌មាន​”​នៅ​ប្រទេស​វៀតណាម​

សិក្ខាកាម​ជា​មន្ត្រីរាជការ នៃ​ក្រសួង​ព័ត៌មាន​កម្ពុជា ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​«​ការធ្វើ​បរិវត្ត​កម្ម​ឌីជីថល​សារព័ត៌មាន​» នៅ​ប្រទេស​វៀតណាម​ ​សិក្ខាកាម​ជា​មន្ត្រីរាជការ នៃ​ក្រសួង​ព័ត៌មាន​កម្ពុជា ចំនួន​២០​នាក់ ដឹកនាំ​ដោយ ឯកឧត្តម សំបូរ វណ្ណា​រិទ្ធ អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​«​ការធ្វើ​បរិវត្ត​កម្ម​ឌីជីថល​សារព័ត៌មាន​» នៅ​ទីក្រុង​ហូ​ជី​ង​មីង នៃ​ប្រទេស​វៀតណាម ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​២៦ រហូត​ដល់​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០២៤ ។​

​ក្នុងឱកាស​បើក​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​«​ការធ្វើ​បរិវត្ត​កម្ម​ឌីជីថល​សារព័ត៌មាន​» នៅ​ថ្ងៃ​ទី​២៦ ខែសីហា​ឯកឧត្តម សំបូរ វណ្ណា​រិទ្ធ អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​  ​បាន​ថ្លែងថា នេះ​គឹជា​លើក​ទី​៦​ហើយ បើ​គិត​ចាប់តាំងពី​ឆ្នាំ​២០១៧​មក ដែល​ក្រសួង​ព័ត៌មាន​និង​គមនាគមន៍​វៀតណាម បានរៀបចំ​វគ្គ​បណ្តុះបណ្តាល​ដល់​មន្ត្រី​ជំនាញ និង​អ្នកបច្ចេកទេស របស់​ក្រសួង​ព័ត៌មាន​កម្ពុជា​។

​ឯកឧត្ដម​បានបញ្ជាក់​ថា វគ្គ​បណ្តុះបណ្តាល​នាពេលនេះ នឹង ផ្តល់​នូវ​ឱកាស​សម្រាប់​មន្ដ្រី​ជំនាញ​កម្ពុជា ក្នុង​ការស្វែងយល់​និង​កែប្រែ​ឥរិយាបទ​ការងារ​ក្នុង​ស្ថាប័ន​របស់​ខ្លួន និង​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​គន្លឹះ​ក្នុង​ការរៀបចំ​ការ​ផែនការ​សកម្មភាព​ការងារ​របស់​អង្គភាព​ខ្លួន​ក្នុង​បរិបទ​នៃ​ការប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល​ប្រកបដោយ​ប្រសិទ្ធិភាព និង​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​។

​ឯកឧត្តម បាន​ថ្លែង​បញ្ជាក់ថា វគ្គ​បណ្តុះបណ្តាល​នេះ នឹង​បំពាក់បំប៉ន​សិក្ខាកាម​កម្ពុជា​នូវ​ជំនាញ និង​ការយល់ដឹង​ចាំបាច់​មិន​ត្រឹមតែ​បច្ចេកទេស​ឌីជីថល​តែប៉ុណ្ណោះ​ទេ​វា​ថែមទាំង​បណ្តុះ​ស្មារតី​  ​សាម​គី​ភាព​ការងារ ដែល​ជា​ស្នូល​សំខាន់​នៃ​ការរួមចំណែក​ដល់​ការអភិវឌ្ឍ​ជាតិ​។​

​ឯកឧត្តម សំបូរ វណ្ណា​រិទ្ធ បាន​ថ្លែងអំណរគុណ​ដល់ រដ្ឋាភិបាល​នៃ​សា​ធាណ​រដ្ឋ​សង្គមនិយម វៀតណាម ក៏ដូចជា​ក្រសួង​ព័ត៌មាន និង​គមនាគមន៍​វៀតណាម ដែល​បាន​ចូលរួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការអភិវឌ្ឍន៍​វិស័យ​ព័ត៌មាន​នៅ​កម្ពុជា ដោយ បាន​គាំទ្រ ទាំង​សម្ភារៈ​បច្ចេកទេស និង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​ដល់​កម្ពុជា នាពេលនេះ ក៏ដូចជា​ពេល​កន្លងមក​។​

​គួរបញ្ជាក់​ថា វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​«​ការធ្វើ​បរិវត្ត​កម្ម​ឌីជីថល​សារព័ត៌មាន​»​នេះ គឺ​មាន​គោលបំណង​ក្នុង​ការកសាង​បណ្តា​ស្ថាប័ន​សារព័ត៌មាន ប្រកប​ដោយ​មនុស្សធម៌ និង​ទំនើប បំពេញ​បេសកកម្ម​ផ្សព្វផ្សាយ និង​ឃោសនា​ឱ្យបាន​ល្អ ដើម្បី​បម្រើ​បុព្វហេតុ​បដិវត្តន៍​របស់​បក្ស និង​បុព្វហេតុ​នវានុវត្តន៍​របស់​ប្រទេសជាតិ ធានា​នូវ​តួនាទី​ដឹកនាំ និង​បង្តើត​មតិ​សាធារណៈ​ដ៏​ត្រឹមត្រូ​វ​និង​វិជ្ជមាន រក្សា​អធិបតេយ្យភាព​ព័ត៌មាន​នៅ​ក្នុង internet ជំរុញ​ការអភិវឌ្ឍ​នៃ​ឧស្សាហកម្ម​មាតិកា​ឌីជីថល​៕​