សមាគម​អតីតយុទ្ធជន​កម្ពុជា និង​សហព័ន្ធ​អតីតយុទ្ធជន​ឡាវ​ចុះ​កិច្ចព្រមព្រៀង​ស្តីពី កិច្ច​សហប្រតិបត្តិការ​សម្រាប់​ឆ្នាំ​២០២៤-២០២៩

​ដើម្បី​ពង្រឹង​មិត្តភាព និង​កិច្ចសហប្រតិបត្តិកា​ររ​វាង​សមាគម​អតីតយុទ្ធជន​កម្ពុជា និង​សហព័ន្ធ អតីតយុទ្ធជន​ឡាវ​សម្រាប់​ឆ្នាំ​២០២៤-២០២៩ ឱ្យ​កាន់តែ​រឹងមាំ ស៊ីជម្រៅ និង​ធ្វើការ​យ៉ាង​ជិតស្និត ជាមួយ​គ្នា​ប្រកបដោយ​ការទទួលខុសត្រូវ សាមគ្គី​ជា​ធ្លុង​មួយ សម្រេច​បាន​សមិទ្ធផល​ថ្មីៗ​ទៀត​លើ​វិស័យ​អតីតយុទ្ធជន និង​គ្រួសារ​អតីតយុទ្ធជន​រងគ្រោះ​ដោយសារ​សង្គ្រាម ព្រមទាំង​បន្ត​សកម្មភាព​ឱ្យ​កាន់តែ​ផុសផុល​ថែមទៀត​ក្នុង​ការជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​គ្រួសារ​អតីតយុទ្ធជន ដើម្បី​ជា​ការ​តបស្នង​ចំពោះ​វីរភាព​ដ៏​អង់អាច​ក្លាហាន ហ៊ាន​ពុះពារ​ជម្នះ​គ្រប់​ឧបសគ្គ​របស់​អតីតយុទ្ធជន ក្នុង​បុព្វហេតុ​ជាតិ និង​ប្រជាជន​ឱ្យ​មាន​សេរីភាព សុខសន្តិភាព និង​ការអភិវឌ្ឍ នា​រសៀល​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០២៤ សមាគម​អតីតយុទ្ធជន​ប្រទេស​ទាំង​ពីរ​បាន​ធ្វើ​ការចុះ​កិច្ចព្រមព្រៀង​ស្តីពី​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​នៅ​ទីស្នាក់ការ​កណ្តាល​សមាគម​អតីតយុទ្ធជន​កម្ពុជា ក្នុង​ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល រវាង​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ កិត្តិ​សង្គហ​បណ្ឌិត គន់ គីម ទេស​រដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស អនុប្រធាន និង​ជា​អគ្គលេខាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា និង​ឯកឧត្តម ឧត្តមសេនីយ៍ឯក សេង​នួន សាយ៉ា​ឡាត ប្រធាន​សហព័ន្ធ​អតីតយុទ្ធជន​ឡាវ​។​

​ក្នុង​ឱកាស​នេះ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ កិត្តិ​សង្គហ​បណ្ឌិត គន់ គីម មានប្រសាសន៍ថា កាលពីដើម​ខែ​ធ្នូ ឆ្នាំ​២០២៤ កន្លង​ទៅ​ថ្មីៗ​នេះ ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​របស់​ឯកឧត្តម​បណ្ឌិ​ត សន​សៃ ស៊ី​ផាន់​ដន នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ឡាវ ហើយ​តាមរយៈ​ការជួបពិភាក្សា​ការងារ​ជាមួយ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រមុខ​រដ្ឋាភិបាល​ទាំងពីរ​បាន​លើកទឹកចិត្ត​ឱ្យ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​នៃ​ប្រទេស​ទាំង​ពីរ​បន្ត​ជំរុញ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​រឹងមាំ​និង​ជិតស្និទ​ថែម​ទៀត​។​

​ដូចនេះ ការចុះ​កិច្ចព្រមព្រៀង​ស្តីពី​កិច្ចសហប្រតិបត្តិកា​ររ​វាង​សមាគម​អតីតយុទ្ធជន​កម្ពុជា និង​សហព័ន្ធ​អតីតយុទ្ធជន​ឡាវ​នាពេលនេះ ពិតជា​ធ្វើ​ឡើង​ស្រប​តាម​គោលការណ៍​ណែនាំ​របស់​ប្រមុខ​រដ្ឋាភិបាល​ទាំងពីរ​។​

​ដោយឡែក ឯកឧត្តម ឧត្តមសេនីយ៍ឯក សេង​នួន សាយ៉ា​ឡាត បាន​សម្តែង​ក្តីសង្ឃឹម​យ៉ាង​មុតមាំ​ថា កិច្ចព្រមព្រៀង​ស្តីពី​កិច្ចសហប្រតិបត្តិកា​ររ​វាង​សហព័ន្ធ​អតីតយុទ្ធជន​ឡាវ និង​សមាគម​អតីតយុទ្ធជន​កម្ពុជា​នា​ពេល​នេះ​នឹង​បន្ត​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​មិត្តភាព កិច្ចសហប្រតិបត្តិការ​រវាង​សមាគម​អតីតយុទ្ធជន​នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ឡាវ ឱ្យ​កាន់តែ​ស្អិតល្មួត ស៊ីជម្រៅ និង​មាន​ប្រសិទ្ធិភាព​ខ្ពស់ ដើម្បី​រួមចំណែក​ក្នុង​ការពង្រឹង និង​បង្កើន​ទំនាក់ទំនង​មិត្តភាព​ជា​ប្រពៃណី​អ្នកជិតខាង​ល្អ ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​គង់វង្ស​យូរអង្វែង​រវាង​ប្រទេស​ទាំង​ពីរ​៕